ក្រុម​ប្រឹក្សា​ធម្មនុញ្ញ អនុម័ត​សេចក្ដីព្រាងច្បាប់​បង្កើត​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​នវានុវត្តន៍​

225

ភ្នំពេញ៖ ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នៅ​ថ្ងៃនេះ ក្រុម​ប្រឹក្សាធម្មនុញ្ញ បានសម្រេច​អនុម័ត​ទាំងស្រុង លើ​សេចក្ដី ព្រាង​ច្បាប់ ស្តីពី​ច្បាប់​បង្កើត​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​នវានុវត្តន៍ ដើម្បី​ជំរុញ​បច្ចេកវិទ្យា​បច្ចេក​កម្ពុជា ឱ្យមាន​ការវិវឌ្ឍ​ទាន់​នឹង​សភាពការណ៍​បច្ចេកវិទ្យា​ពិភពលោក​។​

នៅ​ថ្ងៃទី​២៥ ខែមីនា នេះ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើក​សម័យប្រជុំ​ពេញអង្គ ក្រោម​អធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ និង​សមាជិក​ចំនួន​៨​រូប​ទៀត ដើម្បី​ពិភាក្សា និង​អនុ ម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និង​នវានុវត្តន៍ ដែល សេចក្តីព្រាងច្បាប់​នេះ ត្រូវ​បានអនុម័ត​ទាំងស្រុង ដោយ​សំឡេង​៩ នៃ​សមាជិក​សរុប​ក្រុមប្រឹក្សាធម្មនុញ្ញ​។​

ឯកឧត្តម អ៊ឹម ឈុនលឹម បាន​ថ្លែង​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​នេះ​ថា យោងតាម​ការអនុម័ត​ពី​រដ្ឋសភា សេចក្តីព្រាងច្បាប់​នេះ ជាការ​ប្រញាប់ ក្នុងនោះ​ស្របពេល​ដែល​ពិភពលោក ដើរមក​ដល់​រប​ត់ប​ដិ​វត្ត​ន៍ ឧស្សាហកម្ម ជំនា​ន់ទី​៤ កំពុងមាន​ការអភិវឌ្ឍ​យ៉ាង​លឿន​រហ័ស និង​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅនឹង​ផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា ខណៈ​វិស័យ​ឧស្សាហកម្ម​កម្ពុជា បាន​រួម​ចំណែក​ក្នុង​ការ​បង្កើត​ការងារ ការ​បង្កើន​ប្រាក់ចំណូល និង​ការ​លើកកម្ពស់​ផលិតភាព តាមរយៈ​ការ​វិនិយោគ ការប្រើប្រាស់ និង​ការ​ផ្លាស់ប្តូរ​បច្ចេកវិទ្យា​ថ្មីៗ​។​

ឯកឧត្ដម បាន​បន្ត​ថា កម្ពុជា ត្រូវការ​ចាំបាច់​នូវ​យន្តការ​គ្រប់គ្រង​មួយ​ច្បាស់លាស់​លើ​របត់​ថ្មី​នេះ ធ្វើ យ៉ាងណា​ធានា​ឱ្យបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​ប្រកបដោយ​ចិរភាព និង​ការប្រកួតប្រជែង​ខ្ពស់ សំ ដៅ​ធ្វើឱ្យ​កម្ពុជា សម្រេច​បាន​នូវ​ចក្ខុវិស័យ​កម្ពុជា ក្នុង​ការ​ប្រែក្លាយជា​ប្រទេស ដែលមាន​ចំណូ​ល​មធ្យម កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​៕​