សម្តេចតេជោ ​​ណែនាំ​មន្ត្រី​ទូទាំង​ប្រទេស​ត្រូវធ្វើជា​ខ្ញុំ​បម្រើ​របស់​ពលរដ្ឋ​ដ៏​ស្មោះត្រង់បំផុត

124

ភ្នំពេញ ៖ ​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា បាន​រំលឹក​ដាស់តឿន ​ណែនាំ​មន្ត្រី ទាំងអស់ នៅទូទាំងប្រទេស ​ត្រូវដាក់ផលប្រយោជន៍ របស់ប្រជាជនធ្វើជាស្នូល ពោល​​ត្រូវ​ធ្វើជាខ្ញុំបម្រើ​ របស់ប្រជាជន​ដោយស្មោះត្រង់បំផុត ។

ក្នុងពិធីប្រគល់​សញ្ញាប័ត្រ និង​វិញ្ញាបនបត្រ​ ដល់សិស្ស មន្ត្រី និងកម្មសិក្សាការី របស់សាលាភូមិន្ទរដ្ឋ បាល នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះ សម្ដេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា បាន​ណែនាំ​​ថា ដំបូង មន្ត្រីត្រូវរៀបចំផែនការឱ្យបាន​ហ្មត់ចត់ ​ជាក់លាក់​ ចាត់តាំង​អនុវត្តន៍​ និង​ត្រូវចេះ​​ត្រៀម​ដោះស្រាយ នូវកត្តាចៃដន្យ ​ដែលវានឹងអាចកើតមានឡើង ​យ៉ាងណាមិញ ​​ដូចជាបច្ចុប្បន្ន ដែល​កំពុង​រងផលប៉ះពាល់ ​ដោយសារមេរោគ COVID-19 ជាដើម។

សម្តេចតេជោ បានបញ្ជាក់ថា ​ការរៀបចំផែនការបានជាក់លាក់ ​ចាត់តាំងអនុវត្តន៍​ និងត្រៀមដោះ ស្រាយ​កត្តាចៃដន្យ ​មានន័យថា ​ការរៀបចំផែនការបានជាក់លាក់ គឺសម្រេចលទ្ធផល​​បាន​​ត្រឹម​តែ​៣០ភាគ រយប៉ុណ្ណោះ ​ហើយការចាត់តាំងអនុវត្តបានត្រឹមត្រូវ សម្រេចលទ្ធផល​​បានត្រឹមតែ៣០ភាគ​​រយទៀត​ ប៉ុណ្ណោះ គឺស្មើនឹង៦០ភាគរយ​ ដូច្នេះនៅសល់៤០ភាគរយទៀត​ ជាកត្តាចៃដន្យ ដូចជា​ បញ្ហា COVID-19 ដែលកំពុងកើតនេះ ​ប្រសិនបើដោះស្រាយឲ្យបានល្អនោះ​​នឹងសម្រេច​បាន​​ជោគជ័យ ​១០០ភាគរយ។

សម្ដេច បានបញ្ជាក់ទៀតថា ​ពេលកត្តាចៃដន្យកើតឡើង​ វានឹងលេចចេញនូវមនុស្សពីរប្រភេទ គឺ ប្រភេទអ្នកចាំតែរាយការណ៍​យកល្អទៅថ្នាក់លើ ​និងស្ដីបន្ទោសថ្នាក់ក្រោម។ ​ទី២ គឺជាប្រភេទ ដែល​គិតគូរ ​តែពីការខិតខំធ្វើការ រួចហើយទើបរាយការណ៍ជូនថ្នាក់លើ​ ជាពិសេសសម្ដេច បាន​ផ្តាំផ្ញើ​ទៅ​​​កាន់មន្ត្រីនៅ ​ទូទាំង​​ប្រទេស ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះការ​លូកលាន់​ ពីប្រពន្ធ ​ឬ​ កូន ដែល​អាង​បុណ្យសក្តិឪពុក ​ទៅប្រព្រឹត្ត ​ទង្វើដែលសង្គមស្អប់ខ្ពើម៕