កូរ៉េខាងត្បូង​រាយ​ការណ៍​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​ COVID-19 ៥២​ករណី​ ដែល​នាំ​ឲ្យ​ចំនួន​សរុប​ឡើង​ដល់ ​១៥៦​នាក់ ខណៈ​បុរស​ម្នាក់​បាន​ស្លាប់​​

126

កូរ៉េខាងត្បូង​៖ ប្រទេស​កូរ៉េខាងត្បូង​បាន​រាយការណ៍​ការ​ឆ្លង​ថ្មី​នៃ​ជំងឺ​ COVID-19 ចំនួន​ ៥២​ករណី​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​នាំ​ឲ្យ​ចំនួន​សរុប​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ ១៥៦​នាក់ភាគច្រើន​នៅ​ក្នុង​ទីក្រុង​ដេ​ហ្គូ ដែល​ជា​ទីក្រុង​ធំ​បំផុត​ទី​៤​ របស់​ប្រទេស​នេះ។ មជ្ឈមណ្ឌល​គ្រប់​គ្រង​ជំងឺ​ និង​បង្ការ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា ​បុរស​ជនជាតិ​កូរ៉េខាងត្បូង​ម្នាក់ ដែល​ត្រូវ​គេ​ជឿ​ថា​មាន​វ័យ​ប្រហែល ​៦៣​ឆ្នាំ​បាន​បាត់បង់​ជីវិត​ នៅ​មន្ទីរពេទ្យ​មួយ​ក្បែរ​ទីក្រុង​នេះ​កាលពី​ថ្ងៃ​ពុធ ​និង​បាន​បាត់​បង់ជីវិត​ ក្រោយពេល​ធ្វើតេស្ត​រក​ឃើញ​ផ្ទុក​ជំងឺ​នេះ​។​

កូរ៉េខាងត្បូង​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ប្រកាស​ដាក់​ទីក្រុង​ដេ​ហ្គូ ​(Daegu)​ ភាគ​អាគ្នេយ៍​ និង​តំបន់​ជុំវិញ​ជា​តំបន់​គ្រប់​គ្រង​ពិសេស​ បន្ទាប់ពី​ការ​កញ្ជ្រោល​ឡើង​ករណី​ឆ្លង​ជំងឺ ដែល​ក្រុម​មន្ត្រី​ទីក្រុង​នេះ​និយាយ​ថា ​គំរាមកំហែង​ដល់​ប្រព័ន្ធ​សុខភាព​របស់​តំបន់​នេះ។​ លោក​នាយក​រដ្ឋមន្ត្រី ជុង ​សេ​ក្យុ​ន បាន​និយាយ​ថា ​រដ្ឋាភិបាល​នឹង​ផ្ដោត​លើ​ការ​គាំទ្រ​របស់​ខ្លួន ចំពោះ​តំបន់​នេះ​ដើម្បី​កាត់បន្ថយ​កង្វះខាត​គ្រែ​អ្នកជំងឺ​ បុគ្គលិក​វេជ្ជសាស្ត្រ និង​បរិក្ខារ​ពេទ្យ​ជាដើម​។ កាលពី​ថ្ងៃ​ព្រហស្បតិ៍​អភិបាលក្រុង​ដេ​ហ្គូ​ លោក ​ខ្វុ​ន​ យ៉ុង​ជីន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ក្នុង​ទីក្រុង​នេះ​ដែល​មាន​ចំនួន​ ២,៥​លាន​នាក់​ស្នាក់នៅ​ក្នុង​ផ្ទះ ​និង​ពាក់​ម៉ាស់​សូម្បីតែ​នៅ​ក្នុង​ផ្ទះ​ក៏ដោយ ​ប្រសិនបើ​អាច​៕

អត្ថបទ៖ សុខ​មាន