សហព័ន្ធ​បាល់ទាត់​អាស៊ី​អាគ្នេយ៍ (AFF) ចេញ​សេចក្ដី​ថ្លែងការណ៍​កែ​ប្រែ​កាល​វិភាគ​ប្រកួត​ដោយ​សារ Covid-19

41

បាល់ទាត់៖ សហព័ន្ធ​បាល់ទាត់​អាស៊ាន (AFF) បាន​បន្ត​ត្រួតពិនិត្យ​ និង​តាមដាន​យ៉ាង​ដិតដល់​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​រ៉ាំរ៉ៃ (COVID-១៩) ហើយ​បាន​សម្រេចចិត្ត​រៀបចំ​កាលវិភាគ​ ការ​ប្រកួត​កម្រិត​អាស៊ាន​នានា​ឡើងវិញ​ សម្រាប់​ព្រឹត្តិការណ៍​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​ក្នុង​រយៈពេល ៤​ខែ​ខាង​មុខ​។ ព្រឹត្តិការណ៍​បាល់ទាត់​ចំនួន ៤ នឹង​ត្រូវ​បាន​ពន្យារពេល​ទៅ​កាលបរិច្ឆេទ​ក្រោយៗ​ទៀត​នៅ​ឆ្នាំនេះ​ ដោយ​ចាប់ផ្ដើម​ដំបូង​ពី​ព្រឹត្តិការណ៍ AFF Women’s Championship ដែល​គ្រោង​រៀបចំឡើង​នៅ​ប្រទេស​ហ្វីលីពីន​នា​ខែ​ឧសភា​។

ដោយឡែក​ព្រឹត្តិការណ៍ ៣​ផ្សេងទៀត​ដែល​ត្រូវ​ផ្លាស់ប្ដូរ​ដែរ​នោះ​គឺ​ការ​ប្រកួត​ពានរង្វាន់ AFF U18 Women’s Championship, AFF U16 Boys Championship និង AFF U19 Boys Championship ដែល​គ្រោង​ធ្វើ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ក្នុង​ខែ​មិថុនា​ ខែ​កក្កដា និង​ខែ​សីហា​បន្ត​គ្នា​។​ ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ពន្យារ​ពេលនេះ​មន្ត្រី​ជាន់​ខ្ពស់​ឯកឧត្ដម ​ខៀវ​ សា​ម៉េ​ត ​ដែល​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អាស៊ី​អាគ្នេយ៍​ និង​ជា​អនុប្រធាន​សហព័ន្ធ​បាល់ទាត់​កម្ពុជា​បាន​លើក​ឡើង​ថា​៖ “​នេះ​ជា​ពេលវេលា​ដែល​មិន​ធ្លាប់​កើតមាន​ពី​មុន​មក ​សម្រាប់​ពិភពលោក​ទាំងមូល​ រួម​ទាំង​ក្រុម​គ្រួសារ​កីឡាបាល់ទាត់​របស់​យើង​។​ វា​ទាមទារ​ឱ្យ​ពួក​យើង​រួម​ដៃ​គ្នា​ ដើម្បី​ឆ្លងកាត់​ស្ថាន​ភាព​ដ៏​លំបាក​នេះ​។ ​ដោយសារតែ​វីរុស​នេះ​មាន​ការ​រីក​រាលដាល​តា​ម​រយៈ​ការ​ជួប​ជុំ​គ្នា ​ដូច្នេះ​យើង​បានសម្រេច​ពន្យារ​ពេល​ ឬ​អាច​ឈាន​ដល់​ការលុបចោល​ព្រឹត្តិការណ៍​ទាំងនេះ​តែ​ម្តង ​ក្នុង​គោលបំណង​កាត់បន្ថយ​ការ​ជួប​ជុំ​គ្នា​ ដើម្បី​បង្ការ​ការពារ​សុវត្ថិភាព ​និង​សុខភាព​នៃ​គ្រួសារ​បាល់ទាត់​ក៏ដូចជា​សហគមន៍​ទាំងមូល​”​។

