ប្រទេស​ឥណ្ឌា​ស្ថិត​នៅ​ក្នុង​វិធាន​ការ​​បិទ​រយៈ​ពេល ២១ថ្ងៃ​ចំ​ពេល​មាន​​វីរុស​ឆ្លង​​ថ្មី​​

38

ឥណ្ឌា៖ នាយក​រដ្ឋមន្ត្រី​ឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បាន​ប្រកាស​ពី​ការ​បិទ​ដ៏​ធំ​បំផុត​ នៃ​ពិភព​លោក​កាល​ពី​​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ​ដោយ​ព្រមាន​ថា ​នរណា​ម្នាក់​​នៅ​ខាង​ក្រៅ​ផ្ទះ​គឺ​​ប្រថុយ ​នឹង​ការ​​ឆ្លង​វីរុស​​ថ្មី​នេះចូល​មក​ក្នុង​ផ្ទះ​របស់​ខ្លួន។ បទ​បញ្ជា​ឲ្យ​ស្ថិត​​​នៅ​ក្នុង​ផ្ទះ​របស់​ប្រទេស​ឥណ្ឌា ​បាន​ធ្វើ​​ឲ្យ​​ប្រជាជន​ជិត​មួយ​ភាគ​ប្រាំ​នៃ​ចំនួន​ប្រជា​ជន​​លើ​ពិភពលោក​ ​ស្ថិត​នៅ​ក្រោម​ការ​បិទ​​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ។

ថ្លែង​នៅ​ក្នុង​សន្ទរកថា​​តាម​ទូរទស្សន៍​លោក ម៉ូឌី ក៏​បាន​សន្យា​ផ្ដល់​ប្រាក់​​ចំនួន ២ពាន់​លាន​ដុល្លារ​​អាមេរិក​ ដើម្បី​ជំរុញ​​​ដល់​​ប្រព័ន្ធ​ថែ​ទាំ​សុខភាព​​ដែល​កំពុង​រង​គ្រោះ។ លោក ម៉ូឌី បាន​និយាយ​ថា ​ដើម្បី​ជួយ​សង្គ្រោះ​​ប្រជាជន​​ឥណ្ឌា និង​ប្រទេស​ឥណ្ឌា ដើម្បី​សង្គ្រោះ​អ្នក និង​គ្រួសារ​​របស់​អ្នក ​ការ​ហាម​ប្រាម​ទាំង​ស្រុង​​ត្រូវ​បាន​អនុវត្ត​ លើ​​ចលនា​ប្រជាជន​​នៅ​​ខាង​ក្រៅ​ផ្ទះ​​របស់​ខ្លួន​ លោក​បាន​បន្ថែម​ថា ប្រសិន​បើ​ប្រទេស​នេះ​​បរាជ័យ​​ក្នុង​ការ​​គ្រប់​គ្រង​រយៈ​ពេល​ ២១ថ្ងៃ​ទៀត​​នោះ​វា​អាច​​នឹង​ត្រូវ​​ដើរ​ថយ​ក្រោយ​វិញ​ ក្នុង​រយៈ​ពេល ២១ឆ្នាំ។ ​ឥណ្ឌា​​កំពុង​បង្កើន​បទ​បញ្ជា​​ឲ្យ​ប្រជាជន​​ស្នាក់​នៅ​តាម​ផ្ទះ​​ជា​បណ្ដើរ​ៗ ហើយ​​បាន​ហាម​​ប្រាម​ជើង​ហោះ​ហើរ​អន្តរជាតិ​ និង​ក្នុង​ស្រុក និង​បាន​ផ្អាក​​សេវា​កម្ម​ដឹក​អ្នក​ដំណើរ​តាម​ប្រព័ន្ធ​ផ្លូវ​ដែក​​ដ៏​ធំ​​របស់​ខ្លួន។ ​អ្នក​ផ្តល់​​សេវា​កម្ម​សំខាន់​ដែល​រួម​មាន​មន្ទីរពេទ្យ​​, កង​នគរបាល​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​មិន​តម្រូវ​ឲ្យ​ស្នាក់​នៅ​ក្នុង​កន្លែង​ ហើយ​ហាង​លក់​គ្រឿង​​ទេស និង​ឱសថ​ស្ថាន​​ទាំង​អស់​​នៅ​​បើក​លក់​​ដដែល៕​​​

អត្ថបទ៖ រិទ្ធី