ឯកឧត្តម​​ ហ៊ុន ម៉ា​ណែ​ត ៖ គោលនយោបាយ​ការ​ពារ​ជាតិ​របស់​រាជ​រដ្ឋាភិបាល ​គឺ​ការ​ធ្វើឱ្យមាន​សន្តិភាព​ ស្ថិតស្ថេរ​យូរអង្វែង

253

ភ្នំពេញ ៖ ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ​អគ្គ​មេបញ្ជាការរង​ នៃ​កងយោធពល​ខេ​រម​ភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ថ្លែងថា ​គោលដៅ​សំខាន់​ពីរ ​នៃ​គោលនយោបាយ​ការ​ពារជាតិ​របស់​រាជ​រដ្ឋាភិបាល ​គឺ​ការ​ធ្វើឱ្យមាន​សន្តិភាព​ស្ថិតស្ថេរ​យូរអង្វែង និង​ការ​កសាង​ឱកាស​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ​។

ឯកឧត្តម​​ ហ៊ុន ម៉ា​ណែ​ត ថ្លែង​នៅក្នុង​ពិធី​បូកសរុប​លទ្ធផល​ការងារ​យោធា ​សន្តិសុខ ឆ្នាំ​២០១៩​ និង​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ការងារ​យោធា ​សន្តិសុខ ឆ្នាំ​២០២០​ របស់​យោធភូមិភាគ​ទី​៣ ខេត្តកំពង់ស្ពឺ ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។

ឯកឧត្តម​​ បាន​បន្ថែមទៀត​ថា ​សន្តិភាព​ ស្ថិរភាព​នយោបាយ និង​ការរីកលូតលាស់​ផ្នែក​សេដ្ឋកិច្ច ដែល​កម្ពុជា​កំពុង​មាន​ក្នុងពេល​បច្ចុប្បន្ន ​កំពុង​ផ្តល់​នូវ​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ការកសាង ​និង​អភិវឌ្ឍ​សមត្ថភាព​កង​យោធពល​ខេមរភូមិន្ទ​។ ដូច្នេះ កងយោធពល​ខេមរភូមិន្ទ​ផ្ទាល់​ត្រូវ​បន្ត​ជំរុញ​ផងដែរ​នូវ​ការកែទម្រង់​របស់ខ្លួន ​ដើម្បី​ឆ្លើយតប​ឱ្យ​មាន​ប្រសិទ្ធភាព ​និង​ដើរ​ទាន់​សន្ទុះ​ថ្មី​នៃ​ស្ថានភាព​អំណោយផល​នេះ​។

ក្នុងនោះផងដែរ​ ឯកឧត្តម ​​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ថ្នាក់ដឹកនាំ​ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​របស់​យោធភូមិភាគ​ទី​៣ ​ក៏ដូចជា ​គ្រប់​បណ្តា​កងឯកភាព​ចំណុះ​ នៅក្នុង​ការ​បំពេញភារកិច្ច​ថែរក្សា​ការពារ​សុខ​សន្តិភាព​, ស្ថិរភាព និង​ការ​ការពារ​បូរណទឹកដី ​ក៏ដូចជា​ការចូលរួម​ចំណែក​នៅក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ការកសាង​ពង្រឹង​អង្គភាព​រឹងមាំ​លើ​គ្រប់​វិស័យ ​ដែលជា​កិច្ច​ការសំខាន់​នៅក្នុង​ការពង្រឹង​ខឿន​ការពារជាតិ​ ហើយ​ទោះបីជា​មានការ​លំបាក​ខ្វះខាត​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន ប៉ុន្តែ​បាន​តស៊ូ​ជម្នះ​ ដោយ​គំនិត​ច្នៃប្រឌិត និង​មានការ​ចូលរួម​របស់​យោធិន​ទាំងអស់ ​រហូត​សម្រេច​បាន​លទ្ធផល​ និង​ស្នាដៃ​ការងារ​ល្អប្រសើរ​ជាច្រើន​គួរ​ជាទី​មោទនៈ​។​

ឯកឧត្តម ​ឯក ហ៊ុន ម៉ា​ណែ​ត បន្តថា ពិធី​នេះ គឺជា​ឱកាស​មួយ​ដ៏​សមស្រប​សម្រាប់ធ្វើ​ការពិនិត្យ​, បូកសរុប និង​វាយតម្លៃ​អំពី​សកម្មភាព​អនុវត្ត​ផែនការ​ក្នុង​ឆ្នាំ​ចាស់​កន្លងទៅ ​ដើម្បី​បន្ត​អនុវត្ត​ទិសដៅ​ឆ្នាំ​ថ្មី ២០២០ តាមរយៈ​ការ​ក្តាប់​ជាប់​នូវ​គោល​គំនិត​ដឹកនាំ​, របៀបរបប​ប្រព័ន្ធ​ការងារ​, ​និង​ការពិភាក្សា​ផ្លាស់ប្តូរ​បទពិសោធន៍ ​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ​ សំដៅ​ធានា​សភាពការណ៍​ទិសដៅ​ការងារ ស្របតាម​បទបញ្ជា ​សេចក្តីណែនាំ​របស់​រាជ​រដ្ឋាភិបាល​, ក្រសួងការពារជាតិ​, អគ្គ​បញ្ជាការដ្ឋាន​ និង​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​បាន​ដាក់ចេញ​ ក៏ដូចជា​ប្រសិទ្ធភាព​ការងារ និង​មូលដ្ឋាន​ការងារ​រយៈពេល​វែង​។

ជាមួយគ្នានេះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សូម​អរគុណ​អភិបាល ​នៃ​គណៈ​អភិបាលខេត្ត​ទាំង ៦ និង​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​របស់​ខេត្ត ​នៅក្នុង​ភូមិសាស្ត្រ​យោធភូមិភាគ​ទី​៣ ដែល​ចូលរួម​សហការ ​និង​គាំទ្រ​ដល់​ការងារ​របស់​កង​យោធពល​ខេមរភូមិន្ទ ​ដោយ​រួម​សហការគ្នា​ ដើម្បី​បំពេញ​ភារកិច្ច​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដើម្បី​ធានា​សន្តិភាព ​សន្តិសុខ និង​ការ​អភិវឌ្ឍ​ជាតិ ​និង​សូម​អំណរគុណ​ចំពោះ​អង្គភាព​សម្ព័ន្ធ​មេត្រីភាព​ និង​សប្បុរសជន​នានា ដែល​តែង​បាន​ខិតខំ​ចូលរួម​​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​កង​យោធពល​ខេមរភូមិន្ទ ​ជាពិសេស​នៅក្នុង​ដំណាក់​កាលដែល​កង​យោធពលខេមរភូមិន្ទ ​កំពុង​ខិតខំ​ពុះពារ​សម្រេច​ឱ្យ​បាន​នូវ​ដំណើ​រការ​កំណែទម្រង់​របស់​ខ្លួន ​ដើម្បី​កសាង ​និង​ពង្រឹង​ប្រៀប​ការពារ​ជាតិ​ឱ្យ​បាន​កាន់តែ​រឹងមាំ ​ធានា​បាន​នូវ​ឯករាជ្យ អធិបតេយ្យ និង​បូរណភាព​ទឹកដី​៕