បារាំង៖ លោកប្រធានាធិបតី​បារាំង អេ​ម៉ា​នុយ​អែល ម៉ា​ក្រុង (Emmanuel Macron) បាន​ថ្លែង​ថា សហភាព​អឺរ៉ុបត្រូវតែ​បញ្ឈប់​ការពឹងផ្អែកលើ​អាមេរិកសម្រាប់សន្តិសុខ ហើយ​ពេលនេះត្រូវតែ​ពឹង​ផ្អែកលើ​កង​កម្លាំង​យោធា​ខ្លួនឯង ដើម្បី​ការពារ​ប្រទេស​របស់​ខ្លួន។

​ក្នុង​សុន្ទរកថា​មួយ​ថ្លែង​ទៅកាន់​ក្រុម​ឯកអគ្គរដ្ឋទូត​ប្រចាំ ​នៅ​ប្រទេស​បារាំងកាលពី​ថ្ងៃ​ចន្ទ លោក ម៉ា​ក្រុង និយាយ​ថា លោកនឹង​ដាក់​សំណើ​ថ្មី​មួយ​ចំនួនទៅកាន់​សហភាព​អឺរ៉ុប ដើម្បីពង្រឹង​ផ្នែក​សន្តិសុខ ហើយ​ថាប្រទេស​ទាំង​អស់​នៅ​អឺរ៉ុបរួម​ទាំង​រុស្ស៊ី​ផង គួរតែ​ចូលរួម​ពិភាក្សា​ផ្ដោត​លើ​សហប្រតិបត្តិការ​ការពារ​ជាតិ​។ លោកថា អឺរ៉ុបមិន​អាច​ពឹងផ្អែកទៅលើ​អាមេរិក​ទាំងស្រុង​នោះ​ឡើយ ​សម្រាប់​ផ្នែក​សន្តិសុខ​របស់​ខ្លួន។​ វា​អាស្រ័យ​ទៅ​លើ​ពួក​លោក ដែល​ត្រូវ​ដោះស្រាយ​ការទទួលខុសត្រូវ​ និង​ការធានា​សន្តិសុខ​របស់​ខ្លួន​។​

​ចាប់​តាំង​ពី​ការបោះឆ្នោត​កាលពី​ខែ​ឧសភា​ឆ្នាំ 2017 មក មេដឹកនាំ​វ័យ 40ឆ្នាំ​រូប​នេះ​បាន​ធ្វើ​យុទ្ធនាការ​ ដើម្បី​ធ្វើ​សមាហរណកម្ម​សហគមន៍​អឺរ៉ុប​បន្ថែម​ទៀត ​តាមរយៈ​ថវិកា​ការពារ​ជាតិ ​និង​គោលនយោបាយ​សន្តិសុខ​រួម​។​ នៅ​ក្នុង​សុន្ទរកថា​នោះលោក ​ម៉ា​ក្រុង បាន​និយាយ​ថា កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេសរុស្ស៊ី​ គួរតែ​កើត​មាន​ឡើង​នៅ​លើ​លក្ខខណ្ឌ ដែល​ថា​មាន​សន្ទុះ​ជឿនលឿនជាមួយ​ក្រុង​មូស្គូ​ ស្ដីពី​ការ​ប្រយុទ្ធ​គ្នា​នៅ​ប្រទេស​អ៊ុយ​ក្រែន​ខាងកើត​៕
អត្ថបទ៖ សុខ​មាន