តម្លៃ​ទំនិញ​សំខាន់ៗ​ផ្តើម​ហក់​ឡើង ​ក្រោយ​វីរុស ខូ​វីដ ​វាយលុក

293

ភ្នំពេញ ៖ ​ក្នុង​រយៈពេល​ចុងក្រោយ​នេះ បន្ទាប់ពី​ផ្ទុះ​នូវ​មេរោគ កូ​រ៉ូ​ណា ឬ ខូ​វិដ​១៩ ​នៅក្នុង​ប្រទេស​ចិន និង​បាន​សាយភាយ​នៅ​បណ្តា​ប្រទេស​ផ្សេងៗ ​រួមទាំង​ កម្ពុជា​ផង​នោះ ​ត្រូវបាន​កត់​សម្គាល់ឃើញ​ថា តម្លៃ​ទំនិញ​សំខាន់ៗ​មួយ​ចំនួន ជា​ពិសេស​ផ្នែក​ម្ហូបអាហារ ​និង​ម៉ា​សមុខ ​មានការ​ប្រែប្រួល​តម្លៃ​យ៉ាងច្រើន ​បើទោះបីជា​មានការ​អំពាវនាវ​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​ក្តី​ថា​កុំឱ្យ​ឡើងថ្លៃ​ ឬ​ បារម្ភ​ថា​ផ្គត់ផ្គង់​មិន​គ្រប់គ្រាន់​។

ក្រុមអាជីវករ​លក់ទំនិញ​ខុសៗ​គ្នា​នៅក្នុង​ផ្សារ​ធំថ្មី ​រាជធានី​ភ្នំពេញ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃទី​២៥ មីនា ឆ្នាំ​២០២០​នេះ​ថា ​តម្លៃ​ទំនិញ​ពិតជា​មានការ​ប្រែប្រួល​ខុស​ពី​មុន ​ប៉ុន្តែ​មិនមែន​ថ្លៃ​គុណ​ជា​២ ឬ​ ជា​៣​នោះទេ​ ក្នុង​មូលហេតុ​តែមួយ​ដូចគ្នា​ គឺ​ដោយសារ​តម្រូវការ​ខ្ពស់ ​និង​មកពី​មេរោគ ខូ​វីដ​១៩​ ដែល​ចេះតែ​កើន​ឡើង​នៃ​អ្នក​ឆ្លង​។

អាជីវករ​២​នាក់​ផ្សេងទៀត បាន​រៀបរាប់ថា​ ស្ថានភាព​លក់ដូរ​ប្រចាំ​ថ្ងៃនេះ (​ផ្នែក​ម្ហូបអាហារ​) ​នៅ​រក្សា​ភាព​ដូច នេះ​ចំពោះ​អ្នកលក់​ដូចគ្នា ​ប៉ុន្តែ​បើ​ចំពោះ​អ្នកទិញ​ (​ភ្ញៀវ​) ហាក់​មានការ​ថយ​ចុះ​។

យោងតាម​សន្ទស្សន៍​ថ្លៃទំនិញ​ចាំបាច់​ប្រចាំ​ជីវភាព​ប្រចាំថ្ងៃ របស់​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី​នៅ​ថ្ងៃទី​២៥ ខែមីនា​នេះ​ បាន​រៀបរាប់ថា អង្ករ​ផ្លា​ម្លិះ​ថ្លៃ ៣,៨០០​រៀល ​ក្នុង​១​គីឡូក្រាម ​សាច់គោ​ថ្លៃ ​៤​ម៉ឺន​រៀល ក្នុង​១​គីឡូ ​សាច់ជ្រូក (​សាច់​សុទ្ធ​)​ថ្លៃ ២២,០០០​រៀល​ ក្នុង​១​គីឡូ​, សាច់​មាន់​ថ្លៃ ២៧,០០០​រៀល​ ក្នុង​១​គីឡូ​, ត្រីងៀត (​ត្រីឆ្កោ​)​ថ្លៃ ៦​ម៉ឺន​រៀល​ ក្នុង​១​គីឡូ​, មី (១​កេះ​)​ថ្លៃ ១៦,០០០​រៀល​។ ​សម្រាប់​តម្លៃ​លក់​បន្លែ ស្ពៃក្តោប​ ស្ពៃ​ក្រ​ញ៉ា​ញ់ ​ស្ពៃចង្កឹះ​ថ្លៃ​ដូចគ្នា គឺ​៣,៥០០​រៀល ​ក្នុង​១​គីឡូ និង​ដើម​ខាត់ណា ៥,០០០​រៀល​។​ល​។

គួររម្លឹកថា កាលពីពេល​កន្លងទៅនេះ ​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ​ចំពោះ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ ​នឹងមិន​ខ្វះ​ទេ និង​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងៀមស្ងាត់ ​និង​ចូលរួម​ការពារ និង​ទប់ស្កាត់​ទាំង​អស់គ្នា ​ជាពិសេស​ចូលរួម​អនុវត្តន៍​តាម​ការណែនាំ​ដែល​ក្រសួងសុខាភិបាល​បាន​ដាក់​ចេញ ​ដើម្បី​ចៀសវាង​មេរោគ​ទាំងនោះ​៕