ការនាំចេញ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​សេរី មាន​ទំហំ​ទឹកប្រាក់​ជាង ១០ ពាន់​លាន​ដុល្លារ​

195

ភ្នំពេញ៖ ទំហំ​នៃ​ការនាំចេញ​ទំនិញ​គ្រប់​ប្រភេទ ទៅកាន់​គ្រប់​ទ្វីប ក្រោម​ការ​អនុគ្រោះ​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ដោយ​សេរី ក្នុង​ឆ្នាំ​២០១៩ កន្លង​មកនេះ សរុប​ជា​ទឹកប្រាក់​មាន​ប្រមាណ ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក​។​

ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើង​នៅក្នុង​បទ​អន្តរាគមន៍ សន្និបាត​បូកសរុប​លទ្ធផល​ការងារ របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ឆ្នាំ​២០២០ ថា នៅ​ក្នុង​រយៈពេល​មួយឆ្នាំ​មកនេះ ក្រសួងពាណិជ្ជកម្ម សម្រេចបាន​សមិទ្ធផល​ជាច្រើន តែ​ទោះជា​យ៉ាងណា​ជួបប្រទះ​បញ្ហា​ប្រឈម​ដូចជា​៖ បញ្ហា​ភូមិសាស្ត្រ​រវាង​សហរដ្ឋអាមេរិក​និង​ចិន​, ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​រ៉ូ​ណា​, ចលនា​ការពារ​សេដ្ឋកិច្ច​និយម​, បញ្ហា​ភូមិសាស្ត្រ​ន​យោ បាយ​, កង្វះ​កំលាំង​ពលកម្ម​ជំនាញ និង​ផ្នែក​ប​ច្ចេក​វិទ្យា​ជាដើម​។​

​​​ក្រៅពី​ការ​ជួប​ប្រទះ​បញ្ហា​ខាងលើ ក្នុង​ឆ្នាំ​២០១៩ កន្លងមក ការនាំ​ចេញចូល​របស់​កម្ពុជា​សម្រេចបាន​នូវ​ភាពរឹងមាំ​ផងដែរ ជាក់ស្តែង​ការនាំចេញ​ទំនិញ​ប្រភេទ ទៅកាន់​គ្រប់​ទ្វីប ក្រោម​ការអនុគ្រោះ​ពាណិជ្ជកម្ម និង​កិច្ចព្រមព្រៀង​ដោយ​សេរី មាម​ទំហំ​ទឹកប្រាក់​ប្រមាណ ជាង ១០​ពាន់​លាន​ដុល្លារ​អាមេរិក​, ក្នុងនោះ​ការនាំចេញ​សំលៀកបំពាក់ មាន​ទឹកប្រាក់​ជាង ៦​ពាន់​លាន​ដុល្លារ​, ផ្នែក​វាយនភ័ណ្ឌ ជាង ៤០​លាន​ដុល្លារ​, វិស័យ​ស្បែកជើង ជាង ៩០៥ លាន​ដុល្លារ​, អង្ករ​ជាង ២៨៩ លាន​ដុល្លារ និង​ផលិតផល​ផ្សេងៗ​ទៀត​មាន​ទំហំ​ទឹកប្រាក់ ជាង ៣​ពាន់​លាន​ដុល្លារ​អាមេរិក​ផងដែរ ។​

​​​ជុំវិញ​បញ្ហា​នេះ ឯកឧត្តម អ៊ុក ប្រជា បានបញ្ជាក់​ឲ្យ​ដឹងថា​ ដើម្បី​ឲ្យ​ផ្នែក​ពាណិជ្ជកម្ម​កម្ពុជា ធន់​និង​បរិយាកាស​តំបន់ និង​ពិភពលោក នៅក្នុង​ឆ្នាំ​២០២០ នេះ ក្រសួង​នឹងដាក់​ចេញ​គោលដៅ​អាទិភាព​រួមមាន​៖ ជំរុញ​សម្រេច​ឲ្យ​បាន លើ​ការរៀបចំ​ប្រព័ន្ធ​ចុះបញ្ជី​, ពង្រីក​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​, ធ្វើ​ប្រតិភូកម្ម​ក្នុង​ការចេញ​វិញ្ញាបនបត្រ បញ្ជាក់​ប្រភពដើម​ទំនិញ​, ពង្រីក​អនុវត្តន៍​ច្បាប់​កម្ម​សិទ្ធ​បញ្ញា​, ការឃ្លាំមើល​ទំនិញ​សំខាន់ៗ​នៅតាម​ទីផ្សារ​, ការស្វែងរក​ទីផ្សារ​ថ្មីៗ ក្រៅពី​សហគមន៍​អឺរ៉ុប អាម​រិ​ក និង​កាណាដា​, រួម​ជា​មួ​យារ​បន្ត​ជម្រុញ​អភិវឌ្ឍន៍​គោលនយោបាយ​ពាណិជ្ជកម្ម ឲ្យ​ស្រប​នឹង​កាលានុវត្តន៍​ភាព នៃ​ការ ប្រែប្រួល​សកល ក្នុង​តំបន់ និង​ពិភពលោក ៕​