សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្ញើ សារជូនបងប្អូន​ជន​រួមជាតិ ក្នុងទិវាជាតិសុខភាព មាតា ទារក និងកុមារ២១កុម្ភៈឆ្នាំ២០២០

277

ភ្នំពេញ៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ ក្រហម កម្ពុជា​និង​ជា ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ផ្ញើ​សារលិខិត​ជូន​បងប្អូន ជនរួមជាតិ​ក្នុង​ទិវា​ជាតិ សុខភាព មាតា ទារក និង​កុមារ​២១​កុម្ភៈ​ឆ្នាំ​២០២០។

សារលិខិត​របស់​សម្តេច​នៅថ្ងៃនេះ ​បានបញ្ជាក់​ថា សម្តេច​មាន​ក្តី​សោមនស្ស​ជា​ពន្លឹក​ដោយ​បាន​ចូលរួមជាមួយ​បងប្អូន​ជនរួមជាតិ និង​ក្មួយៗ យុវជនទាំង អបអរសាទរ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ​ដែល​ចាប់តាំងពីឆ្នាំ​២០១១​រៀងរហូត មក យើង​តែងតែ​ប្រារព្ធ ឡើង​នៅ​ថ្ងៃ​២១​ ខែ​កុម្ភៈ​ក្នុង​គោលបំណង​លើកកម្ពស់ ការ​យកចិត្តទុកដាក់​ចំពោះ​សុខភាព​មាតា​-​ទារក​និង កុមារ​ទូទាំងប្រទេស​ហើយ​ដែល​ប្រធានបទ សម្រាប់​ឆ្នាំ​២០២០​នេះ​ផ្តោត លើ​“​សុខភាព​កុមារ​កម្ពុជា​នាពេល​អនាគត​“​។​

ឆ្នាំនេះ​ក៏ដូចជា​ឆ្នាំ​កន្លងទៅ​ដែរ​_​ប្រជាជាតិ ទាំងមូល​រស់នៅ​ដោយ រីករាយ​សប្បាយចិត្ត​ដោយសារ​ប្រទេសជាតិ​មាន សុខសន្តិភាព​។ ​សម្តេច​ បាន​សំដែង​នូវ​ការ ដឹងគុណ​ជា​អនេក ចំពោះ​ការនាំ​មក​នូវ​សន្តិភាព​ជូន​មាតុភូមិ​កម្ពុជា​និង​សូម​សំដែង​នូវ​ការ​កោត សរសើរ យ៉ាង​ខ្លាំង​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​សម្រេចបាន​នូវ​សមិទ្ធផល ជាច្រើន​ក្នុង​ឆ្នាំ​កន្លង​ទៅនេះ​។

​មួយ​នឹង​វឌ្ឍនភាព នេះ​ប្រជាជន​កម្ពុជា​កាន់តែ​មាន​ឱកាស​ទទួល​បាន​ប្រាក់ចំណូល​ខ្ពស់​ជាង​មុន និង​ទទួល​បាន​នូវ​អត្ថប្រយោជន៍​បន្ថែម​ពី​គោល នយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល ដែល​បាន​ជួយ ដល់​ក្មួយៗ​នារី​ទាំងអស់​ជា​មន្ត្រីរាជការ​ជា​កម្មការិនី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ក្នុងការ​ថែទាំ​សុខភាព ទទួល​បាន​នូវ​ការពិគ្រោះ ព្យាបាល​ជំងឺ​ទទួល​របប​ឧបត្ថម្ភ​មាតុភាព រួមចំណែក ជួយ​អោយ​គ្រសារ​នីមួយៗ​មាន សុភមង្គល​។​ចាប់ពី​ខែ ឆ្នាំ​២០១៩ មក រាជរដ្ឋាភិបាល​បានដាក់​អោយ​

អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ​និង​កូន​អាយុ​ក្រោម ២​ឆ្នាំ​នៃ​គ្រួសារ​ដែលមាន​ប័ណ្ណ​សមធម៌​ឬ​ប័ណ្ណ​អាទិភាព​ដែល​ជា​ជំហាន ថ្មី​មួយទៀត ក្នុងការ​សម្រេចបាន​នូវ ការ​គ្របដណ្តប់​សេវា​សុខ​ភាពជា​សកល​នៅ​កម្ពុជា​ និង​ជាការ​យកចិត្តទុកដាក់​ចំពោះ​ការថែទាំ​ជា​បន្ត​លើ​ការលូតលាស់​ទារក​ចាប់ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ទារក​ទើប​កើត​នឹង​បន្ត​ថែទាំ​ដល់​កុមារ​តូច​ឲ្យ​មានការ​លូតលាស់​ល្អ​ទាំង​រាងកាយ​ស្មារតី​និង​ប្រាជ្ញា​។​

ដូចនេះ​ការងារ​ចាំបាច់​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​នោះ​គឺ​ធ្វើយ៉ាងណា​ឱ្យ​គ្រប់​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​ទទួលបាន​ការ​ពិនិត្យ​ថែទាំ​ចាប់ពី​ពេល​ពពោះ​រហូត​ដល់ពេល​ស​ម្រា​ល​កូន​និង​ក្រោយ​សំរាលកូន​ហើយ​ត្រូវ​បន្ត​តែ​ទាំ​សុខភាព​ទាំង​ម្ដាយ​ទាំង​កូន​ក្នុងអំឡុងពេល ១​ខែ​កន្លះ​នឹង​បន្ត​ថែទាំ​សុខភាព​កូន​រហូតដល់​កូន​មាន​អាយុ ២​ឆ្នាំ​។​

ការ​តាមដាន​សុខភាព​កូន​នេះ ​គឺ​មាន​សារៈសំខាន់​ណាស់​។​ ដើម្បីឱ្យ​កូន​មានការ​លូតលាស់​ល្អ​ចាំបាច់​ត្រូវ​ដឹង​ច្បាស់​អំពី​ការ​ចិញ្ចឹម​ទារក​និង​កុមារ​តូច​ការ​តាមដាន​ការលូតលាស់​របស់​កូន​ការ​ពន្យារកំណើត​ពី​កូន​មួយ​ទៅ​កូន​បន្ទាប់ ដើម្បី​ឲ្យ​មាតា​និង​ទារក​មាន​សុខ​ភាពល្អ​។

ឆ្លៀត​ក្នុង​ឱកាស​នៃ​ទិវា​ជាតិ​សុខភាព​មាតា ទារក និង​កុមារ ២១ កុម្ភៈ ២០២០ នេះ​ក្រោម​ប្រធានបទ​“​សុខភាព​កុមារ​កម្ពុជា​នា​ពេល​អនាគត​“​សម្តេច​សូម​ផ្ដល់​អនុសាសន៍​ជូន​បងប្អូន​រួម​ជាតិ​ជាពិសេស​ស្ត្រី​មាន​ផ្ទៃពោះ​និង​ស្ត្រី​ជា​មាតា​ក្នុង​ការថែទាំ​សុខភាព​ស្ត្រី​និង​កូន​រយៈពេល ១.០០០​ថ្ងៃ​ដូចតទៅ៖​

.​សូម​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងអស់​អញ្ជើញ​ទៅ​ពិនិត្យ​សុខភាព​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​និង​ឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​ផ្ទះ​ឲ្យ​បាន​ទៀត​ទាត់​យ៉ាងតិច​ចំនួន​៤​ដង​ទៅតាម​ពេលវេលា​និង​ការណែនាំ​របស់​ពេទ្យ ទទួលយក​សេវា​បង្ការ​ព្យាបាល​ទាំងអស់​ជាពិសេស​ស្ម័គ្រចិត្ត​ទៅ​ធ្វើ​តេស្ត​ឈាម​ដើម្បី​ពិនិត្យ​ស្ថានភាព​មេរោគ​អេដស៍​និង​ស្វាយ​ដើម្បី​រួមគ្នា​លុបបំបាត់​ការ​ចម្លង​ពី​ម្ដាយ​ទៅ​កូន​។​

.​សូម​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែលមាន​គ្រូពេទ្យ​ឆ្មប​ជំនាញ​ទទួលបាន​ការបណ្ដុះបណ្ដាល​ត្រឹមត្រូវ​។​

