គ្រូ​ណាហ្គា​ជឿជាក់​កូន​ក្រុម​រក្សា​កម្លាំង​បាន​ល្អ​ត្រៀម​ប្រកួត​លី​គ​ក្រោយ Covid-19 ស្ងប់ស្ងាត់​

32

បាល់ទាត់៖ លោក មាស ចាន់ណា គ្រូបង្វឹក​ក្រុម​ណាហ្គា​វើ​ល​ដ៏ បាន​បង្ហាញ​នូវ​ការ​ជឿ​ជាក់​លើ​កូន​ក្រុម​ខ្លួន នឹង​អាច​រក្សា​កម្លាំង​បាន​ល្អ ដើម្បី​ត្រៀម​វិលត្រឡប់​ទៅរក​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​វិញ បន្ទាប់ពី​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី Covid-19 ស្ងប់ស្ងាត់។

ការមិន​បារម្ភ​លើ​បញ្ហា​កម្លាំង​នេះគឺ​ស្របពេល​ណាហ្គា​វើ​ល​ដ៏ បានសម្រេច​ការប្រមូល​ផ្ដុំ​ហ្វឹកហាត់អំឡុងពេល​លី​គ​កំពូល​កម្ពុជា ត្រូវបាន​ប្រកាស​ផ្អាក​ការប្រកួត​បណ្ដោះអាសន្នដោយ​ជំងឺ Covid-19 កាលពីពេល​ថ្មីៗ។​ គ្រូ​បង្វឹក​កាន់​សញ្ញាបត្រ A-License ដដែល​បន្ដថា អំឡុងពេល​សម្រាក លោក​បានដាក់​លំ​ហាត់​នៅ​កូនក្រុម​ហ្វឹក​ហាត់​ដោយ​ខ្លួនឯង ហើយ​លោក​រំពឹង​ពួកគេនឹងធ្វើ​បានល្អ ព្រោះ​កីឡាករ​ម្នាក់ៗមាន​ទំនួល​ខុសត្រូវ​ខ្ពស់​លើ​តួនាទី​រៀងៗ​ខ្លួន ហេតុនេះ​លោក​មិន​បារម្ភ​ពី​ការធ្លាក់ចុះ​កម្លាំង ឬ​សមត្ថភាព​ឡើយ។​ យ៉ាងណាមិញ​គេ​មិនទាន់​ដឹង​ទេ​ថា លី​គ​កំពូល​កម្ពុជានឹង​ត្រឡប់​មក​វិញនៅពេលណា ដ្បិត​បច្ចុប្បន្ន​ការរកឃើញ​ករណី​ឆ្លង​វីរុស Covid-19 ថ្មី បាន​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​កម្ពុជា ជាក់ស្ដែង​គិត​ត្រឹម​យប់​ថ្ងៃទី​២៥ ខែមីនា ក្រសួង​សុខាភិ​បាលបានប្រកាស​រកឃើញ​កើន​ដល់ ៩៦​ករណី តែ​ក្នុងនោះ​ក៏មាន​ករណី​ជាសះស្បើយ​ចំនួន ១០​ករណី​ផងដែរ។

សូមបញ្ជាក់ថា មុន​លី​គ​កំពូល​កម្ពុជាផ្អាក​លេង​បណ្ដោះអាសន្ន ណាហ្គា​វើ​ល​ដ៏បាន​ឈរ​លេខ​៦ ដោយមាន ៨​ពិន្ទុ​បណ្ដោះអាសន្នបន្ទាប់ពី​ឆ្លងកាត់ ៤​ប្រកួត​ឈ្នះ២ និង​ស្មើ២ តាម​ពីក្រោយ​ក្រុម​លំដាប់​កំពូល​រាង​ភ្នំពេញ​ក្រោ​ន និង​ព្រះខ័ន​រាជ​ស្វាយរៀងដែល​ឆ្លងកាត់ ៥​ប្រកួត​ឈ្នះ៤ និង​ស្មើ១ រកបាន ១៣​ពិន្ទុ​ស្មើគ្នានៅត្រឹម​សប្ដាហ៍​ទី​៥៕

អត្ថបទ៖ លី ឈុន​ឡា