សម្តេច​តេ​ជោ ហ៊ុន សែន ព្រមាន​ដក​គណៈ​អភិបាល​រាជធានី ខេត្ត​ណា​ដែល​មិន​ចូលរួម​ប្រជុំ​ក្រុមប្រឹក្សាភិបាល​

281

ភ្នំពេញ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ឱកាស​អញ្ជើញ​ជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​ត្រួតពិនិត្យ​ការងារ​ឆ្នាំ​២០១៩ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួងមហាផ្ទៃ​នៅ​ទីស្ដីការក្រសួង​នា​រសៀល​ថ្ងៃ​ទី​២០​កុម្ភៈ​នេះ ​បាន​ព្រមាន​ដក​អភិបាល​រាជធានី ខេត្ត​ណា​ដែល​មិន​ចូល​ប្រជុំ​ក្រុមប្រឹក្សា​រហូតដល់​៣​ដង នឹង​ដក ចេញពី​ដំណែង​តែម្តង​ព្រោះថា កន្លងមក​មាន​ជំងឺ​ដែល​នាំអោយ​មានការ​បែកបាក់​។​

ជាមួយនឹង​ការកោតសរសើរ​ដោយ​វាយតម្លៃ​ពី​ការខិតខំ​របស់​ស្ថាប័ន​មាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​ក្នុង​កន្លងមក សម្តេច​ក៏​យក​ឱកាស​នេះ​លើកឡើងថា​កន្លងមក​ស​ម្តេច​បានទទួល​ព័ត៌មាន​ថា​មាន​ការមិនចុះសម្រុង​ការងារ​គ្នា​រវាង​គ​ណះ​អភិបាល និង​ក្រុមប្រឹក្សាភិបាល​ខ្លះ​ដោយ​មិន​ចូលប្រជុំ​ជាមួយគ្នា នោះទេ​ដែល​បញ្ហា​បែបនេះ​នាំទៅដល់​ការបែកបាក់​ដូច្នេះ​សម្តេច​ក៏​ព្រមាន​ថា​នឹង​ដក​គណៈ​អភិបាល​រាជធានី​ខេត្ត​ណា​ដែល​មិន​ចូលប្រជុំ​ក្រុមប្រឹក្សា​ចំនួន ០៣​ដង​។​

​​ទោះជា​យ៉ាងណាក៏ដោយ​សម្តេច​ក៏បាន​បញ្ជាក់​ផងដែរ​ថា​ការនិយាយ​បែបនេះ​មិន​បានសេចក្តីថា ផ្ដល់​សិទ្ធិអំណាច​ឲ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល​កំណត់ ពេលវេលា​ប្រជុំ​ដែល​គណ​:​អភិបាលខេត្ត​ឬ​រាជធានី​ជាប់​ភារកិច្ច​នៅក្រៅ​ប្រទេស​ហើយ​យក​លេស​ថា​មិនបាន​ចូលរួម​ប្រជុំ​នោះទេ​។​

សម្ដេច​ហាម​ដាច់ខាត ពេល​ប្រជុំ ក្រុមប្រឹក្សា ហាម​អវត្តមាន គណៈ​អភិបាល​ព្រោះ​គណៈ​អភិបាល​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​ត្រូវធ្វើ​គ​នេ​យ្យ​ភាពជា​មួយក្រុម​ប្រឹក្សា ហើយ​ការព្រមាន​បែបនេះ​មិនមែន​សំដៅ​តែ​ទៅលើ​គណៈ​អភិបាល​រាជធានី​ខេត្ត​នោះទេ ស្រុក​ក៏​ដូចគ្នា​ដែរ​។

​សម្តេច​ថា ​ក្រុមប្រឹក្សា​នេះ ​គឺ​ប្រៀប​ដូច​សភា​ខេត្ត សភា​ស្រុក សភា​ខណ្ឌ ហើយ​ជាពិសេស​ប្រធាន​ក្រុមប្រឹក្សា​និង​ប្រធាន​ខេត្ត​ធ្វើជា​សហប្រធាន​ក្នុងការ​ពិគ្រោះ​កិច្ចការ​ចាំបាច់​នានា ឬ​អាច​ដឹក​ដៃ​គ្នា​ចូលប្រជុំ​ពីរ​នាក់ មុន​នឹងដាក់​ការប្រជុំ​ទៅក្នុង​របៀប​វរ​:​ហើយ​ធ្វើការ​បែបនេះ​បាន​ទើប​មាន​សាមគ្គីភាព​។​បើ​មិន​ដូច្នោះ​ទេ​អស់លោក​នឹង​កើតមាន​ជំងឺ​បែកបាក់​។​

ទាក់ទង​នឹង​ការងាររដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នេះដែរ ស​ម្ដេចក៏​ព្រមាន​មិន​ឲ្យ​មន្ត្រី​ថ្នាក់ជាតិ​ចុះទៅ​ដណ្ដើម​តំណែង​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នោះទេ ដូចជា​ចៅហ្វាយខេត្ត​ក្រុង ឬ អភិបាលរង​ខេត្ត​ក្រុង​ជាដើម​៕