ជប៉ុន​ផ្ដល់​ជំនួយ​ជិត ៩០​ម៉ឺន​ដុល្លារ​ជួយ​លើ​គម្រោង ៣​ផ្សេងគ្នា​នៅ​កម្ពុជា​

171

ភ្នំពេញ៖ រដ្ឋាភិបាល​ជប៉ុន នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​ឆ្នាំ ២០២០​នេះ បាន​ផ្ដល់​ជំនួយ​ជាង ១​លាន​៤​សែន​ដុល្លារ ដល់​កម្ពុជា ដើម្បី​អនុវត្ត​គម្រោង ៣​ផ្សេងគ្នា ដោយ​គម្រោង​ទាំងនោះ​មាន​ដូចជា​គម្រោង​លើកកម្ពស់​វិស័យ​កសិកម្ម វិស័យ​សុខាភិបាល និង​គម្រោង​កសាង​សមត្ថភាព​យុវជន​។​

ការ​ផ្ដល់​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​ជិត ៩០​ម៉ឺន​ដុល្លារ ជា​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​អង្គការ​ក្រៅ រដ្ឋាភិបាល​ជប៉ុន ដោយ​ផ្ដល់ជូន​អង្គការ​ចំនួន ៣ ដើម្បី​បំពេញការងារ​របស់​ខ្លួន បម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ក​កម្ពុជា​។​

សម្រាប់​គម្រោង​ទី មាន​ទំហំ​ទឹកប្រាក់​ជាង ៨​ម៉ឺន​ដុល្លារ ជា​គម្រោង​សាងសង់​អាង​ស្តុក​ទឹក និង​បរិក្ខារ​សម្រាប់​លើកកម្ពស់​កសិកម្ម​នៅ ខេត្តព្រះវិហារ​។ គម្រោង​នេះ​ផ្ទាល់​អាច​ផ្ដល់​ប្រយោជន៍ ដល់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​អាចធ្វើ​កសិកម្ម​ក្នុង​រដូវប្រាំង និង​រៀន​ពី​បច្ចេកវិទ្យា​កសិកម្ម ព្រមទាំង​បរិក្ខា​សម្រាប់​អភិវឌ្ឍ ក្នុង​តំបន់​ប្រកបដោយ​និរន្តរភាព​។​

រីឯ​គម្រោង​ទី ២ គឺមាន​ទំហំ​ទឹកប្រាក់​ជាង ៤៥​ម៉ឺន​ដុល្លារ ដែល​ផ្តោតលើ សុខភាព អាហារូបត្ថម្ភ ទឹកស្អាត​និង​អនាម័យ ក្នុង​ខេត្តព្រះវិហារ​ផងដែរ​។ គម្រោង​នេះ​នឹង​ផ្ដល់​ការបណ្ដុះបណ្ដាល និង​ការអប់រំ​សុខភាព​ដល់​បុគ្គលិក​សុខាភិបាល និង​សហគមន៍​មូលដ្ឋាន​ដើម្បី កែលម្អ​ស្ថានភាព​សុខភាព មាតា និង​ទារ​កនៅ​ស្រុក​ចំនួន ៤ ក្នុង​ខេត្តព្រះវិហារ​។

ចំណែក​គម្រោង​ទី ៣​គឺ​ផ្តោតលើ ការកសាង​សមត្ថភាព​យុវជន ក្នុង​ខេត្ត​ប៉ៃលិន ដោយ​ពង្រឹង​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​។ គម្រោង​នេះ ​មាន​ទំហំ​ទឹកប្រាក់​ជាង ៣៥​ម៉ឺន​ដុល្លារ សម្រាប់​ការអប់រំ​ជា​ជំនាញ​ដើម្បី​បង្កើត​មូលដ្ឋានគ្រឹះ​នៃ​ជីវិត​កាន់តែ​ប្រសើរ សម្រាប់​គាំទ្រ​ដល់​យុវជន ជាពិសេស​យុវជន​ដែល​ពុំមាន​ការងារ​ជាប់លាប់ ខ្វះ​ជំនាញ​ជីវិត និង​យុវជន​ដែល​បាន​បោះបង់​ការសិក្សា​។​

ការផ្ដល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្ដើម​នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ ២០០២ ដើម្បី​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា​នៅតាម​កម្រិត​មូលដ្ឋាន​។ សរុប​តាំងពី​ឆ្នាំ ២០០២​មក​នោះ រដ្ឋាភិបាល​ជប៉ុន​បានផ្ដល់​ថវិការ​ជាង ៣៩​លាន​ដុល្លារ ដល់​គម្រោង​ចំនួន ១២៥​គម្រោង ផ្ដោតលើ​វិស័យ​អប់រំ​នៅ​កម្រិត​មូលដ្ឋាន វិស័យ​សុខាភិបាល វិស័យ​កសិកម្ម និង​សកម្មភាព​សម្អាត​មីន​ក្នុងប្រទេស​កម្ពុជា​៕​