គណបក្ស Bersatu ច្រាន​ចោល​ការ​លាលែង​ពី​តំណែង​របស់​លោក Mahathir ជា​ប្រធាន​គណបក្ស​

145

ម៉ាឡេស៊ី៖ សមាជិក​នៃ​គណបក្ស​ Parti Pribumi Bersatu Malaysia (Bersatu) បាន​ច្រាន​ចោល​ការ​លាលែង​របស់​លោក​បណ្ឌិត Mahathir Mohamad ជា​ប្រធាន​គណបក្ស​ ហើយ​បាន​សន្យា​គាំទ្រ​រូប​លោក​ ​ដើម្បី​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​។​

ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស ​Bersatu កាលពី​យប់​ថ្ងៃ​ច័ន្ទ (២៤ កុម្ភៈ​) អគ្គលេខាធិការ​គណបក្ស​លោក​ Marzuki Yahya បាន​និយាយ​ថា​ សមាជិក​នៃ​ក្រុមប្រឹក្សា​ជាន់ខ្ពស់​របស់​គណបក្ស Bersatu ជា​ឯកច្ឆន្ទ​ក្នុង​ការ​គាំទ្រ​លោក​បណ្ឌិត Mahathir។​ លោក Marzuki បាន​និយាយ​ថា ​“យើង​ទើបតែ​បញ្ចប់​ការប្រជុំ​ពិសេស​មួយ ​ក្នុង​ចំណោម​សមាជិក​ជាន់ខ្ពស់​របស់​គណបក្ស​ ហើយ​ក្នុងចំណោម​បញ្ហា​នានា​ដែល​ត្រូវ​បាន​ពិភាក្សា​ នៅ​ពេល​បច្ចុប្បន្ន​នេះ​គឺថា ​យើង​ជា​ក្រុម​ប្រឹក្សា​ជាន់ខ្ពស់​ច្រាន​ចោល ​លិខិត​លាលែង​ពី​តំណែង​របស់​លោក Mahathir ​ជា​ប្រធាន​គណបក្ស។​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Mahathir Mohamad បាន​លាលែង​ពី​តំណែង​ ហើយ​គណៈរដ្ឋមន្ត្រី​ត្រូវ​បាន​រំលាយ​ ដែល​ធ្វើ​ឱ្យ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ ធ្លាក់​ចូល​ក្នុង​ភាព​វឹកវរ​មិន​ដល់ ២ឆ្នាំ​ផង ​បន្ទាប់ពី​មេដឹកនាំ​វ័យ ៩៤​ឆ្នាំ​រូប​នេះ​បាន​ចូល​កាន់​តំណែង ​ក្នុង​ការ​បោះឆ្នោត​ជា​ប្រវត្តិសាស្ត្រ​៕

អត្ថបទ៖ សុខ​មាន