អេស៊ីលីដា ផ្សព្វផ្សាយ​ពី​ការលក់​មូលបត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​ដល់​វិនិយោគិន​កូរ៉េ​

94

ភ្នំពេញ៖ ក្រុម​វិនិយោគិន​កូរ៉េ​ប្រមាណ​៥០​នាក់ បាន​ចាប់អារម្មណ៍ និង​ចូលរួម​ស្ដាប់​នូវ​បទ​បង្ហាញ​និង​ការ​ផ្សព្វផ្សាយ​ការ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​របស់​ធនាគារ អេស៊ីលីដា ភី​អ៊ិ​ល​ស៊ី ដើម្បី​អាច​សម្រេចចិត្ត​ដាក់​ទុន​វិនិយោគ​ជាមួយ​អេស៊ីលីដា ក្នុង​ពេល​ធនាគារ​បោះផ្សាយ​លក់​ជា​ផ្លូវការ​នូវ​មូល​ប​ត្រ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​ឆាប់ៗ​ខាងមុខ​។

​​លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន ក្រោយ​ចប់​សិក្ខាសាលា​ផ្សព្វផ្សាយ​ពី​ការ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ កាលពី​ល្ងាច​ថ្ងៃ​ទី​១៩ កុម្ភៈ ២០២០​កន្លងទៅ​ថា សិក្ខាសាលា​បែបនេះ​មិន​មែនជា​លើក​ទី​១​ទេ គឺ​បាន​ធ្វើឡើង​ចំនួន ៤​លើក​មក​ហើយ តែ​កន្លងមក​គឺ​សម្រាប់​ប្រជាជន​កម្ពុជា ដោយ​សំដៅ​លើ​ទៅលើ​ការ​បោះ​ផ្សាយ​សម្រាប់​សាធារណៈជន​។

ដោយឡែក​លើក​នេះ ធ្វើឡើង​សម្រាប់​ក្រុមហ៊ុន​ដែល​ចាប់អារម្មណ៍ ​ក្នុងនោះ ​កូរ៉េ​ជា​វិនិយោគិន​មាន​សក្ដានុពល​មួយ​សម្រាប់​អេស៊ីលីដា ដែល​ត្រូវការដៃ​គូរ​វិនិយោគ​។ លោក​បន្តថា ផ្សា​រមូល​ប​ត្រ​មិនមែន​មានតែ​មួយថ្ងៃ ឬ​មិនមែន​សម្រាប់​តែ​ក្រុម​ណាមួយ​ទេ គឺជា​ទីផ្សារ​សេរី​ដែល​ដាក់​លក់​ជាប្រចាំ​ថ្ងៃ និង​សម្រាប់​សាធារណៈជន​ដែលមាន​លុយ​អាច​ទិញ​បាន​។ តែ​សម្រាប់​អេស៊ីលីដា បាន​ផ្ដោតទៅលើ​ប្រជាជន​កម្ពុជា​ជា​អាទិភាព ជាក់ស្ដែង​សិក្ខាសាលា​កន្លងមក​សម្រាប់​ប្រជាជន​កម្ពុជា ហើយ​ទើបតែ​លើក​នេះ​គឺ​សម្រាប់​វិនិយោគិន​បរទេស​។​

​​លោក Chang Moo Shin ប្រធាន​សមាគម​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ នៅ​កម្ពុជា បាន​បញ្ជាក់ថា ភ្ញៀវ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ខាងលើនេះ មកពី​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​កូរ៉េ​នៅ​កម្ពុជា និង​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ​ផ្ទាល់​តែម្ដង​។

លោក​ឲ្យ​ដឹង​ទៀតថា កូរ៉េ​ជា​វិនិយោគិន​ដែលមាន​បទពិសោធន៍​ក្នុងការ​វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ​ ដូច្នេះហើយ ទើប​យើង​អញ្ជើញ​ពួកគាត់​មក​កម្ពុជា ដើម្បី​បាន​ស្វែងយល់​ពី​សក្ដានុពល​វិនិយោគ​លើ​វិស័យ​មូល​ប​ត្រ​ក្នុងប្រទេស​កម្ពុជា ហើយក៏​ចង់​ផ្ដល់​ឱកាស​វិនិយោគ​ដល់​វិនិយោគិន​មកពី​កូរ៉េ ក្នុង​វិស័យ​ហិរញ្ញវត្ថុ ក្នុងប្រទេស​កម្ពុជា​ផងដែរ ។

អេស៊ីលីដា ភី​អ៊ិ​ល​ស៊ី ជា​ធនាគារ​ទីមួយ​ដែល​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បោះផ្សាយ​លក់​មូល​ប​ត្រ​កម្មសិទ្ធិ​ជា​សាធារណៈ​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា​។ ប្រជាជន​និង​វិនិយោគិន​ក្នុង​និង​ក្រៅប្រទេស ហាក់​មានការ​ចាប់អារម្មណ៍ និង​ត្រៀមខ្លួន​វិនិយោគ​ជាមួយ​ធនាគារ​អេស៊ីលីដា នៅពេលដែល​ធនាគារ​នេះ ចាប់ផ្ដើម​បោះផ្សាយ​លក់​មូល​ប​ត្រក​កម្មសិទ្ធិ​ជា​សាធារណៈ​ជា​ផ្លូវការ​៕​