មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវការ​២០០​កំប្លោក ក្នុង​១​ថ្ងៃ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​

173

ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត លី សុ​វិ​ទ្យ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បាន​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ត្រូវការ​ឈាម ២០០​កំប្លោក ជា​មធ្យម​ក្នុង​មួយថ្ងៃ ខណៈ​តម្រូវការ​ឈាម ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស មិនទាន់​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង នៅឡើយ​នោះទេ​។​

ការ​បញ្ជាក់​បែបនេះ របស់​លោក​វេជ្ជបណ្ឌិត លី សុ​វិ​ទ្យ បាន​ធ្វើឡើង​នៅ​ក្នុង​ឱកាស​ដែល ក្រសួងការពារជាតិ និង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​រៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ «​ផ្តល់​ឈាម ផ្តល់​ក្តី​ស្រឡាញ់​» កាលពី​ព្រឹក​ថ្ងៃទី​២០​ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រោម​វត្តមាន​លោកជំទាវ ដាំ ដា​រី​នី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ ដោយមាន​ការចូលរួម ពី​សំណាក់ នាយទាហាន នាយទាហានរង និង​ពល​ល​ទាហាន ប្រមាណ​៣៥០​នាក់ នៅ​សាកលវិទ្យាល័យ​ការពារជាតិ​។​

លោក​វេជ្ជបណ្ឌិត លី សុ​វិ​ទ្យ អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម នៃ​ក្រសួងសុខាភិបាល បាន​អោយ​ដឹងថា ជា​រៀងរាល់ថ្ងៃ មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ត្រូវការ​ឈាម​ជា​មធ្យម​២០០​កំប្លោក​ជាប្រចាំ ដែល​ជា​តម្រូវការ​ខ្ពស់ ក្នុង​ការ​ជួយ​អាយុ​ជីវិត​មនុស្ស​។​

លោក​វេជ្ជបណ្ឌិត​សង្ឃឹមថា ប្រសិនបើ​បណ្តា​ក្រសួង ស្ថាន​ប័ន​ព្រមទាំង​បណ្តា​អង្គភាព​នានា រៀបចំ​ឱ្យ​មាន​កម្មវិធី​បរិច្ចាគ​ឈាម​ញឹកញាប់ សង្ឃឹមថា​នឹង​អាច​ទប់ទល់​បាន សម្រាប់​ជនរងគ្រោះ​ទាំង​ឡាយណា ដែល​ត្រូវការ​ឈាម ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​របស់​ពួកគាត់​។

​​លោកជំទាវ ដាំ ដា​រី​នី រដ្ឋលេខាធិការ​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ថា ការ​បរិច្ចាគ​ឈាមមាន​អត្ថប្រយោជន៍​ខ្លាំងណាស់​ដល់​សង្គម​។ ជាពិសេស​ការចូលរួម​របស់ បងប្អូន​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ​ថ្ងៃនេះ ក្រៅពី​ការងារ​ស្នូល ដែលជា​កម្លាំង​ដ៏​មុត​ស្រួច​ក្នុង​កិច្ច​ការពារជាតិ និង​កសាង​មាតុភូមិ បងប្អូន​បាន​ចូលរួម ក្នុងការ​បរិច្ចាគ​ឈាម​ដែល​កើតឡើង ពី​ការស្ម័គ្រចិត្ត​ពិតប្រាកដ របស់​បងប្អូន​ប្រកបដោយ​មនុស្ស​ធ៌​ម​។

​​លោកជំទាវ​បន្តថា ​អំណោយ​ឈាម​របស់​បងប្អូន​ក្នុងថ្ងៃនេះ គឺអាច​ជួយសង្គ្រោះ​ដល់​ជីវិត អ្នកជំងឺ បាន​ទាន់​ពេលវេលា ជាពិសេស​អ្នកជំងឺ​ដែល​ត្រូវការ​ឈាម​ជា​ចាំបាច់ ដូចជា​ជំងឺ​ទាក់ទិន​នឹង ការហូរ​ឈាម តាម​ប្រដាប់​រំលាយ​អាហារ ការវះកាត់ ជំងឺ​បេះដូង គ្រោះថ្នាក់​ចរាចរណ៍ ការហូរ​ឈាម​មិន​ប្រក្រតី​នៅមុន​និង​ក្រោយពេល​សំរាលកូន ជំងឺ​ខ្សោយ​តំរង់​នោម និង​ការព្យាបាល​ថែទាំ ជំងឺមហារីក​ជាដើម​៕​