រដ្ឋមន្ត្រី​ទេសចរណ៍​សម្រេច​បង្កើត​ក្រុមការងារ​ពិសេស​ ដើម្បី​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​ទៅកាន់​ខេត្ត​សៀមរាប​

126

ភ្នំពេញ៖ នៅ​ខណៈ​ដែល​វិស័យ​ទេសចរណ៍​កម្ពុជា បាន​នឹងកំពុង​ជួប​រង​ការ​ប៉ះពាល់​ដោយសារ​ការរីក​រាល​នៃ​មេរោគ​Covid-19 នៅ​ពេលនេះ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានសម្រេច​បង្កើត​ក្រុមការងារ​ពិសេស ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​ ដែលមាន​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន​៤ ដើម្បី​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​អោយមាន​ភាពរស់រវើក ជាពិសេស​ការ​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​ទៅកាន់​គោលដៅ​ខេត្ត​សៀមរាប​។​

នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​ក្រុមការងារ​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព នៅ​ទីស្តីការក្រសួង ល្ងាច​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា ផែនការ​គោលដៅ​ជា​យុទ្ធសាស្ត្រ​ចំនួន​៤​នោះ ដែល​ក្រសួងទេសចរណ៍​អនុវត្ត​ដើម្បី​ស្តា​វិស័យ​ទេសចរណ៍​អោយ​មាន​ភាពល្អ​ប្រសើរឡើង​វិញ​នេះ គឺ​មាន​ដូចជា៖ ​ផែនការ​រៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍​ធំៗ​ចំនួន​ប្រមាណ​ជាង​១៨​ព្រឹត្តិការណ៍​នៅ​ខេត្តសៀមរាប ផែនការ​រៀបចំ​ផ្តល់​ការ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ជំនាញ​នានា​ជូន​ដល់​បុគ្គលិក​នានា ​នៅ​តាម​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ដោយមាន​ការផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម និង​អនុវត្ត​ផែនការ​រៀបចំ​ខ្សែ​ទស្សនកិច្ច​ជំរុញ​ចលនា​ទេសចរ​ក្នុងស្រុក​ទៅកាន់​ខេត្តសៀមរាប​និង​បណ្តា​ខេត្ត​នានា​ទៀត ដើម្បី​ទ្រទ្រង់​ឧស្សាហកម្ម​ទេសចរណ៍​ក្នុងស្រុក​ជាដើម​។​

ឯកឧត្ដម ថោង ខុន បន្ត​ថា នៅក្នុង​រយៈពេល​ជាង​២០​ថ្ងៃ​ចុង​ក្រោយនេះ គោលដៅ​ទេសចរណ៍​មួយចំនួន​ បាននឹងកំពុង​កើនឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​អញ្ជើញ​ទៅ​ទស្សនា​កំសាន្ត ក្នុង​នោះ ​ខេត្ត​បាត់ដំបង​មាន​ភ្ញៀវ​ក្នុងស្រុក​ទៅ​ទស្សនា​កម្សាន្ត​កើន​ឡើង​ជាង​២៦% ខណៈ​គោលដៅ​ខេត្ត​កំពត កែប ក៏​មាន​កើនឡើង​ផងដែរ ដោយឡែក​គោលដៅ​ទេសចរណ៍​នៅ​ខេត្តសៀមរាប និង​ខេត្ត​ព្រះសីហនុ​វិញ គឺ​មិន​ទាន់មាន​កំណើន​ឡើងវិញ​នោះទេ​។​

តែ​ទោះ​យ៉ាងណាក៏ដោយ ឯកឧត្តម បាន​បញ្ជាក់ថា ប្រទេស​កម្ពុជា គឺជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​សុវត្ថិភាព ផ្តល់​ភាពកក់ក្តៅ ហើយ​មិនមាន​ពលរដ្ឋ​ខ្មែរ​ណា​ម្នា​ក់មាន​ផ្ទុកមេរោគ​ឆ្លង​Covid-19​នោះទេ ខណៈ​មុននេះ កម្ពុជា​បាន​រកឃើញ​ជនជាតិ​ចិន​ម្នាក់​មាន​ផ្ទុកមេរោគ​Covid-19​នេះ តែ​កម្ពុជា​បាន​ព្យាបាល​អោយ​គាត់​ជាសះស្បើយ​រួចហើយ ហើយ​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង​២០០០​នាក់​នៅលើ​នាវា​ទេសចរណ៍​Westerdam មកដល់ពេលនេះ​ក៏បាន​បញ្ជាក់ថា មិនមាន​ភ្ញៀវ​ណា​ម្នាក់​មាន​ផ្ទុកមេរោគ​Covid-19​នេះដែរ​៕​