ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា គ្រោង​បង្កើត​កម្មវិធី​ទទួល​ពាក្យ​បណ្តឹង​តាម​ប្រព័ន្ធ​អន​ឡាញ​

158

ភ្នំពេញ៖ អ្នកនាំពាក្យ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ឱ្យដឹងថា ឆ្នាំ​២០២០ នេះ ក្រសួង​មាន​ផែនការ​គ្រោង​នឹង​បង្កើត​ការទទួល​ពាក្យបណ្តឹង​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ទទួល​ពាក្យ បណ្តឹង របស់​ប្រជាពលរដ្ឋ ក្រៅ​ប្រព័ន្ធតុលាការ​។​

​​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល នៅ​ថ្ងៃទី​២០ ខែ កុម្ភៈ នេះ ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង អធិការកិច្ច ឯកឧត្តម ណុប ចាន់ណា​រិន្ទ អ្នកនាំពាក្យ​ក្រសួង បាន​បញ្ជាក់ថា ដោយសារតែ​បច្ចុប្បន្ន ការទទួល​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ដែល​បាន​បញ្ជូន​មក​ក្រសួង មាន​ចំនួន​ច្រើន ទើប​ក្រសួង​ទំនាក់ ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច សម្រេច​រៀបចំ​ផែនការ​បង្កើត​ការទ​ទួល​ពាក្យបណ្តឹង តាម ប្រព័ន្ធ​អន​ឡាញ ស្របពេល​ឆ្នាំ​២០១៩​កន្លងទៅ យោងតាម​របាយការណ៍​របស់​ក្រសួង បាន​បង្ហាញថា បណ្តឹង​ចំនួន​ប្រមាណ​ជាង​២០០ ត្រូវបាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​។​

ឯកឧត្តម ណុប ចាន់ណា​រិន្ទ បាន​បញ្ជាក់ថា គម្រោង នៃ​ការបង្កើត​ការទទួល​ពាក្យបណ្តឹង តាម ប្រព័ន្ធ​អន​ឡាញ​នេះ នឹង​រំពឹង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០២០​នេះ ខណៈដែល​បច្ចុប្បន្ន បណ្តឹង​ភាគច្រើន របស់​ប្រជាពលរដ្ឋ គឺជា​បណ្តឹងវិវាទ​ដីធ្លី​។​

អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​ទៀតថា ការដាក់ចេញ​នូវ​វិធានការ​ទិសដៅ​ថ្មីៗ សម្រាប់​អនុវត្ត​បន្ត ក្នុង​ឆ្នាំ​២០២០ ដើម្បី​បំពេញការងារ​ជូន​រាជរដ្ឋាភិបាល និង​បម្រើប្រជាជន លើ​វិស័យ​ការងារ​ទំនាក់ទំនង សម្របសម្រួល​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា ការងារ​ផ្សព្វផ្សាយ​ច្បាប់ ការងារ​អធិការកិច្ច ការទទួល និង​ដោះ ស្រាយ​បណ្តឹង​នានា សំដៅ​រួមចំណែក​ពង្រឹង​អភិបាលកិច្ច​ល្អ ដែលជា​ឧ​ត្ត​ម​ប្រយោជន៍​របស់​សង្គមជាតិ​។​

សន្និសីទ​សារព័ត៌មាន ស្ដីពី​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ របស់​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ សភា ព្រឹទ្ធសភា និង​អធិការកិច្ច ដែល​ធ្វើឡើង គឺ​ដើម្បី​បង្ហាញ​សាធារណជន ឱ្យបាន​យល់ច្បាស់​ពីស​កម្ម ភាព សមិទ្ធផល និង​ទិសដៅ​ការងារ​បន្ដ​របស់​ក្រសួង ក្នុងទិសដៅ​ស្នូល​ជំរុញ​គោលនយោបាយ អភិបាល កិច្ច​ល្អ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ដ្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជ​រដ្ឋា​ភិបាល​៕​