នាយ​ឧ​ត្ត​ម​សេនីយ៍ ​វង្ស ពិ​សេន៖ ​កងទ័ព​ទាំងអស់ ត្រូវ​បង្កើន​សមត្ថភាព​យល់ដឹង​បន្ថែម​ទៀត​អំពី​សន្តិភាព​

168

ភ្នំពេញ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គ​មេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​ បាន​ធ្វើការ​អំពាវនាវ​ដល់​នាយទាហាន​ពលទាហាន​ទាំងអស់​ត្រូវ​បង្កើន​សមត្ថភាព​យល់ដឹង ឲ្យ​បាន​ស៊ីជម្រៅ​បន្ថែម​ទៀត​អំពី​តម្លៃ​សន្តិភាព ខណៈ​សន្តិភាព​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​សព្វថ្ងៃ នេះ​គឺ​កើត​ចេញពី​ការ​ពលី​យ៉ាង​ធំធេង​របស់​រាជរដ្ឋាភិបាល​បច្ចុប្បន្ន​នោះ​។​

​​ការ​អំពាវនាវ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន នេះ​គឺ​បាន​ធ្វើឡើង​នៅ​ក្នុង​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​នាយទាហាន​សកម្ម​ជំនា​ន់​ទី​២០ នៅ​សាលា​នាយទាហាន​សកម្ម (​ត្មាត​ពង​) ក្នុង​ភូមិ​សាស្ត្រ​ស្រុក​ឧត្ដុង្គ ខេត្តកំពង់ស្ពឺ​។​

​​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ បាន​លើកឡើង​ថា​« តម្លៃ​សន្តិភាព​ដែល​បានមក​ដោយ​ការធ្វើ​ពលិកម្ម​ដ៏​ធំធេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ​ដែល​នាយទាហាន​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា និង​ត្រៀមលក្ខណៈ​ជានិច្ច​ដើម្បី​អនុវត្ត​បទបញ្ជា ក្នុងនោះ ​ត្រូវ​បង្កើន​សមត្ថភាព​យល់ដឹង​ឲ្យ​បាន​ស៊ីជម្រៅ អំពី​សភាពការណ៍​សន្តិ​សុខ​ដែល​ពាក់ព័ន្ធ​នឹង​កងយោធពល​ខេមរភូមិន្ទ ដើម្បី​លើកកម្ពស់​ស្មារតី​ប្រុងប្រយ័ត្ន​រាល់​ឧបាយកល ការធ្វើ​បដិវត្តន៍​ពណ៌ ការធ្វើ​ឲ្យ​បាត់បង់​សន្តិភាព និង​កើតមាន​សង្គ្រាម​សារជាថ្មី​ជាដើម​នោះ​»​

ជាមួយគ្នា​នោះដែរ ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​ក៏បាន​លើកឡើង​ផងដែរ​ថា ដើម្បី​ពង្រឹង​កសាង​ធនធានមនុស្ស​ក្នុង​វិស័យ​ការពារជាតិ កងយោធពល​ខេមរភូមិន្ទ ចាំបាច់​ត្រូវ​ធ្វើ​កំណែទម្រង់​ឲ្យ​បាន​សមស្រប​បំផុត​ទៅ​នឹង​ស្ថានការណ៍​ជាក់ស្ដែង ជាពិសេស ​គឺ​ការកសាង​កម្មវិធី​អប់រំ​ហ្វឹកហ្វឺន​ដល់​យោធិន​ដែល​ត្រូវ​តែមាន​ការកែសម្រួល​ជា​បន្តបន្ទាប់ ដើម្បី​ឲ្យ​ការ​បណ្តុះបណ្តាល​ដល់​យោធិន​អាជីព និង​ហ្វឹកហ្វឺន​ជំនាញ​ផ្សេងៗ​ទៀត ប្រកបដោយ​គុណភាព​នោះ​។

​​នាយ​ឧ​ត្ត​ម​សេនីយ៍​បាន​បន្ត​ថា ក្នុង​ដំណាក់កាល​បច្ចុប្បន្ន​ការ​ហ្វឹកហ្វឺន​បណ្តុះបណ្ដាល​នាយទាហាន​សកម្ម​គឺជា​តម្រូវ​ការចាំបាច់ ដើម្បី​រួមចំណែក​លើកកម្ពស់​សមត្ថភាព ឆ្លើយតប​ទៅនឹង​សំណូមពរ​ភារកិច្ច​ចាំបាច់​ចំពោះ​មុខ​និង​យូរអង្វែង ហើយ​វគ្គ​ហ្វឹកហ្វឺន​ដែល​កំពុង​ប្រារព្ធ​ពិធី​បិទ​នាឱកាស​នេះ គឺ​ពិតជា​បាន​ឆ្លើយតប​តាម​សេចក្តី​ត្រូវការ ក្នុង​ការ​ពង្រឹងពង្រីក​គុណភាព​នៃ​ការដឹកនាំ​បញ្ជា និង​ការ​គ្រប់គ្រង​កងឯកភាព ដើម្បី​ត្រៀមខ្លួន​បំពេញ​កិច្ចការងារ​ប្រតិបត្តិការ​តាម​បញ្ជា​របស់​កងទ័ព​នោះ​។

​​យ៉ាងណាក៏ដោយ​ក្នុងនាម​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ក៏បាន​ថ្លែង​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​ប​ណ្ដា​ស្ថាប័ន​ពាក់ព័ន្ធ យោធា​ចា​រ្យ ដែល​បាន​បំពេញ​តួនាទី​ជា​សេនាធិការ​ជូន​ថ្នាក់ដឹកនាំ ធ្វើ​ឲ្យ​ដំណើរការ​វគ្គ​បណ្តុះបណ្ដាល​និស្សិត​នាយទាហាន​ជំនា​ន់ទី​២០​នេះ​ទទួលបាន​លទ្ធផល​ប្រកបដោយ​គុណភាព​។​

​​យោងតាម​សេចក្តីរាយការណ៍​ពី​ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ ​សាលា​បាន និង​កំពុងដំណើរការ​បណ្ដុះបណ្ដាល​នាយទាហាន​ចំនួន ៤​ជំនាន់​បន្ថែម​ទៀត គឺ​វគ្គ​នាយទាហាន​សកម្ម​ចំនួន ៣​ជំនាន់ និង​ត្រៀម​ទទួល​និស្សិត​ថ្មី​វគ្គ​នាយទាហាន​សកម្ម​ជំនា​ន់​ទី​២៤ ចំនួន ២០០​នាក់​ទៀត​។​

ដោយឡែក​វគ្គ​បណ្ដុះបណ្ដាល​នាយទាហាន​សកម្ម​ជំនា​ន់ទី​២០ ដែល​ត្រូវបាន​បញ្ចប់​វគ្គ​នៅថ្ងៃនេះ មាន​សិក្ខាកាម​សរុប​ចំនួន ១០១​នាក់ ដោយ​ឆ្លងកាត់​ការសិក្សា និង​ហ្វឹកហាត់​អស់​រយៈពេល​៤​ឆ្នាំ​ហើយ​ក្រោយពេល​បញ្ចប់​វគ្គ​សិក្ខាកាម​ទាំង ទទួលបាន​លទ្ធផល​និទ្ទេស​ល្អ ១៩​នាក់ និទ្ទេស​ល្អ​បង្គួរ ៧៤​នាក់ និង​និទ្ទេស​មធ្យម​ចំនួន ០៨​នាក់​៕​