មនុស្ស ២៥នាក់​​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​​នៅ​​​វិហារ​សាសនាស៊ីក​ក្នុង​ទីក្រុង​កាប៊ុល​​

35

អាហ្វហ្គានីស្ថាន៖ ក្រសួង​មហាផ្ទៃ​អាហ្វហ្គានីស្ថាន​​បាន​និយាយ​ថា ​ក្មាន់​កាំភ្លើង​​ម្នាក់​របស់​​ក្រុម​រដ្ឋ​អ៊ីស្លាម​​បាន​វាយ​លុក​ចូល​វិហារ​សាសនា ​​នៅ​ចំ​កណ្ដាល​​រដ្ឋធានី​​កាប៊ុល​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​​ កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​ ដែល​បាន​សម្លាប់​​អ្នក​ចូល​រួម​គោរព​សាសនា​ ២៥នាក់។

ក្មាន់​កាំភ្លើង​បាន​ចាប់​ខ្លួន​អ្នក​ចូល​រួម​គោរព​សាសនា​ជា​ច្រើន​​នាក់ ​ធ្វើ​​ចំណាប់​ខ្មាំង​​អស់​រយៈ​ពេល​ជា​ច្រើន​​ម៉ោង​ នៅ​ពេល​​​នោះ​កង​ទ័ព​ពិសេស​អាហ្វហ្គានីស្ថាន​​ ដោយ​មាន​ជំនួយ​ពី​កង​ទ័ព​អន្តរជាតិ​បាន​ព្យាយាម ​​បណ្ដេញ​​ពួក​សកម្ម​ប្រយុទ្ធ​ចេញ​ពី​អគារ​នោះ។ ​នៅ​ពេល​កង​កម្លាំង​ពិសេស​​អាហ្វហ្គានីស្ថាន ​​បាន​សង្គ្រោះ​​មនុស្ស​យ៉ាង​ហោច​ណាស់​ ៨០នាក់​​ដែល​ត្រូវ​បាន​ជាប់​នៅ​ខាង​ក្នុង​អគារ​នោះ ក្មាន់​កាំភ្លើង​​បាន​គប់​គ្រាប់​បែក​ដៃ​​ទៅ​ក្នុង​កន្លែង​ ដែល​​នៅ​មាន​អ្នក​គោរព​​សាសនា​មួយ​ចំនួន និង​បាន​បាញ់​ស្រោច​ទៅ​លើ​ពួក​គេ​ដោយ​កាំ​ភ្លើង​​យន្ត។ ក្រុម​រដ្ឋ​អ៊ីស្លាម​​បាន​និយាយ​ថា ខ្លួន​ជា​អ្នក​​អនុវត្ត​​ការ​វាយប្រហារ​នេះ​ ក្រុម​តាលីបង់​បាន​បដិសេធ​ថា ខ្លួន​គ្មាន​ការ​ពាក់​ព័ន្ធ​នឹង​ការ​វាយប្រហារ​នេះ​ទេ ស៊ីកសាសនិក​បាន​ទទួល​រង​គ្រោះ​​ពី​ការ​រើស​អើង​ ពាស​ពេញ​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​ និង​បាន​ក្លាយ​ជា​គោល​ដៅ​​វាយប្រហារ​ ដោយ​ក្រុម​ជ្រុល​និយម​​ក្នុង​ពេល​កន្លង​មក៕​​​​

អត្ថបទ៖ រិទ្ធី