សម្តេច​តេ​ជោ ណែនាំ​​​ឲ្យ​ពិនិត្យ​មាត្រា​២២ ​ដើម្បី​ដាក់​ប្រទេស​ក្នុង​គ្រា​មាន​អាសន្ន​

658

ភ្នំពេញ ៖ ​​ក្នុង​ពិធី​សំណេះសំណាល ជាមួយ គ្រូពេទ្យ សម្តេច​តេ​ជោ ៤២២​នាក់​ នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ង​ទី​២៥​មីនា​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ​ព្រះរាជាណាចក្រ​កម្ពុជា ​មាន​ប្រសាសន៍ថា ​សម្ដេច​កំពុងតែ​ណែនាំ​ឲ្យ​មានការ​ពិនិត្យមើល​នៅ​លទ្ធភាព​ ដើម្បី​ប្រើប្រាស់​មាត្រា​ទី ២២ នៃ​រដ្ឋធម្មនុញ្ញ​ ដើម្បី​ស្នើសុំ​ព្រះមហាក្សត្រ​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​។

សូម​បញ្ជាក់ថា ​ក្នុង​ពិធី​សំណេះសំណាល​នេះ បើតាម​លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ ​បាន​បញ្ជាក់ថា ​ពេទ្យ​ស្ម័គ្រចិត្ត​ទាំង​៤២២​នាក់​នេះ ​មាន​កម្រិត​ឯកទេស​ជំនាញ​ផ្សេងៗ​គ្នា​ ក្នុងនោះ​ មាន​វេជ្ជបណ្ឌិត​១២០​នាក់ គិលានុបដ្ឋាក​២៣០​នាក់ ​វេជ្ជបណ្ឌិត​ឯកទេស​៣៧​នាក់ ​ព្រមទាំង​និស្សិត​ពេទ្យ​ និង​អ្នកបច្ចេកទេស​ផ្សេងៗ​ទៀត ​មាន​ចំនួន​១៣៥​នាក់​។

ជាមួយគ្នានេះ​ក្នុងចំណោម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ក៏​មាន​វេជ្ជបណ្ឌិត​ឯកទេស​ដែល​ធ្លាប់​និង​កំពុង​ទទួល​បាន​អាហារូបករណ៍​ពី​ស​ម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី​មាន​ចំនួន​សរុប​១៨​នាក់​ ផងដែរ​។

ការបណ្ដុះបណ្ដាល​បច្ចេកទេស​ ពាក់ព័ន្ធ​នឹង​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​ ជា​ជំហាន​ទី​១ គ្រូពេទ្យ​ប្រឆាំង ​កូ​វីដ​១៩​ បាន​ទទួល​ការបណ្ដុះបណ្ដាល​ពី​អ្នក​ជំនាញ​បច្ចេកទេស​របស់​ក្រសួងសុខាភិបាល​ ដោយបា​ន​បែង​ចែក​ជា​ពីរ​ក្រុម​ស្មើនឹង​ ១២០​នាក់ ​ហើយនឹង​បន្ត​បើក​វគ្គ​បណ្តុះ​បណ្តាល​សម្រាប់​គ្រូពេទ្យ​នៅ​មិនទាន់​ទទួល​បាន​ការ​បណ្ដុះបណ្ដាល​ជា​ដំណាក់ៗ​ ទៀត​។

ការបណ្ដុះបណ្ដាល​នេះ ​ធ្វើឡើង​ទៅតាម​សក្ដានុពល ​នៃ​កំរិត​ជំនាញ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​។​ទោះបីជា​និស្សិត​ដែល​រៀន​មិនទាន់​ចប់​ក៏​យើង​អាច​ធ្វើ​ការ​បណ្ដុះបណ្ដាល​ពួកគាត់​មាន​ជំនាញ​បាន​ដូចជា ​ការ​ជួយ​ប្រមូល​សំណាក​នឹង​វាស់​កំ​ដៅ​ជាដើម ​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រូពេទ្យ​ជួល​មុខ​របស់​ក្រសួងសុខាភិបាល​តាម​កា​រ​ចាំបាច់​៕