អេ​ហ្ស៊ី​ប​ប្រកាស​បម្រាម​គោចរ​រយៈ​ពេល ២​សប្ដាហ៍​ដើម្បី​ប្រឆាំង​នឹង​ជំងឺ ​COVID-19

43

អេ​ហ្ស៊ី​ប​​៖ នាយករដ្ឋមន្ត្រី​អេ​ហ្ស៊ី​ប​​និយាយ​ថា ​ប្រទេស​អេ​ហ្ស៊ី​ប​បាន​ប្រកាស​បម្រាម​គោចរ​ចាប់ពី​ម៉ោង ៧​យប់​ដល់​ ៦​ព្រឹក​រយៈពេល ​២​សប្ដាហ៍​ដែល​ចាប់ផ្ដើម​នៅ​ថ្ងៃ​ពុធ​ ដើម្បី​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​ COVID-19 ​និង​អ្នក​ដែល​បំពាន​វិធានការណ៍​នេះ​នឹង​ត្រូវ​ទទួលទោស​ តាមច្បាប់​គ្រា​អាសន្ន​របស់​ប្រទេស​។​ លោកនាយក​រដ្ឋមន្ត្រី Mostafa Madbouly ​បាន​និយាយ​ថា ​ការ​បិទ​សាលារៀន ​និង​សាកលវិទ្យាល័យ​ ដែល​បាន​បិទ​កាលពី​ថ្ងៃ​ទី​១៤ ខែ​មីនា​រយៈពេល​ ២​សប្ដាហ៍​នឹង​ត្រូវ​បន្ត​រយៈ​ពេល ​២​សប្ដាហ៍​ទៀត​។

សេវា​សាធារណៈ ​និង​ការិយាល័យ​រដ្ឋាភិបាល​ភាគច្រើន​នឹង​បិទទ្វារ​ ចំពោះ​សាធារណជន​ក្នុង​កំឡុង​ពេល​បម្រាម​គោចរ​ ហើយ​វិធានការណ៍​ដើម្បី​កំណត់​ចំនួន​បុគ្គលិក​រដ្ឋាភិបាល ​ដែល​នឹង​ទៅ​ធ្វើ​ការ​នឹង​ត្រូវ​អូស​បន្លាយ​ដល់​ពាក់កណ្ដាល​ខែ​មេសា​។ អេ​ហ្ស៊ី​ប​បាន​បិទ​អាកាសយានដ្ឋាន​ និង​ការ​ធ្វើ​ដំណើរ​តាម​អាកាស ​ដែល​បាន​ចាប់ផ្ដើម​រហូតដល់​ថ្ងៃ​ទី​៣១ ​ខែ​មីនា​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ជំងឺ​នេះ។​ វិធានការ​ថ្មី​ទាំងនេះនឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច ​និង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​នេះ​។ យោង​តាម​សហគមន៍​ដឹកជញ្ជូន​តាម​អាកាស​អន្តរជាតិ ហៅ​កាត់​ថា IATA ការងារ​ចំនួន​ ១៣៨,០០០​កន្លែង​ជួប​បញ្ហា​ប្រឈម​ភ្លាមៗ​ និង​ប្រាក់ចំណូល​ចំនួន ​១​កោដិ​ដុល្លារ​អាមេរិក​ត្រូវ​ខាតបង់​។​

គេ​ពុំបាន​មើល​ឃើញ​ភ្ញៀវ​ទេសចរ​ នៅ​ជិត​តំបន់​ទេសចរណ៍​ពីរ៉ាមីតរបស់​ទីក្រុង​គី​ហ្សា ​ដែល​ជា​តំបន់​និមិត្តរូប​របស់​ប្រទេស​អេ​ហ្ស៊ី​ប​ទេ​។ សេចក្ដីថ្លែងការណ៍​មួយ​ ពី​ការិយាល័យ​គណៈរដ្ឋមន្ត្រី​បាន​និយាយ​ថា ​រដ្ឋាភិបាល​ក៏​បាន​ផ្តល់​ប្រាក់​ចំនួន ១​ពាន់​លាន​ផោន​អេ​ហ្ស៊ី​បស្មើ​ (៦៣,៦៩​លាន​ដុល្លារ​) ដល់​ក្រសួងសុខាភិបាល​ដើម្បី​ជួយ​ដល់​ការ​ផ្គត់ផ្គង់​នេះ​។​ អេ​ហ្ស៊ី​ប​បាន​បញ្ជាក់​ពី​ករណី​ឆ្លង​វីរុស​នេះ​ចំនួន ៣៦៦​ករណី​ក្នុង​នោះ​មាន ១៩​នាក់​បាន​ស្លាប់​៕

អត្ថបទ៖ សុខ​មាន