កម្ពុជា​ចាប់​ផ្តើម​សាងសង់​មណ្ឌល​យុវនីតិសម្បទា ​ដើម្បី​អប់រំ​បណ្ដុះបណ្ដាល​អនីតិជន​ទំនាស់​ច្បាប់​

173

ភ្នំពេញ៖ ក្រសួង​សង្គមកិច្ច ជា​សេនាធិការ​រាជរដ្ឋាភិបាល បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់ មណ្ឌល​យុវនីតិសម្បទា ដើម្បី​បង្វែរ​អនីតិជន អាយុ​ក្រោម​១៨​ឆ្នាំ ដែល​ទំនាស់​នឹង​ច្បាប់ ចេញពី​ពន្ធនាគារ ឱ្យ​រស់នៅ​ដាច់ដោយឡែក ទទួល​បាន​ការអប់រំ បណ្ដុះបណ្ដាល​នៅ​ក្នុង​មណ្ឌល​នេះ​។​

មណ្ឌល​យុវនីតិសម្បទា​សម្រាប់​អនីតិជន​ទំនាស់​ច្បាប់​នេះ បាន​ចាប់ផ្ដើម​បើក​ការដ្ឋាន​សាងសង់​នា​ព្រឹក​ថ្ងៃទី ២០ ខែកុម្ភៈ​ឆ្នាំ ២០២០ ដែលមាន​ទីតាំង​ស្ថិតក្នុង​ឃុំ បា​គូ ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល ដោយ​ទីតាំង​មណ្ឌល​ថ្មី​នេះ មាន​ទំហំ​ជាង ៤​ហិកតា​។​

ក្នុង​ឱកាស​បើក​ការដ្ឋាន​សាងសង់ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច បាន​លើកឡើងថា ការបង្កើត​មណ្ឌល​យុវនីតិសម្បទា​សម្រាប់​អនីតិជន​ទំនាស់​ច្បាប់​នេះ ធ្វើឡើង​ដើម្បី​គាំទ្រ​ដល់​ច្បាប់​ស្ដីពី យុត្តិធម៌​អនីតិជន ដែល​ប្រកាស​ដាក់ឱ្យអនុវត្ត​កាលពី​ឆ្នាំ ២០១៦​កន្លងទៅ​។

ឯកឧត្តម​បញ្ជាក់ថា​ក្រោយពី​ការសាងសង់​រួច ជន​ទំនាស់​ច្បាប់​អាយុ​ក្រោម ១៨​ឆ្នាំ ដែល​នៅ​ពន្ធនាគារ នឹងត្រូវ​បញ្ជូន​មក​មក​ស្នាក់នៅ​ដាច់ដោយឡែក​ក្នុង​មណ្ឌល​ថ្មី​នេះ ដើម្បី​ទទួល​ការអប់រំ និង​ការ​បណ្ដុះបណ្ដាល​ជំនាញ​ផ្សេងៗ​។​

តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក ឌី​ន បូរី​ប្រធាន​នាយកដ្ឋាន យុវនីតិសម្បទា​នៃ​ក្រសួង​សង្គមកិច្ច បានបញ្ជាក់​ប្រាប់​បន្ថែម​ថា ជន​ទំនាស់​ច្បាប់​អាយុ​ក្រោម ១៨​ឆ្នាំ អាច​ស្នាក់នៅ​ទទួល​ការអប់រំ ការបណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុង​មណ្ឌល​ថ្មី​នេះ​រហូតដល់​ពួកគេ​មាន​អាយុ ២៤​ឆ្នាំ​។ លោក​បន្តថា ក្នុងករណី​ជនណាម្នាក់​ត្រូវ​បន្ត​ទោស​បន្ថែម​នៅពេល​រូបគេ មាន​អាយុ​លើសពី ២៤​ឆ្នាំ នោះ​មណ្ឌល​នឹងធ្វើ​ការបញ្ជូន​គេ​ចេញទៅ​បន្ត​ទោស​នៅ​ពន្ធនាគារ​វិញ​។​

សម្រាប់​មណ្ឌល​ថ្មី​នេះ នឹង​ចំណាយពេល ១២ ខែ​ក្នុង​ការសាងសង់ ដោយ​រាប់បញ្ចូល​ទាំង ការជួសជុល​អាគារ​ដែលមាន​ស្រាប់ និង ការកសាង​អាគារ​ថ្មី។ មណ្ឌល​នេះ​បែង​ចែកជា​កន្លែង​ស្នាក់នៅ​របស់​អនីតិជន ជា​ទណ្ឌិត ជា​កុមារា និង ជា​កុមារី អាគារ​សម្រាប់​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ បណ្ណាល័យ អាគារ​សម្រាប់​គោរព​ជំនឿ​សាសនា សិល្បៈ វប្បធម៌ កីឡា លំហែ​កម្សាន្ត រោង​ចម្អិន​អាហារ និង រោង​សម្រាប់​ទទួលទាន​អាហារ ។​

លើសពីនោះ​ទៅ ក៏មាន​អាគារ​ការិយាល័យ អាគារ​ស្នាក់នៅ​រប​ស់​បុ​គ្គ​លិ​ក កន្លែង​ហាត់ប្រាណ និង សួនច្បារ​ផងដែរ ។ នេះ​បើតាម​របាយការណ៍​រប​ស់​ឯកឧត្តម តូច ចាន់នី អគ្គនាយក​បច្ចេកទេស នៃ ក្រសួង​សង្គមកិច្ច​ដែលជា​អ្នកទទួលបន្ទុក​ដឹកនាំ​សម្របសម្រួល​ប្រតិបត្តិការ​ការងារ​នេះ​៕​