Pep Guardiola​ បរិច្ចាគ ១​លាន​អឺរ៉ូ​ប្រយុទ្ធ​ប្រឆាំង​នឹង Covid-19 នៅ​អេ​ស្ប៉ា​ញ​

41

បាល់ទាត់៖ ​អ្នកចាត់ការ Manchester City លោក Pep Guardiola​ បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ទឹកប្រាក់​ចំនួន ១​លាន​អឺរ៉ូ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត Covid-19 នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ ​Guardiola​ នៅ​ពេល​នេះ​កំពុង​ស្ថិត​នៅផ្ទះ​ក្នុង​ទឹកដី​កំណើត​របស់​ខ្លួន​ទីក្រុង Barcelona ប្រទេស​អេ​ស្ប៉ា​ញ​។ ​១​លាន​អឺរ៉ូ​នេះ​លោក Pep នឹង​ផ្តល់​ជូន​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Barcelona និងមូល​និ​ធិ Angel Soler Daniel ដែល​មាន​គោលដៅ​ប្រយុទ្ធ​ប្រឆាំង​នឹង Covid-19 ដូចគ្នា​។

អេ​ស្ប៉ា​ញ​ជា​ប្រទេស​នៅ​អឺរ៉ុប​មួយ​ដែល​រង​ផល​ប៉ះ​ពាល់ និង​រាតត្បាត​ខ្លាំង​ដោយសារ Covid-19 នេះ​។ ​បើ​តាម​របាយការណ៍​ថ្ងៃ​អង្គារ​ម្សិលមិញ មាន​អ្នក​ស្លាប់​នៅ​អេ​ស្ប៉ា​ញ​ជាង ២៦០០​នាក់​ហើយ ខណៈ​អ្នក​ឆ្លង​សរុប​កើន​ដល់​ជិត ៤ម៉ឺន​នាក់​។ ​ទឹកប្រាក់​មូលនិធិ​នេះ​នឹង​ប្រើប្រាស់​សំរាប់​ជួយ​សម្រួល​ ក្នុង​ការ​ផ្គត់ផ្គង់ថ្នាំពេទ្យ ឧបករណ៍​ផ្សេងៗ​ដូចជា សំលៀកបំពាក់ ម៉ាស ជាដើម​ដល់​ក្រុម​គ្រូពេទ្យ​ដែល​ពិនិត្យ​ និង​ព្យាបាល​ផ្ទាល់​អ្នកជំងឺ Covid-19​។ ​មិន​ត្រឹមតែ Pep Guardiola​ទេ បើ​តាម​កាសែត​អេ​ស្ប៉ា​ញ Mundo Deportivo​ អោយ​ដឹង​ថា Lionel Messi​ក៏បាន​បរិច្ចាគ​លុយ ១លាន​អឺរ៉ូ​ដែរ​ទៅកាន់​មន្ទីរពេទ្យ​ចំនួន ២ ដែល​មាន​មួយ​នៅ Barcelona និង​មួយទៀត​នៅ​អា​ហ្ស​ង់​ទីនប្រទេស​កំណើត​របស់​ខ្លួន​៕

អត្ថបទ​៖​នាង សុភា​វុ​ធ