ក្រុម​នគរបាល​ទួរគី​ប​ន្ត​ការ​រុក​រក​សាកសព​អ្នក​កាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​ក្នុង​ព្រៃ​

464

ទួរគី៖ ក្រុម​នគរបាល​នៅ​ប្រទេស​ទួរគី​ ដែល​កំពុង​ស៊ើបអង្កេត​លើ​ករណី​ចោទប្រកាន់​សម្លាប់​អ្នកកាសែត​អា​រ៉ា​ប៊ី​សា​អូឌីត​លោក​ ចា​ម៉ា​ល់ ខា​ហ្សូ​ក​ជី នោះ​បាន​បង្កើន​ប្រតិបត្តិ​ការរុករក​រប​ស់​ពួកគេ​ដល់​ក្នុង​ព្រៃ​។

​ក្រុម​មន្ត្រី​​ទួរគី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះបាន​និយាយ​ថា​ សាកសព​របស់​លោក​អាច​នឹង​ត្រូវ​បាន​គេ​ យក​ទៅ​ប្លុង​ចោល​នៅ​ក្នុង​ព្រៃ​ក្បែរ​នោះ ​ឬ​អាច​នៅ​លើ​វាល​កសិដ្ឋាន​។ គួរ​ឲ្យ​ដឹង​ថា លោក ​ខា​ហ្សូ​ក​ជី ​បាន​បាត់​ខ្លួន​ ក្រោយ​ចូល​ទៅ​កាន់​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត​ នៅ​ក្នុង​ទីក្រុង​អ៊ី​ស្តង់​ប៊ុលកាលពី​ថ្ងៃ​ទី​២ ខែ​តុលា​កន្លង​ទៅ ជា​កន្លែង​ដែល​ក្រុម​មន្ត្រី​ទួរគី​ចោទ​ប្រកាន់​ថា លោក​ត្រូវ​បាន​គេ​ធ្វើឃាត​។ ទោះ​បីជា​យ៉ាងណាក៏ដោយ អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ធ្វើ​ការ​ច្រានចោល​ទាំងស្រុង​ថា ​ពួកគេ​មិន​ដឹង​រឿង​អ្វី​នោះ​ទេ​។​ គំរូ​ធ្វើតេស្ត​ដែល​ទទួល​បាន​ពី​ស្ថាន​កុងស៊ុល​អា​រ៉ា​ប៊ី​សា​អូឌីត ​និង​កន្លែង​ស្នាក់នៅ​របស់​អគ្គ​កុងស៊ុល អំឡុង​ការ​ឆែក​ឆេរ​ក្នុង​សប្ដាហ៍​នេះ ​ត្រូវ​បាន​គេ​យក​ទៅ​ធ្វើតេស្ត​ដើម្បី​ផ្គូផ្គង​នឹង DNA ​របស់​លោក​ ខា​ហ្សូ​ក​ជី​៕
អត្ថបទ៖ សារ៉ាត់