Kante​ របួស​មិន​អាច​ចូល​លេង​បាន​ពេល Chelsea ទទួល Bayern Munich យប់​នេះ​

123

បាល់ទាត់៖ ​ខ្សែ​បំរើ​បារាំង N’Golo Kante​ នឹង​អវត្តមាន​សំរាប់​ការប្រកួត​រាត្រី​នេះ​វគ្គ ១៦​ក្រុម​ចុង​ក្រោយ UEFA Champions League ពេល Chelsea ទទួល​ភ្ញៀវ​ជើងឯក​អាល្លឺម៉ង់ Bayern Munich​។ ​ខ្សែ​បម្រើ​រូប​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​អវត្តមាន​ប្រហែល ៣​សប្ដាហ៍​ដោយមាន​របួស​សាច់ដុំ​។ ​Christian Pulisic, Pedro និង​ Callum Hudson-Odoi​ ក៏​ទំនងជា​អវត្តមាន​ដែរ​ ប៉ុន្តែ ​Ruben Loftus-Cheek អាច​ចូល​លេង​បាន​បន្ទាប់ពី​ត្រលប់​មកវិញ និង​ជា​កីឡាករ​បម្រុង​ទល់នឹង ​Tottenham ​កាលពី​ថ្ងៃ​សៅរ៍​។​

ចំណែក​ខ្សែ​ការពារ​របស់​ក្លិប ​Bayern Munich គឺ​ Niklas Sule​ របួស​ជង្គង់​ និង​ខ្សែប្រយុទ្ធ ​Ivan Perisic ​របួស​កជើង​ក៏​អវត្តមាន​ផង​ដែរ​។​ ​ទោះ​យ៉ាង​ណា​ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​ Javi Martinez អាច​នឹង​វិល​ត្រឡប់​មក​វិញ​ បន្ទាប់ពី​ខកខាន​ការ​ប្រកួត​ ៦​លើក​កន្លងមក​ដោយ​ការ​រហែក​សាច់ដុំ​។​ ​អ្នក​ចាត់​ការ​ក្រុម​តោ​ខៀវ​ Chelsea លោក ​Frank Lampard និយាយ​ថា ​លោក​មាន​ទំនុក​ចិត្ត​លើ​ក្រុម​របស់​លោក ទោះ​សំបូរ​ដោយ​យុវជន​ក៏ដោយ​។ ​រំលឹក​ថា Chelsea តែងតែ​ធ្លាក់​ត្រឹម​វគ្គ ១៦​ក្រុម​ចុង​ក្រោយនេះ​ក្នុង​ការ​បង្ហាញខ្លួន​នៅ Champions League ៣​លើក​ចុង​ក្រោយ​រាប់​ពី​ឆ្នាំ​២០១៤ ខណៈ​ពួកគេ​នឹង​ត្រូវ​ប្រឈម​ជាមួយ​ ខ្សែប្រយុទ្ធ​កំពុង​មាន​ទំរង់​លេង​អស្ចារ្យ Robert Lewandowski

អត្ថបទ​៖​នាង សុភា​វុ​ធ