.​សូម​ទៅពិនិត្យ​សុខភាព​ក្រោយពេល​សម្រាក​ទាំង​មាតា​ទាំង​ទារក​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​ជម្ងឺ ១១ មុខ តាម​ពេលវេលា​កំណត់​ពិនិត្យ​តាមដាន​សុខភាព​និង​ការលូតលាស់​របស់​កូន​រហូតដល់​កូន​មាន​អាយុ ២ ឆ្នាំ​។​

.​សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្ដាយ​តែមួយ​មុខ​គត់​ចាប់ពី​ពេល​ទារ​កកើត​ភ្លាម​រហូតដល់​ទារក​មាន​អាយុ ៦ ខែ និង​ដល់​ហើយ​បន្ថែម​គ្រប់មុខ​គ្រប់​ជីវជាតិ​(​បបរ​ខាប់​គ្រប់គ្រឿង​)​រួមជាមួយ​ការបន្ត​បំបៅ​ទឹកដោះ​ម្ដាយ​រហូតដល់​កុមារ​មាន​អាយុ​យ៉ាងតិច ២​ឆ្នាំ​។​

.​សូម​ប្រញាប់​យក​កុមារ​ឬ​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម​នៅពេល​ឃើញ​សញ្ញា​គ្រោះថ្នាក់​ណាមួយ​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម​ជំងឺរាក​ឬ​ជំងឺឆ្លង​ដទៃទៀត នឹង​យក​ទារក​ឬ​កុមារ​តូច​ដែលមាន​រាងកាយ​ស្គម​ឬ​មិន​ឡើង​ទំងន់​សោះ​ទៅ​ពិគ្រោះ​យោបល់​និង​ទទួលយក​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។​

ជាមួយគ្នានេះ​សម្តេច​ក៏បាន​អំពាវនាវ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​បុគ្គលិក​សុខាភិបាល អ្នកផ្ដល់​សេវា​ទាំងអស់​ចូលរួម​គាំទ្រ​ការអនុវត្ត​គោលនយោបាយ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ឈានទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ ២០៣០ របស់​រាជរដ្ឋាភិបាល​តាម​ការកំណត់ និង​សូម​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ជាតិ​និង​អន្តរជាតិ​សូមជួយ​និង​បន្ត​ជួយ​វិនិយោគ​គាំពារ​ដល់​ការងារ​សុខភាព​មាតា ទារក​និង​កុមារ​នៅ​កម្ពុជា​។​

សម្ដេច​សង្ឃឹម​និង​ជឿជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​និង​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​បង្កើន​លទ្ធភាព​បន្ថែមទៀត​ក្នុងការ​ធ្វើ​ឲ្យ​កាន់តែ​ប្រសើរឡើង​នូវ​ស្ថានភាព​សុខភាព​មាតា ទារក និង​កុមារ​នៅ​កម្ពុជា​។​

ជាថ្មី​ម្ដងទៀត​សម្ដេច​ក៏​អរគុណ​យ៉ាង​ក្រៃលែង​ចំពោះ​រាជរដ្ឋាភិបាល​ក្រសួងសុខាភិបាល​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ម្ចាស់ជំនួយ​អង្គការ​ជាតិ​និង​អន្តរជាតិ​កាកបាទក្រហមកម្ពុជា​អង្គការ​សង្គម​ស៊ីវិល សប្បុរសជន អាជ្ញាធរ​ដែនដី​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់​ដែល​បាន​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​ការងារ​សុខភាព​មាតា ទារក និង​កុមារ​។

សម្ដេច​ក៏បាន​សូម​ឧទ្ទិស​ខ្លឹមសារ​និង​អត្ថន័យ​នៃ​ទិវា​ជាតិ​សុខភាព​មាតា​ទារក​និង​កុមារ ២៤ កុម្ភៈ​នេះ ឲ្យ​ស្ថិត​នៅជាប់​ជាមួយនឹង​ការប្ដេជ្ញាចិត្ត​ដ៏​រឹងមាំ​ដើម្បី​សម្រេចបាន​សុខភាព​កុមារ​កម្ពុជា​នាពេល​អនាគត​ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​ឆ្នាំ ២០៣០ របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​៕​