ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរយូរអង្វែង

141

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា គោលដៅសំខាន់ពីរ នៃគោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិបាល គឺការធ្វើឱ្យមានសន្តិភាពស្ថិតស្ថេរយូរអង្វែង និងការកសាងឱកាសសម្រាប់ការអភិវឌ្ឍជាតិ។

សន្ថិភាព ស្ថិរភាពនយោបាយ និងការរីកលូតលាស់ផ្នែកសេដ្ឋកិច្ច ដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន កំពុងផ្តល់នូវឱកាសដ៏ប្រពៃសម្រាប់ការកសាង និងអភិវឌ្ឍសមត្ថភាពកងយោធពលខេមរភូមិន្ទ។ ដូច្នេះ កងយោធពលខេមរភូមិន្ទផ្ទាល់ត្រូវបន្តជំរុញផងដែរនូវការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព និងដើរទាន់សន្ទុះថ្មីនៃស្ថានភាពអំណោយផលនេះ។

ការថ្លែងនេះ នៅក្នុងពិធីបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ឆ្នាំ២០១៩ និងផ្សព្វផ្សាយផែនការសកម្មភាពការងារយោធា សន្តិសុខ ឆ្នាំ២០២០ របស់យោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់យោធភូមិភាគទី៣ ក៏ដូចជាគ្រប់បណ្តាកងឯកភាពចំណុះ នៅក្នុងការបំពេញភារកិច្ចថែរក្សាការពារសុខសន្តិភាព, ស្ថិរភាព និងការការពារបូរណទឹកដី ក៏ដូចជាការចូលរួមចំណែកនៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ និងការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ ដែលជាកិច្ចការសំខាន់នៅក្នុងការពង្រឹងខឿនការពារជាតិ ហើយទោះបីជាមានការលំបាកខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ប៉ុន្តែបានតស៊ូជម្នះដោយគំនិតច្នៃប្រឌិត និងមានការចូលរួមរបស់យោធិនទាំងអស់ រហូតសម្រេចបានលទ្ធផល និងស្នាដៃការងារល្អប្រសើរជាច្រើនគួរជាទីមោទនៈ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្តថា ពិធីនេះ គឺជាឱកាសមួយដ៏សមស្របសម្រាប់ធ្វើការពិនិត្យ, បូកសរុប និងវាយតម្លៃអំពីសកម្មភាពអនុវត្តផែនការក្នុងឆ្នាំចាស់កន្លងទៅ ដើម្បីបន្តអនុវត្តទិសដៅឆ្នាំថ្មី ២០២០ តាមរយៈការក្តាប់ជាប់នូវគោលគំនិតដឹកនាំ, របៀបរបបប្រព័ន្ធការងារ, និងការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ បញ្ហាប្រឈមនានា ដែលបានជួបប្រទះ សំដៅធានាសភាពការណ៍ទិសដៅការងារ ស្របតាមបទបញ្ជា សេចក្តីណែនាំរបស់រាជរដ្ឋាភិបាល, ក្រសួងការពារជាតិ, អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានដាក់ចេញ ក៏ដូចជាប្រសិទ្ធភាពការងារ និងមូលដ្ឋានការងាររយៈពេលវែង។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សូមអរគុណអភិបាល នៃគណៈអភិបាលខេត្តទាំង ៦ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់របស់ខេត្ត នៅក្នុងភូមិសាស្ត្រយោធភូមិភាគទី៣ ដែលចូលរួមសហការ និងគាំទ្រដល់ការងាររបស់កងយោពលខេមរភូមិន្ទ ដោយរួមសហការគ្នា ដើម្បីបំពេញភារកិច្ចក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដើម្បីធានាសន្តិភាព សន្តិសុខ និងការអភិវឌ្ឍជាតិ និងសូមអំណរគុណចំពោះអង្គភាពសម្ព័ន្ធមេត្រីភាព និងសប្បុរសជននានា ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឧបត្ថម្ភគាំទ្រកងយោធពលខេមរភូមិន្ទ ជាពិសេសនៅក្នុងដំណាក់កាលដែលកងយោធពលខេមរភូមិន្ទ កំពុងខិតខំពុះពារសម្រេចឱ្យបាននូវកំណើរការកំណែទម្រង់របស់ខ្លួន ដើម្បីកសាង និងពង្រឹងប្រៀបការពារជាតិឱ្យបានកាន់តែរឹងមាំ ធានាបាននូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី៕