ថៃ​ហាម​មិន​ឲ្យ​ជន​បរទេស​ចូល​ក្នុង​ប្រទេស ខណៈ​ដាក់​រដ្ឋ​ក្នុង​គ្រា​អាសន្ន​ ស្រប​ពេល​មាន​អ្នក​ឆ្លង​នៅ​វៀតណាម​ ១៤៨​នាក់

39

ថៃ៖ ប្រទេស​ថៃ​បាន​ដាក់​បម្រាម​មិន​ឲ្យ​មានការ​ធ្វើដំណើរ​ ចូល​ទៅ​ក្នុង​ព្រះរាជាណាចក្រ​មួយ​នេះកាលពី​ល្ងាច​ថ្ងៃ​ពុធ ដោយ​បាន​អនុម័ត​ឲ្យ​ប្រើ​អំណាច​ក្នុង​គ្រាអាសន្ន ក្នុង​គោលបំណង​ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​ក្នុងស្រុក​ ដោយសារ​ជំងឺ ​COVID-19។​ វិធានការ​នានា​ដែល​បាន​បិទ​ប្រទេស​ទាំងស្រុង​ភ្លាមៗ​ រយៈពេល​ប៉ុន្មាន​ថ្ងៃនៃ​ភាព​ប្រែ​ប្រួល​របស់​រដ្ឋាភិបាល ​គឺជា​ការ​រាំង​ស្ទះ​ដល់​វិស័យ​ទេសចរណ៍​ដ៏​សំខាន់ ​របស់​ប្រទេស​នេះ​។

អ្នក​ធ្វើ​ដំណើរ​រាប់​ពាន់​នាក់​នៅតែ​ស្ថិត​នៅ​ក្នុង​ព្រះរាជាណាចក្រ​ ដែល​ប្រឈម​នឹង​ភាព​មិន​ច្បាស់​លាស់​ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ដែល​មាន​ភាព​វឹកវរ​ និង​ការ​រឹតត្បិត​មិន​ឲ្យ​វិលត្រឡប់​ ទៅ​កាន់​ប្រទេស​របស់​ពួកគេ​វិញ​។​ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ អ្នក​ឆ្លង​នៅ​ប្រទេស​ថៃ​មាន ​៩៣៤​នាក់ និង​ស្លាប់​ ៤​នាក់​។​ ទីក្រុង​បាងកក​ដែល​មាន​ប្រជាជន ​១០​លាន​នាក់​ត្រូវ​បាន​បិទ​កាលពី​ថ្ងៃ​ពុធ ខណៈ​ហាង​ និង​ភោជនីយដ្ឋាន​ជាច្រើន​ត្រូវ​បាន​បិទទ្វារ ហើយ​ព្រះសង្ឃ​ពុទ្ធសាសនិក ដែល​បាន​គង់​នៅ​ចម្ងាយ​មួយ​ម៉ែត្រ​ពី​គ្នា បាន​ដឹកនាំ​វិធី​បួងសួង​ប្រឆាំង​នឹង​ជំងឺ​នេះ​ នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទូទាំង​ប្រទេស​។​ ចំណែក​នៅ​ក្នុង​ប្រទេស​វៀតណាម​វិញ​ ក្រសួងសុខាភិបាល​វៀតណាម​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ COVID-19 ​ចំនួន ​៧​បន្ថែម​ទៀត​កាលពី​ថ្ងៃ​ពុធ ​ដែល​នាំ​ឲ្យ​ចំនួន​សរុប​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​ដល់​ចំនួន ​១៤៨​នាក់ ទោះបីជា​ពុំ​មាន​ការ​រាយការណ៍​អំពី​ការ​ស្លាប់​ក៏ដោយ​៕

អត្ថបទ៖ សុខ​មាន