យ៉ាង​ណា​ក្តី​សេចក្ដី​ប្រកាស​ដដែល​ ក៏បាន​បញ្ជាក់​ពី​ព្រឹត្តិការណ៍​ចំនួន​៤​ ដែល​គ្រោង​ធ្វើឡើង​តាម​កាល​បរិច្ឆេទ​ដដែល​ រួមមាន AFF U15 Girls ’Championship នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នា​ខែ​កញ្ញា​នេះ​ រួម​ជាមួយ​ព្រឹត្តិការណ៍ AFF Futsal Championship, AFF Futsal Club Championship និង AFF Beach Football Champio​n​ship ដែល​នឹង​ធ្វើឡើង​នៃ​ប្រទេស​ថៃ​នៅ​ចុង​ឆ្នាំ​២០២០​នេះ ​ខណៈ AFF គ្រោង​នឹង​ប្រកាស​ផែនការ​ចាប់ផ្ដើម​ព្រឹត្តិការណ៍​នេះ​នៅ​ខែ​វិច្ឆិកា​ខាងមុខនេះ​។​ ទន្ទឹម​នឹង​នេះ​ដែរ​ព្រឹត្តិការណ៍ ASEAN Club Championship (ACC) ដែល​មាន​ការ​គ្រោងទុក​យ៉ាង​មុតមាំ​នោះ​ ក៏ត្រូវ​បាន​កែប្រែ​ទៅ​លេង​នៅ​ឆ្នាំ​២០២១ ​វិញ​ដែរ ​ស្រប​ពេល​ដែល​កាល​វិភាគ​ ១០​ប្រកួត​នៃ ACC ត្រូវការ​ពេល​រហូតដល់​ជាង​ទៅ​ ៥​ខែ​ដែល​ជាក់ស្ដែង​ជាមួយ​ស្ថានភាព​បែបនេះ​ នឹង​ការ​ពន្យារពេល​នៃ​លី​គ​កំពូល​បណ្ដា​ប្រទេស​នានា​ នៃ​តំបន់​អាស៊ាន​ដោយសារ​ Covid-១៩​ និង​កាលវិភាគ​មមាញឹក​បន្ថែ​ម​នៃ​ព្រឹត្តិការណ៍ AFC ទៀត​នោះ​ពេលវេលា​សម្រាប់​ការប្រកួតប្រជែង​ពាន ACC ពិតជា​មិន​អាច​ទៅ​រួច​ឡើយ​ ខណៈ​ដែល​សមាជិក​ទាំងអស់​អាច​ត្រៀមខ្លួន​សាជាថ្មី​ សម្រាប់​ព្រឹត្តិការណ៍​ដែល​គ្រោង​ចាប់ផ្តើម​នៅ​ឆ្នាំ​២០២១​វិញ​។

លើស​ពី​នេះ​ទៅ​ទៀត​ឯកឧត្ដម​ ខៀវ​ សា​ម៉េ​ត ​បាន​បន្ថែម​ថា​៖ “AFF បាន​នឹង​កំពុង​តាមដាន​អំពី​ស្ថានការណ៍​វិវត្តន៍​ថ្មី​នៃ​វីរុស Covid-19 នេះ​ដោយមាន​ការណែនាំ​ពី​អង្គការ​សុខភាព​ពិភពលោក​, ភ្នាក់ងារ​រដ្ឋាភិបាល​, FIFA និង AFC ព្រមទាំង​ជម្រាប​ជូនដំណឹង​នានា​ចាំបាច់​នាពេល​ក្រោយ​”​។ ​យើង​ទាំង​អស់​គ្នា​គួរ​រួម​ចំណែក​គ្នា​ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​រីក​រាលដាល​នៃ​វីរុស​នេះ​ ហើយក៏​ជា​ផ្នែក​មួយ​ជួយ​ដល់​បុគ្គលិក​សុខាភិបាល​ទាំងអស់​ ដែល​កំពុង​ព្យាយាម​ព្យាបាល​ និង​ទប់ស្កាត់​វីរុស​នេះ​ដូចគ្នា​។ ​ចូលរួម​អនុវត្ត​វិធាន​កាត់បន្ថយ​ទំនាក់ទំនង​សង្គម ​ឱ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន​ ផ្ដើម​ចេញ​ពី​គ្រប់​ៗ​គ្នា​ស្របតាម​វិធានការណ៍​ ដែល​បាន​ដាក់​ចេញ​ដោយ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយ​”៕