ពលរដ្ឋ​រុស្សី​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ ​៧​ឆ្នាំ​ពី​បទ​បំពាន​ច្បាប់​ដាច់​ដោយ​ឡែក​នៃ​ជំងឺ​ COVID-19

37

រុស្ស៊ី៖ ពេល​ក្រឡេក​មើល​ដំបូង ហាក់​ដូច​ជា​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​គួរ​ឲ្យ​ចម្លែក ឬ​ជា​សញ្ញា​មួយ​ដែល​ទីក្រុង​មូស្គូ ​កំពុង​ទប់ស្កាត់​ជំងឺ​រាតត្បាត​សកល COVID-19​ យ៉ាង​ធ្ងន់ធ្ងរ។​ កាលពី​ថ្ងៃ​ពុធ​សេចក្ដី​ព្រាង​ច្បាប់​ ស្ដីពី​ការ​ដាក់​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការបំពាន​ លើ​ការ​រឹត​បន្តឹង​នៃ​ការ​ដាក់​មនុស្ស​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ ត្រូវ​បាន​ដាក់​ជូន​ទៅ​រដ្ឋ​សភា។

ជន​ដែល​ល្មើស​នឹង​បញ្ជា​នេះប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី​ ៣​ទៅ​ ៧​ឆ្នាំ​ ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ពិរុទ្ធ​។ សេចក្ដី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​រៀប​រៀង​ឯកសារ​រួមគ្នា ​ដោយ​ប្រធាន​សភា​លោ​ក Vyacheslav Volodin ​និង​ប្រធាន​គណៈកម្មាធិការ​ស្ដីពី​ការ​កសាង​រដ្ឋ​ និង​តាក់តែង​ច្បាប់​លោក Pavel Krasheninnikov។ ​អ្នក​ទាំងពីរ​គឺជា​សមាជិក​នៃ​គណបក្ស​រួបរួម​ជាតិ​រុស្ស៊ី​ ដែល​កំពុង​កាន់អំណាច​។​ ចំណាត់​ការ​របស់​ពួកគេ​ធ្វើតាម​ការណែនាំ​កាលពី​ថ្ងៃ​ច័ន្ទ ​ពី​នាយករដ្ឋមន្ត្រី​លោក​ Mikhail Mishustin ​ដើម្បី​រឹត​បន្តឹង​ការ​ដាក់​ទណ្ឌកម្ម​។ ​លោក​បាន​បញ្ជា​ឱ្យ​ក្រសួង​យុត្តិធម៌​, ក្រសួង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​ក្រសួង​មហាផ្ទៃ​ដាក់​ជូន​សំណើ​ទាំងនេះ​។ ​លោក​ Mishustin ​បាន​ឆ្លើយតប​ទៅ​នឹង​ការ​អំពាវ​នាវ ​ពី​ប្រមុខ​អង្គភាព​ឃ្លាំមើល​របស់​រដ្ឋ Rospotrebnadzor ​គឺ​លោកស្រី Anna Popova។​ លោកស្រី​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​ការ​ដាក់​ឱ្យ​នៅ​ដាច់ដោយឡែក គឺជា​ការ​ដា​ក់​នៅ​ដាច់​ដោយ​ឡែកតាម​អំណាច​ច្បាប់ ​ដែល​ត្រូវតែ​ត្រូវតែ​គោរព​៕

អត្ថបទ៖ សុខ​មាន