អ្នក​ការទូត​អាស៊ាន​កោត​សរសើរ​ការ​ដោះ​ស្រាយ​ការ​ផ្ទុះ​ជំងឺ​ COVID-19​ របស់​ប្រទេស​ចិន​

140

អាស៊ាន៖ ប្រមុខ​ការទូត​នៅ​អាស៊ីអាគ្នេយ៍​បាន​កោតសរសើរ​ ការ​ដោះ​ស្រាយ​របស់​ប្រទេស​ចិន​ចំពោះ​ការ​ផ្ទុះ​ជំងឺ​នេះ ហើយ​បាន​សន្យា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​នឹង​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ដែល​បាន​ផ្ទុះ​ក្នុង​ទីក្រុង​ភាគ​កណ្ដាល​ប្រទេស​ចិន​ និង​រីក​រាលដាល​នៅ​ក្នុង​តំបន់​ និង​ជុំវិញ​ពិភពលោក​។​ រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក ​វ៉ាង​ យី ​បាន​គូស​បញ្ជាក់​ពី​ជំហាន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ​ដែល​ប្រទេស​របស់​លោក​បាន​អនុវត្តដើម្បី​ទប់ស្កាត់​ការ​ផ្ទុះ​ជំងឺ​រយៈពេល ២​ខែ​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​ ជាមួយ​សម​ភាគី​អាស៊ីអាគ្នេយ៍​របស់​លោក​។

លោក​បាន​ចង្អុល​បង្ហាញ​ពី​សញ្ញា​ដែល​ថា ​ការ​ផ្ទុះ​ជំងឺ​អាច​នឹង​ចាប់ផ្ដើម​ធូរស្រាល​។​ ប្រទេស​ឡាវ​ដែល​ជា​សម្ព័ន្ធ​មិត្ត​ជិតស្និទ្ធ​របស់​ចិន ​បាន​រៀប​ចំ​កិច្ចប្រជុំ​រវាង​ចិន​ និង​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ​ឬ​ហៅ​កាត់ (​អាស៊ាន​) នៅ​រដ្ឋធានី​វៀង​ចន្ទរបស់​ខ្លួន​។​ លោក​ វ៉ាង ​និង​បណ្ដា​រដ្ឋមន្ត្រី​របស់​លោកបាន​ចាប់​ដៃ​គ្នា​តាម​ទម្លាប់ ​ជា​ការ​បង្ហាញ​សាមគ្គីភាព​មួយ​នៅមុខ​ម៉ាស៊ីន​កាមេរ៉ា​ និង​អ្នក​ថតរូប​នៅ​ពេល​ចាប់ផ្ដើម​សម័យប្រជុំ​។ បន្ទាប់មក​អ្នកការទូត​ទាំង​អស់​បាន​ទះដៃ​ និង​អបអរ​សាទរ​ដោយ​និយាយ​ថា ទីក្រុង​អ៊ូ​ហាន​ត្រូវតែ​រឹងមាំ ចិន​ត្រូវតែ​រឹងមាំ ​អាស៊ាន​ត្រូវតែ​រឹងមាំ ​ដោយ​សំដៅ​ទៅ​លើ​ទីក្រុង​របស់​ចិន ​ជាទី​ដែល​ជំងឺ​បាន​ផ្ទុះ​រាតត្បាត​ឡើង​កាលពី​ចុងខែ​ធ្នូ​ឆ្នាំមុន៕

អត្ថបទ៖ សុខ​មាន