ប៊ុន សុ​ផុត ជម្នះ​ភាព​ភ័យ​ខ្លាច និង​ការ​បរាជ័យ​រហូត​ផ្ដួល​គូប្រកួត​សន្លប់ ៥​ប្រកួត​ជាប់ៗ​គ្នា

86

ប្រដាល់៖ អ្នកលេង​គុន​ខ្មែរ ប៊ុន សុ​ផុត ត្រូវ​បាន​អ្នកគាំទ្រ​វិស័យ​កីឡាប្រដាល់ ស្ងើចសរសើរ​មិន​ដាច់​ពី​មាត់ បន្ទាប់ពី​កីឡាករ​វ័យក្មេង​រូប​នេះបាន​ព្យាយាម​ជម្នះ​ភាព​ភ័យ​ខ្លាច និង​ការ​បរាជ័យ​រហូត​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់ ៥​ប្រកួត​ជាប់ៗ​គ្នា​លើស​ង្វៀន។

កូនសិស្ស​អតីត​កីឡាករ​ជើង​ខ្លាំង អេ ភូ​ថត រូប​នេះ​បាន​រៀបរាប់​ប្រាប់​ក្រុមការងារ BTV ក្រោយ​ផ្ដួល​កីឡាករ ឡុង សំណាង លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យកាលពី​ចុង​សប្ដាហ៍​កន្លងទៅ​ថា ខ្លួន​មាន​មោទនភាព​ជា​ខ្លាំង ដែល​អាច​សម្រេច​បាន​យក​ដណ្ដើម​បាន​ជ័យជម្នះ ៥​ប្រកួត​ចុងក្រោយ ក្រោយ​ឆ្លងកាត់ ៥​ប្រកួត​ដំបូង​សុទ្ធតែ​បរាជ័យ។​ អ្វី​ដែល​ពិសេស​កីឡាករ​វ័យ ១៩​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ការ​តាំង​ចិត្ត​យ៉ាង​មុតមាំ ក្នុង​ការ​ប្រកួត​ប្រជែង​ពានរង្វាន់​អ្នក​ប្រដាល់​គុន​ខ្មែរ ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន ពោល​គឺ​មិន​ខ្លាច​នរណា​ឡើយក្រោយ​ខ្លួន​បាន​ផ្ដួល​គូប្រកួត​ត្រឹម​ទឹក​ទី​២ ក្នុង​ជំនួប​បើកឆាក​ពូ​ល A កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ។​

គួរ​បញ្ជាក់​ថា ជាមួយ​ការប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ របស់​សង្វៀន​បាយ័ន កីឡាករ​មាន​ស្រុក​កំណើត​ពី​ខេត្ត​បន្ទាយមានជ័យ ប៊ុន សុ​ផុត គឺ​ស្ថិត​ក្នុង​ពូ​ល A ជាមួយ ឡុង សំណាង​, ប៊ុ ថា​ន់ ប៊ុនរុង និង អៀម លី​ឆា ខណៈ​ពូ​ល B មាន​កីឡាករ សូត្រ សាណូ​, អេ​លី​ត ឡុង​ឡឺ​, ម៉ិ​ល សារុន និង ធា វាសនា។ ចំពោះ​ប្រកួត​បន្ទាប់ ប៊ុន សុ​ផុត ត្រូវ​ជួប​កីឡាករ អៀម លី​ឆា នា​ថ្ងៃ​ទី​២២ ខែ​មីនា​ខាងមុខ៕

អត្ថបទ៖ លី ឈុន​ឡា