ក្រសួង​រៀបចំ​ដែនដី​នឹង​ព្យាយាម​បង្កើន​ទំនាក់ទំនង​ជាមួយ​ស្ថាបត្យករ​ និង​វិស្វករ​កម្ពុជា​ ដើម្បី​ពង្រីក​ឱកាស​ការងារ​

192

ភ្នំពេញ៖ រដ្ឋ​មន្ត្រីក្រសួង​រៀបចំ​ដែនដី បាន​លើកឡើង​នូវ​ចំពោះមុខ អ្នក​វិជ្ជាជីវៈ ក្នុង​វិស័យ​សំណង់​នា​ព្រឹក​ថ្ងៃទី២១ ខែ​កុម្ភៈ​ឆ្នាំ​២០២០​នេះ​ថា ក្រសួង​នឹង​បង្កើន​ទំនាក់ទំនង​ជាមួយ​ស្ថាបត្យករ វិស្វករ​កម្ពុជា និង​បណ្ដា​ក្រុមហ៊ុន ក្នុង​គោលបំណង​សំខាន់​ពង្រីក​ឱកាស​ការងារ សម្រាប់​ពួកគាត់​។​

ក្នុង​ឱកាស​ផ្សព្វផ្សាយ​ច្បាប់​ស្ដីពី​សំណង់​ជូន អ្នក​វិជ្ជាជីវៈ​ក្នុង​វិស័យ​សំណង់ នា​ព្រឹក​នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​លើក​ឡើងថា ក្រសួង​នឹង​បង្កើន​ទំនាក់ទំនង​ឱ្យ​កាន់តែ​ទូលំទូលាយ ជាមួយ​ស្ថាបត្យករ វិស្វករ ក៏ដូចជា​បណ្ដា​ក្រុមហ៊ុន ដើម្បី​អ្នកមាន​វិជ្ជាជីវៈ​ទាំងអស់​អាច​មាន​ឱកាស​ការងារ​កាន់តែច្រើន​។

ឯកឧត្ដម ​បន្តថា ការ​ប្រមូល​ផ្ដុំគ្នា ហើយ​ដាក់​ជា​លក្ខខណ្ឌ​ជា​កត្តា​វិជ្ជមាន​មួយ​សម្រាប់ ស្ថាបត្យករ និង​វិស្វករ​កម្ពុជា មានឱកាស​កាន់​តែច្រើន​ក្នុងការ​ដណ្ដើម​ទីផ្សារ និង​ច្រាន​ចេញ​នូវ​វិស្វករ ស្ថាបត្យករ​បរទេស ដែល​កំពុង​រក​ការងារ​នៅ​កម្ពុជា​។ ​ឯកឧត្តម​បន្តថា ក្នុងនាម​ក្រសួង​ដែនដី នឹង​ព្យាយាម​បំពេញ​នូវ​ចំណុច​ខ្វះខាត​នេះ ដែល​កើតមានឡើង​កន្លងមក ដើម្បី​ភាព​រីកចំរើន​នៃ​ធនធានមនុស្ស​កម្ពុជា​។

យ៉ាងណា​ម៉ិ​ញ ឯកឧត្តម ក៏បាន​បញ្ជាក់​ដែរថា វិស្វករ​និង​ស្ថាបត្យករ​ដែល​បាន​ចុះបញ្ជី គឺ​ទាមទារ​ឱ្យ​មាន​ទំនួល​ខុសត្រូវ មាន​វិជ្ជាជីវៈ និង​ត្រូវគោរព​តាមច្បាប់​សំណង់​ឱ្យបាន​ខ្ជាប់ខ្ជួន​។ ឯកឧត្ដម​បញ្ជាក់ថា វិស្វករ ត្រូវ​ប្រចាំការ​នៅ​ការដ្ឋាន​សំណង់​ដែល​ខ្លួន​ទទួលខុសត្រូវ​ជានិច្ច ព្រោះ​មន្ត្រី​អធិការកិច្ច​របស់​ក្រសួង​នឹង​ធ្វើ​ការពិនិត្យ​ជាប្រចាំ​។​

ក្នុង​ឱកាស​ដដែល ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើ​សុំឱ្យ​អ្នក​វិជ្ជាជីវៈ ក្នុង​វិស័យ​សំណង់​ទាំងអស់ ត្រូវ​ផ្សារភ្ជាប់​អត្តសញ្ញាណ​ខ្មែរ នៅ​តាម​គម្រោង​សាងសង់​នីមួយៗ ដែល​ខ្លួន​បាន​ចេញ​ប្លង់​រឺ​សាងសង់​ផង​ដែរ ព្រោះ​វា​ជា​ការ​ឱ្យ​តម្លៃ និង​ចូលរួម​ថែរក្សា​អត្តសញ្ញាណ​ជាតិ សម្រាប់​ពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​៕​