សហព័ន្ធ​បាល់ទាត់​ហ្វីលីពីន​ដាក់​បញ្ចូល​ក្រុម​យុវជន​អាយុ​ក្រោម​ ២៣​ឆ្នាំ​ប្រកួត​ប្រជែង​លី​គ​កំពូល​ហ្វីលីពីន​ឆ្នាំ​២០២០

88

បាល់ទាត់៖ ​សហព័ន្ធ​កីឡា​បាល់ទាត់​ហ្វីលីពីន (PFF) បាន​ប្រកាស​ពី​ការ​ដាក់​បញ្ចូល​ក្រុម​យុវជន​អាយុ​ក្រោម​ ២៣​ឆ្នាំ​ជម្រើស​ជាតិ​ ឲ្យ​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​ហ្វីលីពីន Philippines Football League 2020 ក្នុង​គោលបំណង​ពង្រឹង ​និង​ពង្រីក​ឱកាស​ប្រកួត​ប្រជែង​ឱ្យ​កាន់តែ​ខ្ពស់​ ដល់​ធនធាន​យុវជន​ជម្រើស​ជាតិ​ក្នុង​ការ​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​។

​​ក្រុម​យុវជន​ទាំងនេះ​នឹង​ត្រូវ​ប្រើប្រាស់​ឈ្មោះថា “Azkals Development Team (ADT)” ដោយ​ត្រូវ​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ទាំង ​៦​ផ្សេងទៀត​នៅ​លី​គ​កំពូល​ហ្វីលីពីន​រួមមាន Ceres Negro, Global Makati FC, Kaya FC, Mendiola FC 1991, ក្រុម​ទ័ពអាកាស​ហ្វីលីពីន (Philippine Air Force) និង Stallion Laguna FC​។​ ​សូម​បញ្ជាក់​ថា​ សមាសភាព​ភាគច្រើន​នៃ​ក្រុម​នេះ ​ចេញ​មកពី​ក្រុម​យុវជន​អាយុ​ក្រោម​ ២២​ឆ្នាំ​នៃ​ការប្រកួត Sea Game ឆ្នាំ​២០១៩ ​ដែល​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​កាល​ពី​ពេល​ថ្មី​ និង​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ថ្នាល​យុវជន​ហ្វីលីពីន​លោក​ Goran Milojevic​។​ សូម​រំឭក​ថា លី​គ​កំពូល​ហ្វីលីពីន​នឹង​ត្រូវ​ចាប់ផ្ដើម​យុទ្ធនាការ​ពី​ខែ​មីនា​នេះ​តទៅ​ ខណៈ​ដែល​ក្រុម​គ្រង​ជើងឯក​នឹង​ទទួល​បាន ​កៅអី​ស្វ័យ​ប្រវត្តិ​នៅ​វគ្គ​ចែក​ពូ​ល AFC Champions League ២០២១៕

អត្ថបទ៖ ខន មេសា