សមាគម​អ្នកបញ្ជា​ទិញ​ផលិតផល​សំលៀកបំពាក់​ និង​ស្បែកជើង​ របស់​អាមេរិក​ ប្រកាស​បន្ដ​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

113

ភ្នំពេញ ៖ ​រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​អះអាងថា​ ក្រុមហ៊ុន​ដៃគូ ​សមាគម​អ្នក បញ្ជា​ទិញ ​និង​សមាគម​យុត្តិធម៌​ការងារ​សហរដ្ឋអាមេរិក ​បាន​បន្ដ​គាំទ្រ​កិច្ច​សហប្រតិបត្តិការ​ជាមួយ ​កម្ពុជា​លើ​ការ​បញ្ជាទិញ​ទំនិញ ​ផលិតផល​សំលៀកបំពាក់ និង​ស្បែកជើង​ ដើម្បី​នាំចេញ​ទៅកាន់​សហរដ្ឋអាមេរិក​ និង​សហគមន៍​អឺរ៉ុប​។

ឯកឧត្តម បណ្ឌិត អ៊ិត សំហេង បាន​មានប្រសាសន៍ថា ក្រុមហ៊ុន​ដៃគូ និង​សមាគម​អ្នកបញ្ជា​ទិញ​ទាំងអស់​ ប្រកាស​នៅតែ​បន្ដ​គាំទ្រ​ដល់​កម្ពុជា ​ដើម្បី​ធានា​ដល់​ការប្រកួតប្រជែង​របស់​កម្ពុជា​ សម្រាប់​ការនាំចេញ​ទំនិញ ​និង​ផលិតផល​នាំចេញ​សំលៀកបំពាក់ និង​ស្បែកជើង​។

ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ​នៅក្រោយ​ជំនួប​ពិភាក្សា​ការងារ ជាមួយ​សមាគម​អ្នកបញ្ជា​ទិញ ដឹកនាំ​ដោយ​លោក ​Michael Posner ប្រធាន​ក្រុមប្រឹក្សាភិបាល ​នៃ​សមាគម​យុត្តិធម៌​ការងារ​សហរដ្ឋអាមេរិក​ នៅ​ថ្ងៃទី​១៩ ខែតុលា​កន្លងទៅនេះ ​នៅ​ទីស្ដីការក្រសួង ឯកឧត្តម អ៊ិត សំហេង បាន​បញ្ជាក់ថា​ ការជួបពិភាក្សាគ្នា​នេះ​គឺ ដើម្បី​ពិនិត្យមើល​អំពី​វឌ្ឍនភាព​ទាក់ទង​នឹង​លក្ខខ័ណ្ឌ​ការងារ ការរៀបចំ​ប្រាក់​ឈ្នួល ​យន្ដការ​ដោះស្រាយ​វិវាទ និង​ការ​អនុវត្ត​ច្បាប់​សហជីព​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ឯកឧត្តម​រដ្ឋមន្ដ្រី​ បាន​បញ្ជាក់ថា ដៃគូ​អ្នកបញ្ជា​ទិញ​ចង់​ដឹង​ពី​វឌ្ឍនភាព បញ្ហា​ប្រឈម​នានា ​ដែល​កម្ពុជា​បាន​និង​កំពុង​តែជួបប្រទះ ​ដើម្បី​រួមគ្នា​ធ្វើយ៉ាង​ណា​ស្វែងរក​ដំណោះស្រាយ និង​ពង្រឹង កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹងមាំ​ទៅមុខទៀត​។

ឯកឧត្តម​ សង្ឃឹមថា បញ្ហា​ប្រឈម​នានា​ដែល​បាន​កើតឡើង​នាពេល​បច្ចុប្បន្ននេះ ​ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៅក្នុង​ពិភពលោក​ នឹងមិន​ប៉ះពាល់​ដល់​កិច្ច សហប្រតិបត្តិការ​រវាង​កម្ពុជា​ និង​ក្រុមហ៊ុន​ដៃគូ​បញ្ជា​ទិញ​ផលិត​សំលៀកបំពាក់ និង​ស្បែកជើង ​ដែល​នាំ​ចេញទៅ​សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប​នោះទេ​។

លោក Mechael Posner បាន​លើកឡើងថា ​ការ​ជួបពិភាក្សា​ជាមួយ​ភាគី​កម្ពុជា​នេះ គឺ​ដើម្បី​ចង់​ដឹង​អំពី​ដំណើរការ និង​ការ​ខិតខំ​ប្រឹងប្រែង របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុវត្ដ​​លក្ខខណ្ឌ​ការងារ ការរៀបចំ​ប្រាក់​ឈ្នួល ​យន្ដការ​ដោះស្រាយ​វិវាទ និង​ការ​អនុវត្ត​ច្បាប់​សហជីព​ ជាពិសេស ការ​ទទួលបាន​នូវ​ព័ត៌មាន​ដោយ ​ផ្ទាល់​ពី​ភាគី​រាជរដ្ឋាភិបាល​។

លោក​ បាន​បន្ដថា ​ក្រុមហ៊ុន​ដៃគូ​ទាំងអស់ ប្រកាស​ធានា ​ដល់​ការប្រកួតប្រជែង ​និង​ការ​បញ្ជាទិញ​ទំនិញ ផលិត​សំលៀកបំពាក់ និង​ស្បែកជើង​ពី​កម្ពុជា​បន្ដទៀត​៕