រាជរដ្ឋាភិបាល សម្រេច​ចាត់​វិធាន​អន្តរាគមន៍​បន្ទាន់ លើកលែង​ពន្ធ ក្នុង​វិស័យ​ធំ​ៗ​ចំនួន​៣

220

ភ្នំពេញ៖ រាជរដ្ឋាភិបាល សម្រេច​ចាត់វិធានការ​អន្តរាគមន៍​បន្ទាន់​មួយ​ចំនួន ពាក់ព័ន្ធ​ការលើកលែង​ពន្ធ ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​, វិស័យ​សំលៀកបំពាក់​កាត់ដេរ ស្បែកជើង និង​កាបូប និង​វិធានការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច។

​​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្តីជូណដំណឹង អំពី​ការ​អនុវត្តន៍​វិធានការ​អន្តរាគមន៍​បន្ទាន់ របស់​រាជរដ្ឋាភិបាល ដើម្បី​ជួយ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍​, វិស័យ​សំលៀកបំពាក់​កាត់ដេរ ស្បែកជើង និង​ការ​បូ​ប និង​វិធានការ​ទ្រទ្រង់​សេដ្ឋកិច្ច ក្នុង​បរិ​ការ​នៃ​ការផ្ទុះ​ឡើង​នៃ​ជំងឺ ខូ​វីដ​១៩ និង​ព្យួរ​ភាព​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​មួយ​ចំនួន​ក្រោម​កម្មវិធី EBA , ក្នុង​នោះ វិធានការ​ទី​១ គឺ​ការ​ជួយ​គាំទ្រ​ដល់​វិស័យ​ទេសចរណ៍ ដូចជា​ការលើកលែង (​រដ្ឋ​ទទួលបន្ទុក​ពន្ធ​ជំនួស​) នូវ​ការ​បង់ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ​លើ​ផ្នែក​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ និង​សកម្មភាព​នៅ​ខេ​តុ្ត​សៀមរាប សម្រាប់​រយៈពេល ៤ ខែ ដោយ​ចាប់​គិតពី​ខែកុម្ភៈ រហូតដល់ ខែ​ឧសភា ឆ្នាំ​២០២០, ក្នុង​នោះ​ អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅតែ​ដាក់​លិខិត​ប្រកាស​ពន្ធអាករ និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ​លើ​តម្លៃ​បន្ថែម ជា​រៀងរាល់ខែ (E-VAT) ក្នុង​ពេល​លើកលែង​ពន្ធ និង​មិន​ធ្វើ​សវនកម្ម​ពេញលេញ សម្រាប់​ការិយាល័យ​បរិច្ឆេទ ឆ្នាំ​២០២០ ចំពោះ​សហគ្រាស​ក្នុង​វិស័យ​សណ្ឋាគារ និង​ផ្ទះសំណាក់ ដែល​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្ត​សៀមរាប​។​

​​​ចំណែក​វិធានការ​ទី​២ ការ​ជួយ​វិស័យ​សំលៀកបំពាក់​កាត់ដេរ ស្បែកជើង និង​ការ​បូ​ប​៖ រាជរដ្ឋាភិបាល​នឹង​បន្ត​ពិនិត្យ​ផ្តល់​ជូន​ការលើកលែង​ពន្ធ អាច​ពី ៦​ខែ ទៅ ១​ឆ្នាំ សម្រាប់​រោងចក្រ​សហគ្រាស​ដែល​ទទួលផល​ប៉ះពាល់​ធ្ងន់ធ្ងរ ទៅតាម​កម្រិត​ភាព​ធ្ងន់ធ្ងរ នៃ​ផល​ប៉ះពាល់​ជាក់ស្តែង លើ​រោងចក្រ​នីមួយៗ ដែល​បណ្តាលមកពី​ការខ្វះ​វត្ថុធាតុដើម​ផលិត និង​ព្យូ​រ EBA, ក្នុងនោះ ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​ដឹកនាំ​សម្របសម្រួល​រៀបចំ​រូបមន្ត និង​គោលការណ៍​ជាក់លាក់ សម្រាប់​វាយតម្លៃ ផ្តល់​ការលើកលែង​ពន្ធ​នេះ​។​

​​​ដោយឡែក​វិធានការ​ទី​៣ នៃ​ការ​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច រាជរដ្ឋាភិបាល​សម្រេច​លើកលែង​ពន្ធ​ប្រថាប់ត្រា សម្រាប់​អ្នកទិញ​ផ្ទះ ដែល​មាន​តម្លៃ​ទាប​ជាង ៧ ម៉ឺន​ដុល្លារ ក្នុង​រយៈពេល​១​ឆ្នាំ គឺ​ចាប់​គិត​ពី​ខែកុម្ភៈ ឆ្នាំ​២០២០ ដល់ ខែមករា ឆ្នាំ​២០២១ សម្រាប់​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅដ្ឋាន ដែល​ចុះបញ្ជី​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​នៅតាម​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ផង​ដែរ​៕