កីឡាករ​ Bayern Munich និង Dortmund យល់ព្រម​កាត់​ប្រាក់​ឈ្នួល​ជួយ​ក្លិប​អំឡុង​វិបត្តិ Covid-19

48

បាល់ទាត់៖ ​កីឡាករ​ និង​នាយក​របស់​ក្លិប Bayern Munich បាន​យល់ព្រម​ក្នុង​ការ​កាត់​ប្រាក់​ឈ្នួល ២០% ជា​បណ្ដោះអាសន្ន ​ដើម្បី​ជួយ​និយោជិក​ផ្សេងទៀត​នៅ​ក្នុង​ក្លឹប ​អំឡុង​ពេល​វិបត្តិ​នៃ​ជំងឺ​រាត​ត្បាត​ជាស​កល Covid-19​កាលពី​សប្ដាហ៍​មុន​កីឡាករ​របស់​ក្រុម Borussia Monchengladbach ជា​ក្លិប​ដំបូង​គេ​នៅក្នុង​ប្រទេស​ដែល​បាន​ស្ម័គ្រចិត្ត​កាត់​ប្រាក់​ឈ្នួល​ជួយ​ក្លិប​។ ​កាសែត Bild ​បាន​រាយការណ៍​ថា​ កីឡាករ​របស់​ក្រុម​ Borussia Dortmund ក៏​កំពុង​ចរចា​ដើម្បី​កាត់បន្ថយ​ប្រាក់​ឈ្នួល​ផង​ដែរ​។​ ​មិនមាន​សកម្មភាព Bundesliga​ ទេ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៨ ខែ​មីនា​ដោយសារ​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​វីរុស​កូ​រ៉ូ​ណា​។​

​​កាលពី​សប្ដាហ៍​មុន​ខ្សែប្រយុទ្ធ​របស់​ក្លិប Bayern Munich, Robert Lewandowski និង​ភរិយា Anna បាន​បរិច្ចាគ​ប្រាក់​ចំនួន ១លាន​អឺរ៉ូ (៩២០,០០០ផោន​) ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង Covid-19 នេះ​។​ មិត្ត​រួម​ក្រុម​របស់​ខ្លួន​រួមមាន ​Leon Goretzka​ និង Joshua Kimmich ​ក៏បាន​បង្កើត​មូលនិធិ​មួយ​ដែល​មាន​ឈ្មោះថា We Kick Corona ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត ​និង​បាន​ចូលរួម​វិភាគទាន​ចំនួន​ ១លាន​អឺរ៉ូ​ម្នាក់​ផងដែរ​។​ ​គិត​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​អាជ្ញាធរ​អាល្លឺម៉ង់​បាន​ប្រកាស​ថា ​មាន​ករណី​ឆ្លង​វីរុស​ Covid-19 ​ជាង ៣​ម៉ឺន​ករណី​នៅ​ក្នុង​ប្រទេស និង​ស្លាប់​ ២០៦នាក់​៕

អត្ថបទ​៖​នាង សុភា​វុ​ធ