ក្រុម​ហ៊ុន​អាកាស​ចរណ៍​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​ប្រឈម​នឹង​ការ​ខាត​បង់​ប្រាក់​ចំណូល ២៧.៨​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​វិបត្តិ​ជំងឺ​ COVID-19

89

អាស៊ី​ប៉ាស៊ីហ្វិក៖ សមាគម​ពាណិជ្ជកម្ម​ដឹកជញ្ជូន​ តាម​អាកាស​អន្តរជាតិ​ហៅ​កាត់​ថា ​IATA​ បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ក្រុមហ៊ុន​អាកាសចរណ៍​ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ប្រឈម​នឹង​ ការខាតបង់​ប្រាក់ចំណូល​សរុប​ចំនួន ២៧,៨​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំនេះ​ ដោយសារ​វិបត្តិ​ជំងឺឆ្លង​ COVID-19 ដែល​កំពុង​កើតមាន​។​

គណៈកម្មការ​ពាណិជ្ជកម្ម​បាន​និយាយ​ នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ​ការ​ប៉ាន់​ប្រមាណ​នេះ​ផ្អែក​លើ​ការ​ព្យាករ​ពី​ការ​ធ្លាក់​ចុះ ១៣%​ ពេញ​មួយ​ឆ្នាំ ​នៃ​តម្រូវការ​អ្នកដំណើរ​ដែល​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិន​។​ លោក Alexandre de Juniac នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន IATA បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា នេះ​គឺជា​ឆ្នាំ​ដ៏​លំបាក​បំផុត​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​។ ការ​បញ្ឈប់​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ គឺជា​ចំណុច​អាទិភាព​ចម្បង។ ​ក្រុមហ៊ុន IATA បាន​និយាយ​ថា ​ការ​ប៉ាន់​ស្មាន​របស់​ខ្លួន​សន្មត​ថា​ ជំងឺ COVID-19 មាន​ស្ថានភាព​ដូច​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្លូវ​ដង្ហើម​សារ ដែល​បាន​ផ្ទុះឡើង​ជិត ​២ទសវត្ស​កន្លងទៅ ​ដែល​បាន​រីកសាយ​ក្នុង​រយៈពេល​រង្វង់ ​៦​ខែ​ជាមួយ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ ក្រោយមក​ក៏​ស្ដារ​ស្ថានភាព​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​ផង​ដែរ​៕

អត្ថបទ៖ សុខ​មាន