ក្រុម​ឧទ្ទាម​​គាំទ្រ​ដោយ​​ប្រទេស​ទួរគី​ប៉ះ​ទង្គិច​ជាមួយ​​កង​ទ័ព​ស៊ីរី​​នៅ​​ក្នុង​ខេត្ត​អ៊ីតលីប​

156

ស៊ីរី៖ ភាព​តាន​តឹង​​បាន​កើន​ឡើង​​រវាង​ក្រុម​រណសិរ្ស​រំដោះ​ជាតិ​​ ជា​ក្រុម​ឧទ្ទាម​​គាំទ្រ​​ដោយ​ប្រទេស​ទួរគី​​ និង​កង​ទ័ព​ស៊ីរី។ ​ការ​វាយប្រហារ​​ទៅ​វិញ​ទៅ​មក​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ បាន​បញ្ជាក់​ពី​ស្ថានភាព​តាន​តឹង​កាន់​តែ​ខ្លាំង ​​ដែល​ប្រឈម​នឹង​ការ​ផ្ទុះ​សង្គ្រាម​​​ពេញ​បន្ទុក​​រវាង​ទួរគី និង​ស៊ីរី។ ប្រធានាធិបតី​ទួរគី​លោក អូដូហ្គេន បាន​​ប្រកាស​ឲ្យ​​កង​ទ័ព​​របស់​លោក​ប្រធានាធិបតី​ស៊ីរី​​ដក​ចេញ​ពី​ខេត្ត​អ៊ីតលីប​ បើ​ពុំ​នោះ​សោត​​អាច​ប្រឈម​​នឹង​ការ​វាយប្រហារ​​របស់​ទួរគី​​ ដែល​នឹង​មក​ដល់​ឆាប់​ៗ។

ការ​វាយប្រហារ​​ទៅ​មក​បាន​ចាប់ផ្ដើម​ឡើង​ បន្ទាប់​ពី​ក្រុម​អ្នក​ប្រយុទ្ធ​​​ខាង​ក្រុម​ប្រឆាំង​ បាន​បាញ់​ផ្លោង​​ដាក់​កង​ទ័ព​រដ្ឋាភិបាល​​​ស៊ីរី និង​​បាន​ចូល​ទៅ​ក្នុង​ភូមិ​​ណៃរ៉ាប ដែល​កង​ទ័ព​លោក អាសាត បាន​រំដោះ​គ្រប់​គ្រង​កាល​ពី​ថ្ងៃ​ទី៣ ខែ​កុម្ភៈ​ នេះ​ជា​ការ​​លើក​ឡើង​របស់​​ទីភ្នាក់ងារ​​អាណាដូលូ​របស់​​ទួរគី។ យោធា​រុស្ស៊ី​​បាន​និយាយ​ថា ​សកម្មភាព​​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​​ ត្រូវ​បាន​គាំទ្រ​ដោយ​ការ​បាញ់​​ផ្លោង​កាំ​ភ្លើង​ធំ​​របស់​ទួរគី ដែល​អាច​​ឲ្យ​ពួក​គេ​វាយ​ទម្លុះ​​​ខ្សែ​ការពារ​របស់​កង​ទ័ព​ស៊ីរី​។ ​យោធា​​រុស្ស៊ី​បាន​និយាយ​ថា ​ទាហាន​ស៊ីរី​ ៤នាក់​​បាន​រង​របួស​​​ក្នុង​ការ​បាញ់​ផ្លោង​​របស់​ទួរគី។ ​ប្រភព​យោធា​បាន​បន្ថែម​ថា តាម​ការ​ស្នើ​សុំ​ពី​ស៊ីរី​ យន្តហោះ​​ទម្លាក់​គ្រាប់​បែក Su-24 រុស្ស៊ី​បាន​វាយប្រហារ​តាម​អាកាស​​ទៅ​លើ​ពួក​សកម្ម​ប្រយុទ្ធ​ ដើម្បី​រារាំង​ពួក​គេ​មិន​ឲ្យ​រុល​ចូល​ ដែល​អាច​​បើក​ឱកាស​​ឲ្យ​កង​ទ័ព​ស៊ីរី​​ បង្ក្រាប​​ការ​វាយប្រហារ​ទាំង​អស់​ដោយ​ជោគ​ជ័យ៕

អត្ថបទ៖ រិទ្ធី