ករណី​ឆ្លង​ជំងឺ ​COVID-19​ ឡើង​ដល់​ជាង​ ២​សែន​នាក់​នៅ​អឺរ៉ុប ​ខណៈ​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ហក់​ខ្ពស់​ឡើង​វិញ​នៅ​អ៊ីតាលី

63

អឺរ៉ុប៖ ជំងឺ COVID-19 បាន​បន្ត​រាលដាល​ពាសពេញ​ទ្វីប​អឺរ៉ុប ​ដោយ​ចំនួន​ករណី​ឆ្លង​បូក​បញ្ចូល​គ្នា​នៅ​លើ​ទ្វីប​នេះ​មាន​ជាង ២​សែន​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​ ដែល​ស្មើនឹង​ពាក់កណ្ដាល​នៃ​ករណី​ឆ្លង ​ដែល​គេ​ដឹង​នៅ​ទូទាំង​ពិភពលោក​។​ យោង​តាម​សកល​វិទ្យាល័យ Johns Hopkins នៅ​សហរដ្ឋអាមេរិក ​ដែល​កំពុង​តាមដាន​ការ​រីក​រាលដាល​ជំងឺ ​COVID-19 ​នេះនៅ​ទូទាំង​ពិភពលោក​ចំនួន​ករណី​ឆ្លង​ជំងឺ ​COVID-19 បាន​កើន​ឡើង​ដល់ ៤សែន​នាក់​គិត​ត្រឹម​ម៉ោង ១៧ និង​២៥​នាទី​ម៉ោង​សកល​កាលពី​ថ្ងៃ​អង្គារ ហើយ​អ្នក​ស្លាប់​នៅ​ទូទាំង​ពិភពលោក​មាន​ចំនួន ១៧.៤៥៤​នាក់​។

ក្នុង​រយៈពេល​តែ​ ៥​ថ្ងៃ​ប៉ុណ្ណោះ​ចំនួន​ករណី​ឆ្លង ​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​អឺរ៉ុប​បាន​ហក់​ឡើង​ពី ១សែន​នាក់​ទៅ ២សែន​នាក់​។ នៅ​បណ្ដា​ប្រទេស​អឺរ៉ុប​ដែល​រងគ្រោះ​ខ្លាំង​ជាង​គេ​ចំនួន​៤ ​នៅតែ​ដដែល​គឺ​ប្រទេស​អ៊ីតាលី​, អេ​ស្ប៉ា​ញ​, អាល្លឺម៉ង់​ និង​បារាំង​ដោយមាន​ករណី​សរុប​រួមគ្នា​ចំនួន​ ១៥០,០០០។ ​ជំងឺ COVID-19 បាន​សម្លាប់​មនុស្ស ៦.៨២០​នាក់​គិត​ត្រឹម​ល្ងាច​ថ្ងៃ​អង្គារ​នៅ​ប្រទេស​អ៊ីតាលី ជា​ប្រទេស​មួយ​ដែល​មាន​អ្នក​បាត់​បង់ជីវិត​ច្រើនជាង​ប្រទេស​ដទៃ​ទៀត​ ដោយសារ​ជំងឺ​រាតត្បាត​សកល​នេះ​។​ អេ​ស្ប៉ា​ញ​មាន​ចំនួន​ករណី​ឆ្លង​ជំងឺ​នេះ​ខ្ពស់​ជាងគេ​លំដាប់​ទី​២ នៅ​អឺរ៉ុប​បន្ទាប់ពី​ប្រទេស​អ៊ីតាលី​។ ចំនួន​ករណី​ឆ្លង​ជំងឺ ​COVID-19 នៅ​ប្រទេស​អេ​ស្ប៉ា​ញ​បាន​កើន​ឡើង​ដល់ ៣៩.៣៧៣​នាក់​កាលពី​ថ្ងៃ​អង្គារ​ ក្នុង​នោះ​មាន​បុគ្គលិក​សុខាភិបាល​ចំនួន ៥៤០០​នាក់​ ខណៈ​ដែល​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ដល់ ២.៦៩៦នាក់​ក្នុង​រយៈពេល ២៤​ម៉ោង​៕


អត្ថបទ៖ សុខ​មាន