ចិន​រាយការណ៍​ពី​ការ​បាត់​បង់ជីវិត​មនុស្ស ៧១​នាក់​ថែម​ទៀត​ដោយ​សារ​​ជំងឺ COVID-19​

197

ចិន៖ ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​ ទី​២៥ ខែ​កុម្ភៈ​នេះ​បាន​រាយការណ៍​ថា ​មាន​អ្នក​បាត់បង់​ជីវិត​ចំនួន ៧១​នាក់​ផ្សេង​ទៀត​ដោយសារ​ជំងឺ​ថ្មី COVID-19 ជា​ចំនួន​អ្នក​បាត់​បង់ជីវិត​ប្រចាំថ្ងៃ​ទាប​បំផុត ​ក្នុង​រយៈ​ពេល​ជាង ២​សប្ដាហ៍​ ដែល​បាន​ធ្វើ​ឱ្យ​ចំនួន​អ្នក​បាត់បង់​ជីវិត​កើន​ឡើង​ដល់ ២.៦៦៣​នាក់​។​

គណៈកម្មការ​សុខភាព​ជាតិ​ក៏បាន​រាយការណ៍​ផង​ដែរ​ថា ​មាន​ការ​ឆ្លង​ថ្មី​ចំនួន ៥០៨​ករណី​ដែល​មានតែ ៩​ករណី​ប៉ុណ្ណោះ​នៅ​ក្នុង​ខេត្ត​ហ៊ូ​ប៉ី​ ជាទី​ដែល​រង​ការ​គ្រោះ​ខ្លាំង​ជាង​គេ​បំផុត​នោះ​។​ ចំនួន​អ្នក​បាត់បង់​ជីវិត​ដោយសារ​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​នេះនៅ​ចិនដីគោក​ បាន​កើន​ឡើង​ដល់ ២.៦៦៣​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​ច័ន្ទ​ ដោយ​កើន​ឡើង ៧១​នាក់​បន្ថែម​លើ​ចំនួន​កាលពី​ថ្ងៃ​កន្លងទៅ​។ ចំនួន​សរុប​នៃ​ករណី​ឆ្លង​ដែល​បាន​បញ្ជាក់​នៅ​ចិនដីគោក ​ឥឡូវនេះ​មាន​ចំនួន ៧៧.៦៥៨​ករណី​។​ ខេត្ត​ជាច្រើន​ក្នុង​ប្រទេស​ចិន​បាន​រាយការណ៍​ ពី​ករណី​ថ្មី​ចំនួន​សូន្យ​ជាច្រើន​ថ្ងៃ​ជាប់ៗ​គ្នា​ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ​ការ​រីក​រាលដាល​នៃ​ជំងឺ​នេះ​បាន​កើន​ឡើង​ ដល់​កម្រិត​ខ្ពស់​នៅ​ក្នុង​ប្រទេស​ចិន​៕

អត្ថបទ៖ សុខ​មាន