កម្ពុជា​គាំទ្រ​ជប៉ុន​ និង IOC ក្រោយ​ប្រកាស​លើក​ពេល​ការប្រកួត​កីឡា​អូឡាំពិក​

50

អូឡាំពិក៖ ទីបំផុត​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​ក្ដៅ​ឆ្នាំ​២០២០ នៅ​ជប៉ុន ត្រូវ​បាន​រដ្ឋាភិបាល​ជ​ប៉ុន និង​អូឡាំពិក​អន្តរជាតិ (IOC) ​ប្រកាស​លើក​ពេល​ជា​ផ្លូវការ​ហើយ ដោយ​លើក​ទៅ​ប្រកួត​នា​ឆ្នាំ​២០២១ វិញដោយសារ​បញ្ហា​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី Covid-19។ ជុំវិញ​ការសម្រេចចិត្ត​នេះក៏​ទទួល​បាន​ការ​គាំទ្រ​ ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង​សមាជិក IOC នានា​ផង​ដែរដើម្បី​ធានា​សុវត្ថិភាព​ជូន​កីឡាករ​-​កីឡា​ការិនី និង​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ត្រៀមលក្ខណៈ​ចូលរួម​ប្រកួត​ឆ្នាំក្រោយ។

ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​បញ្ជាក់​ថា NOCC គឺ​គាំទ្រ​ការ​សម្រេច​ចិត្ត​មួយ​នេះ ព្រោះ​ជា​ការ​ផ្ដល់​យុត្តិធម៌​ដល់​កីឡាករ​-​កីឡា​ការិនីដែល​កំពុង​មាន​ភាព​ភ័យ​ខ្លាច ហើយ​មិន​មាន​ពេលវេលា​ហ្វឹកហាត់​គ្រប់គ្រាន់។​​ ជុំវិញ​ការ​លើក​ពេលនេះ​ដែរ ច្បាស់​ណាស់​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មវិធី​ហ្វឹក​ហាត់​របស់​កីឡាករ​-​កីឡា​ការិនីដែល​ត្រៀម​ប្រកួត​កីឡា​អូឡាំពិក ដោយ​អូស​បន្លាយ​ដល់ ៥​ឆ្នាំ តែ​ចំពោះ​កម្ពុជា មិនសូវ​រង​ផល​ប៉ះពាល់​ធំដុំ​នោះ​ទេ ទោះបី​ឆ្នាំ​២០២១ កម្ពុ​ជា​មាន​បេសកកម្ម​សំខាន់ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​ក៏ដោយ ព្រោះ​កម្ពុជាផ្ដោត​លើ​ការប្រកួត​កីឡា​ស៊ី​ហ្គេម ជាង​ព្រឹត្តិការណ៍​អូឡាំពិក ៤​ឆ្នាំ​ម្ដងនេះ។​

គួរ​ដឹង​ថា ការប្រកាស​លើក​ពេល​ព្រឹត្តិការណ៍​អូឡាំពិកឆ្នាំ​២០២០ បាន​ធ្វើ​ឡើង​ក្រោយ​មាន​កិច្ច​ពិភាក្សា​យ៉ាង​ល្អិតល្អន់ ​រវាង​លោកនាយក​រដ្ឋមន្ត្រី ស៊ីន​ហ្សូ អា​បេ ជាមួយ​លោក Thomas Bach ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ ក៏ដូចជា​ការ​រង​សម្ពាធ​ពី​បណ្ដា​ប្រទេស​ជាច្រើន ពិសេស​អូស្ដ្រាលី និង​កាណាដា ដែល​ធ្លាប់​ប្រកាស​មិន​បញ្ជូន​អត្តពលិក​ម​ក​ចូលរួម ​ប្រកួត​កីឡា​អូឡាំពិកនៅ​ទីក្រុង​តូ​ក្យូ បើ​សិន​គ្មាន​ការ​លើក​ពេល។​ សូម​ជម្រាប​ថា ដំឡូង​ឡើយ​ព្រឹត្តិការណ៍ ៤​ឆ្នាំ​ម្ដងនេះគឺ​គ្រោង​ប្រព្រឹត្តទៅ​ពី​ថ្ងៃ​ទី​២៥ ខែ​សីហា ដល់​ថ្ងៃទី​០៦ ខែ​កញ្ញា ឆ្នាំ​២០២០ នៅ​ទីក្រុង​តូ​ក្យូ។ ចំពោះ​កាលបរិច្ឆេទ​ថ្មីក្រោយ​ប្រកាស​លើក​ពេល នៅ​មិនទាន់​កំណត់​នោះ​ទេ តែ​តាម​ការ​ប៉ាន់ស្មានហ្គេម​ដ៏​ធំ​ជាង​គេ​លើ​ពិភពលោក​នេះ អាច​នឹង​ធ្វើឡើង​អំឡុង​ខែ​កក្កដា ឬ​ខែ​សីហាដែល​ជា​ខែ​រដូវ​ក្ដៅនៅ​ប្រទេស​ជប៉ុន​។​ អូឡាំពិក​មិនដែល​លើក​ពេល​ប្រកួត​ទេក្នុង​រយៈពេល ​១២៤​ឆ្នាំ ប៉ុន្តែ​ធ្លាប់​លុបចោល​មិន​ប្រកួត​បី​ដង​ឆ្នាំ​១៩១៦, ឆ្នាំ១៩៤០ និងឆ្នាំ​១៩៤៤ កំឡុង​សង្គ្រាម​លោក​លើក​ទី​១ និង​ទី​២៕