វិញ្ញាសា​ដែល​មាន​អ្នក​ចូល​រួម​តិច​ជាង​ ៥​នាក់ ក្រសួង​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​ក្នុង​កីឡា​ជាតិ​លើក​ទី​៣ ​នោះ​ទេ​

91
រូបតំណាង

កីឡា​ជាតិ​៖ ព្រឹត្តិការណ៍​នៃ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ​ដែល​នឹង​ទៅ​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃ​ទី​៤ ​ដល់​ថ្ងៃ​ទី​១៥ ខែ​ឧសភា​ឆ្នាំ​២០២០ ជា​ព្រឹត្តិការណ៍​រៀបចំឡើង​ ដើម្បី​តម្រង់​ទិសដៅ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ ខណៈ​ដែល​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បង្កើន​ចំនួន​ប្រភេទ​កីឡា​រហូតដល់​ទៅ​ ៣០​ប្រភេទក្រោយ​សម្រេច​ថែម ៣​ប្រភេទ​កីឡា​ទៀត​គឺ​ម៉ូតូ​ទឹក, អុក និង​កីឡា​ជិះ​សេះ​។

ឯកឧត្ដម ព្រុំ ប៊ុណ្ណ​យី ទីប្រឹក្សា​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឲ្យ​ដឹង​ថា សហព័ន្ធ​កីឡា​ជាតិ​ទាំង ៣០​ឲ្យ​ត្រៀម​លក្ខណៈ​ឲ្យ​គ្រប់គ្រាន់ ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ឆ្នាំ​២០២០​ ដែល​នឹង​មកដល់​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​គ្រប់​វិញ្ញាសា​ទាំងអស់​របស់​សហព័ន្ធ​កីឡា​ជាតិ​ ត្រូវ​តែ​មាន​យ៉ាង​តិច​ ៥​នាក់​តំណាង​ឲ្យ​រាជធានី​ខេត្តក្រុង​របស់​ពួកគេ​មក​ចូលរួមទើប​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ ប្រសិន​បើ​មានតែ​៣ ឬ​ ៤ រាជធានី​ខេត្តក្រុង​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​ជា​នោះ​ទេ​។​ ឯកឧត្ដម​បាន​បន្ត​ថា ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​១ ឆ្នាំ​២០១៦ មាន​ប្រភេទ​កីឡា​ចំនួន ​១៥​ប្រភេទ​កីឡា និង​វិញ្ញាសា​មាន​ចំនួន ១៨៩ មកពី​រាជធានី​-​ខេត្ត​ចំនួន​២៥ ដោយមាន​មន្ត្រី​ដឹកនាំ និង​គ្រូ​បង្វឹក មាន​ចំនួន ៥៣១​នាក់ កីឡាករ​ចំនួន ១៤៩៧នាក់ កីឡា​ការិនី​មាន​ចំ​នួន ៦០៩នាក់ សរុប​ចំនួន ២៦៣៧​នាក់​។​ ចំណែក​កីឡា​ជាតិ​លើក​ទី​២ ឆ្នាំ​២០១៨ មាន​ប្រភេទ​កីឡា​ចំនួន​២៧ វិញ្ញាសា​មាន​ចំនួន ២៧៤ រាជធានី​ខេត្ត ២៥ និង ​៣​ក្រសួង​គឺ​ក្រសួងការពារជាតិ មហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ មន្ត្រី​ដឹកនាំ និង​គ្រូ​បង្វឹក​មាន​ចំនួន ៧៥៩​នាក់ កីឡាករ​ចំនួន ២២៨៤​នាក់ កីឡា​ការិនី​មាន​ចំនួន ៩៩៩នាក់​សរុប​ចំនួន ២៦៣៧នាក់​។

ការប្រកួត​កីឡា​ជាតិ​លើក​ទី​២​ មាន​រហូតដល់ ២៧​ប្រភេទ​កីឡា ដូច្នេះ​ក្រុម​គណៈកម្មការ​ត្រូវ​ជ្រើស​រើស​យក​ទីលាន​ចំនួន​ ៤​ខេត្ត​-​រាជធានី​រៀបចំ​ធ្វើគឺ​រាជធានី​ភ្នំពេញ ខេត្ត​កែប កំពត និង​​កំពង់ធំ។​ ចំពោះ​កីឡា​ជាតិ​លើក​ទី​៣ មាន​កីឡា​ទាំង ៣០​ប្រភេទ​ត្រូវ​ដាក់​ប្រកួត​ក្នុង​នោះ​រួមមាន​៖ កីឡា​បាល់​ទាត់​, បាល់ទះ​, បាល់បោះ​, អត្តពលកម្ម​, ប៉េតង់​, វាយ​សី​, វាយ​កូន​បាល់​, វាយ​កូនឃ្លី​លើ​តុ​, ចំបាប់​, តេ​ក្វាន់​ដូ W.T.F របស់​កូរ៉េខាងត្បូង​, ហែល​ទឹក​, ល្បុក្កតោ​, កាយសម្ព័ន្ធ​, ប្រដាល់​សាកល​, ហ្សូ​រិ​ន​ជី​កាំ​ប៉ូ និង តេ​ក្វាន់​ដូ I.T.F របស់​កូរ៉េខាងជើង​,​កា​រ៉ា​តេ​ដូ​, ប្រដាល់​គុន​ខ្មែរ​, យូ​ដូ​, ទ្រី​យ៉ា​ត្លុង​, សូ​ហ្វ​តិ​ន្នី​ស​, បេ​ស្ប​ល​, ប្រណាំង​កង់​, សីដក់​, កីឡា​បាញ់​កាំភ្លើង និង វ៉ូ​វី​ណា​ម, ម៉ូតូ​ទឹក, អុក និង​ជិះ​សេះ​​៕