ស្រ្តី​ជនជាតិអាមេរិក ដែលជាអ្នកដំណើរនៅលើនាវា Westerdam ចេញពីប្រទេសកម្ពុជា ដែល​ម៉ាឡេស៊ី​ធ្វើតេស្តរកឃើញថា ផ្ទុកជំងឺ COVID-19នោះ នា​ពេលនេះ ត្រូវបានអជ្ញាធរម៉ាឡេស៊ី បង្ហាញ​ថា ​គ្មានផ្ទុកវីរុសនោះទេ

446

ម៉ាឡេស៊ី​៖ អ្នកដំណើរ​ម្នាក់​នៅ​លើ​នាវា​ទេសចរណ៍ Westerdam ដែល​ធ្វើតេស្ត​ឃើញ​មាន​ផ្ទុក​ជំងឺ COVID-19 ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ បច្ចុប្បន្ន​គាត់​គ្មាន​ផ្ទុក​ជំងឺ​នោះ​ទេ​។​

ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោកស្រី វ៉ាន់ អា​ហ្ស៊ី​ហ្សា វ៉ាន់ អ៊ី​ស្មែ​ល បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ស្ត្រី​ជនជាតិ​អាមេរិក​វ័យ​៨៣​ឆ្នាំ​ម្នាក់ ដែល​បច្ចុប្បន្ន​កំពុងទ​ទួលបាន​ការព្យាបាល​នៅក្នុង​មន្ទីរពេទ្យ Sungai Buloh​បានធ្វើ​តេស្ត​ម្តង​ហើយ​ម្តងទៀត​ក្រែង​មាន​ផ្ទុក​ជំងឺ​COVID-19 នោះ គឺ​លទ្ធផល​បាន​បង្ហាញថា លោកស្រី​គ្មាន​ផ្ទុក​វីរុស​នោះទេ​។​

លោកស្រី​បន្តថា ការធ្វើ​តេស្ត​របស់លោក​ស្រី​ឃើញ​អវិជ្ជមាន​។ ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី​នៅ​បន្ត​ស្នាក់​នៅក្នុង​មន្ទីរពេទ្យ ដោយសារតែ​លោកស្រី​នៅ​មិនទាន់​ស្រួលខ្លួន ហើយ​និង​មាន​រោគសញ្ញា​ខ្លះៗ​នៅឡើយ​។​

នៅ​ក្នុង​សន្និសីទកាសែត ក្រោយ​ធ្វើ​ម្ចាស់​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាន់ខ្ពស់​ស្តីពី​ជំងឺ COVID-19 លោកស្រី វ៉ាន់ អា​ហ្ស៊ី​ហ្សា បាន​ថ្លែង​ថា នៅពេលដែល​លោកស្រី​លែងមាន​រោគសញ្ញា លោកស្រី​នឹង​អាច​ចាក​ចេញពី​មន្ទីរពេទ្យ​បាន​ហើយ​។​

សូម​បញ្ជាក់ថា ស្ត្រី​ជនជាតិ​អាមេរិក​ម្នាក់នេះ​និង​ស្វាមី​អាយុ​៨៥​ឆ្នាំ​របស់គាត់ បាន​នៅលើ​នាវា Westerdam​ដែល​បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ ប្រទេស​កម្ពុជា កាលពី​សប្តាហ៍​មុន​។​

ប្តី​ប្រពន្ធ​២​នាក់​នេះ បាន​ជិះ​តាម​ជើងហោះហើរ​ពិសេស​ឆ្ពោះទៅកាន់​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដែល​ដឹក​អ្នកដំណើរ​១៤៥​នាក់ ចេញពី​នាវា​ទេសចរណ៍ Westerdam ដោយ​ក្នុងនោះ​មានតែ​ពួកគាត់​ទាំង​២​នាក់​ប៉ុណ្ណោះ បានបង្ហាញ​រោគសញ្ញា​។​

ការធ្វើ​តេស្ត​២​លើក បានធ្វើ​លើ​លោកស្រី បង្ហាញថា​គាត់​មាន​ផ្ទុក​ជំងឺ COVID-19 ហើយ​បន្ទាប់មក​លោកស្រី ត្រូវបាន​ដាក់​ឲ្យ​នៅ​ឯក​កោ នៅក្នុង​មន្ទីរពេទ្យ Sungai Buloh ។ ចំណែក​ប្តី​របស់គាត់ ធ្វើតេស្ត​ឃើញ​អវិជ្ជមាន ប៉ុន្តែ​គាត់​សុខចិត្ត​នៅ​ជាមួយ​ភរិយា​របស់គាត់​នៅក្នុង​មន្ទីរពេទ្យ​៕​