មេរោគ Covid-19 កាន់​តែ​រីក​ធំ​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង​ពន្យារពេល​ចាប់ផ្ដើម​លី​គ​កំពូល K-League

109

បាល់ទាត់៖ ​ការ​ចាប់ផ្ដើម​រដូវ​កាល​ឆ្នាំ​២០២០ នៃ K-League ដែល​ជា​លី​គ​បាល់ទាត់​លំដាប់​កំពូល​នៃ​សាធារណរដ្ឋ​កូរ៉េ​ ត្រូវ​បាន​ពន្យារពេល​ដោយ​គ្មាន​កំណត់ ​បន្ទាប់ពី​ប្រទេស​នេះ​មានការ​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភ​ នៃ​ការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា Covid-19​។ ​បច្ចុប្បន្ន​​កូរ៉េខាងត្បូង​ស្ថិត​នៅ​ក្រោម​កម្រិត​ខ្ពស់​បំផុត​ នៃ​ការ​ប្រកាស​អាសន្ន​ថ្នាក់​ជាតិ​ ដោយ​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ផ្លូវ​ដង្ហើម Covid-19 នៅ​ទីក្រុង Daegu​

ទោះ​យ៉ាង​ណា​ក៏ដោយ​វា​ត្រូវ​បាន​គេ​រាយការណ៍​ថា ​វីរុស​នេះ​បាន​រីក​រាលដាល​ពាសពេញ​ប្រទេស ​រួម​ទាំង​ក្នុង​ចំណោម​កម្លាំង​យោធា​រ​បស់​ខ្លួន​ផង​ដែរ​។​ ​ជាមួយគ្នា​នោះ K-League បាន​សម្រេច​ចិត្ត​ពន្យារ​ពេល​រដូវ​កាល​ថ្មី​ដោយ​គ្មាន​កំណត់ ​ជា​ការ​ឆ្លើយតប​បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​បន្ទាន់ ​កាលពី​ថ្ងៃ​ច័ន្ទ​។​ ​ថ្វីបើ​ការ​ប្រកួត​បាល់​ទាត់​ក្នុងស្រុក​ត្រូវ​បាន​ពន្យារពេល ការប្រកួត​នៅ​ក្រប​ខណ្ឌ AFC Champions League ក្នុង​ទឹកដី​របស់​ក្លិប​កូរ៉េ​នឹង​ដំណើរ​ការ​ធម្មតា តែ​មិន​អនុញ្ញាត​អោយ​មាន​អ្នក​ចូល​ទស្សនា​ឡើយ​។ ​រដូវ​កាល​ឆ្នាំ​២០២០ ​នៃ​លី​គ​ក្នុងស្រុក​របស់​ប្រទេស​កូរ៉េ ​ដំបូង​គ្រោង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២៩​ ខែ​កុម្ភៈ​ដោយ​ក្រុម Jeonbuk Hyundai ជា​ក្រុម​ការពារ​ជើងឯក​៕

អត្ថបទ​៖​នាង សុភា​វុ​ធ