ឯកឧត្ដម ជា វ៉ាន់​ដេ​ត​៖ ក្រុម​មិត្តភាព​សភា​កម្ពុជា​-​ឡាវ ត្រូវ​ពង្រឹង​ទំនាក់ទំនង ​ដើម្បី​ពលរដ្ឋ​នៅ​បន្ទាត់​ព្រំដែន​

132

ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ ដេ​ត សមាជិក​នៃ​រដ្ឋសភា​កម្ពុជា បាន​ស្នើ​ដល់​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​ទ្បាវ ពង្រឹង​ទំនាក់ទំនង ដើម្បី​សុខសន្តិភាព​ប្រជាពលរដ្ឋ​តាម​បន្ទាត់​ព្រំដែន​។

ការ​ថ្លែង​របស់​ឯកឧត្តម ជា វ៉ាន់ ដេ​ត ក្នុង​ជ​នួ​ប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្ដម ប៊ុន​ថង ឌី​វិស័យ H.E. Bounthong DIVIXAY អភិបាលខេត្ត​ចំប៉ា​សាក់ នៅ​ល្ងាច​ថ្ងៃ​ទី​២៤ ​ខែកុម្ភៈ​ ឆ្នាំ​២០២០​នេះ ខណៈ​គណៈ​​ប្រតិភូ​សភា​កម្ពុជា​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ​។

​​​ឯកឧត្ដម ប៊ុន​ថង ឌី​វិស័យ អភិបាលខេត្ត​ចំប៉ា​សាក់ បាន​លើក​ឡើងថា ទស្សនកិច្ច​នេះ​នឹង​ជំរុញ​បន្ថែម​ទៀត ក្នុង​ការ​បន្ត​រឹតបន្តឹង ទំនាក់ទំនង​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី និង​កិច្ច​សហប្រតិបត្តិការ លើ​គ្រប់​វិស័យ រវាង​ស្ថាប័ន​​​នីតិប្បញ្ញត្តិ និង​ស្ថាប័ន​នីតិប្រតិបត្តិ ​នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​រដ្ឋាភិបាល​និង​ប្រជាជន​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ​ឲ្យ​កាន់តែ​រឹងមាំ​និង​រីកចម្រើន​ទ្វេដង​ថែមទៀត​។

​​​ទន្ទឹម​នឹងនេះ ឯកឧត្ដម ជា វ៉ាន់​ដេ​ត បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​វឌ្ឍនភាព នៃ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​​ និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក៏ដូចជា​បក្ស​រដ្ឋ រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​ឡាវ ដែល​មាន​ការ​រីកចម្រើន​ឥត​ឈប់ឈរ​បាន​នាំមក​នូវ​ផលប្រយោជន៍​ដ៏​ឧត្ដុង្គឧត្ដម​សម្រាប់​ប្រជាជាតិ​ទាំងសងខាង​។​

​​​ជា​មួយ​គ្នា​នេះ​ ឯកឧត្តម​ ជា វ៉ាន់​ដេ​ត ស្នើ​ឱ្យ​ភាគី​ឡាវ​ជំរុញ​ទំនាក់ទំនង​ប្រជាពលរដ្ឋ​ប្រទេស​ទាំងពីរ ពិសេស​ពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ឲ្យ​កាន់​តែមាន​ភាព​ជិតស្និទ្ធ​គ្នា​ឡើង ក្នុង​ការ​កសាង​បន្ទាត់​ព្រំដែន​កម្ពុជា​និង​ឡាវ​ជា​ព្រំដែន​សុខ​សន្តិភាព​និង​អភិវឌ្ឍន៍​។​

​​​ឯកឧត្ដម ប៊ុន​ថង ឌី​វិស័យ បាន​សម្តែង​ការកោតសរសើរ​ ចំពោះ​ការរីក​ច្រើនយ៉ាង​ខ្លាំង​របស់​កម្ពុជា​នៅ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ដែល​ធ្វើ​ឲ្យ​កម្រិតជីវភាព​របស់​ព​ល​រដ្ឋ​កាន់តែ​ល្អប្រសើរ​។

​​​ជា​ការ​ឆ្លើយតប ឯកឧត្តម ជា វ៉ាន់​ដេ​ត បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដ៏​ធំធេង​ដែល​ថ្នាក់ដឹកនាំ និង​ប្រជាជន​ឡាវ​សម្រេច​បាន ក្នុង​ការកសាង អភិវឌ្ឍ សេដ្ឋកិច្ច​សង្គម រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ឡាវ កាន់តែ​ល្អ​ប្រសើរ​៕​