អាជីវកម្ម​រណ្តៅ​ដី​​ ​នៅ​ស្រុក​ខ្សាច់កណ្តាល ​នៅតែ​មាន​ភាព​អានាធិបតេយ្យ​ និង​មិន​គោរព​ច្បាប់​រ៉ែ

92

កណ្តាល ៖ ​អាជីវកម្ម​រ៉ែ ស្តីពី​ការ​ដឹក​ជញ្ជូន​នូវ​សារធាតុ​រ៉ែ ក្រោយពី​ក្រសួង​រ៉ែ ​និង​ថាមពល ប្រតិភូកម្ម មក​អោយ​អាជ្ញាធរ​តាម​បណ្តា​ស្រុក​នីមួយៗ​មក ​គឺ​ភាព​អានាធិបតេយ្យ ​ពី​សំណាក់​ក្រុម​អាជីវកម្ម​រណ្តៅ​ដី​ គឺ​ពេញបន្ទុក​តែម្តង ​បានធ្វើអោយ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​អ្នក​ធ្វើតំណើរ​តាម​ដងផ្លូវ ​ក៏ដូចជា​ ​នៅតាម​ខ្នង​ផ្ទះ​ផងដែរ​។

ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ព្រះ​ប្រសប់ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល​ បាន​សំណូមពរ​ដល់ មន្ត្រី​ជំនាញ​មេត្តា​ ចុះ​ពិនិត្យ​រណ្តៅ​ដី​មួយ​កន្លែង​នៅ​ចំណុច​ឃុំ​ព្រះ​ប្រសប់ ​ចំណុច​បឹង​អង្គា​រទេស ​បាន​ដឹក​កាយ​ចេញពី​បឹង​អង្គារ​ទេស ​ដែល​ជា​ដី​បឹង​សម្បត្តិ​របស់​រដ្ឋ ​អាជ្ញាធរ​បាន​លក់​ទៅ​អោយ​ក្រុម​ឈ្មួញ​។ ​ប្រជាពលរដ្ឋ​ បាន​សំណូមពរ​ ឲ្យ​​មន្ត្រី​ជំនាញ​មេត្តា​ចុះ​ពិនិត្យ​ផង នេះ​ជា​សុខទុក្ខ​របស់​ពលរដ្ឋ កុំអោយ​ចាំ​ដល់​បោះឆ្នោត​ចុះទៅ​ចែក​អំណោយ​យកចិត្ត​ពលរដ្ឋ​នោះ​អី ​ពេលនេះ​ ក៏​ជា​សុខទុក្ខ​ពលរដ្ឋ​ដែរ​។ ភាព​អានាធិបតេយ្យ ​របស់​ក្រុម​អាជីវកម្ម​រណ្តៅ​ដី​គឺ​បណ្តាល​មកពី ​មន្ត្រី​ជំនាញ​អសមត្ថភាព ​ក្នុង​ការ​គ្រប់គ្រង ​«របៀប​កន្ទេល​ធំ​បន្លំ​ដេក» ជាមួយ​ក្រុម​ឈ្មួញ​ ដូចជា​នៅពេលនេះ ក្រុម​ឡាន​ដឹក​ដី​មិន​គ្រប ហុយ ហៀរ​ខ្ចាយ​ពេញ​តាម​ដងផ្លូវ​ ផ្លូវ​​កៅស៊ូ ​ក្លាយជា​ផ្លូវដី​ អាជ្ញាធរ​មិន​អើពើ ប្រហែលជា​ដាក់​ទុន​ជាមួយ​ក្រុមហ៊ុន​ឡាន​ដឹក​ដី​ទេ​ដឹង ​បានជា​មិន​ហ៊ាន​បង្ក្រាប​នូវ​សកម្មភាព​ទាំងនេះ​។

លោក ហួត ហាក់ មន្ត្រី​ជំនាញ​រ៉ែ​ស្រុក​ខ្សាច់កណ្តាល​ បាន​ឲ្យដឹង​ថា រណ្តៅ​ដី​ខាងលើនេះ​ គឺ​ស្ថិត​ក្នុង​ដី​ខេត្តកំពង់ចាម​ទេ​ មិនមែន​ទឹកដី​ខេត្តកណ្តាល​ រីឯ​ការ​ដឹក​គឺ​ឆ្លងកាត់​ខេត្តកណ្តាល​ ដែល​ធ្វើ​អោយប៉ះពាល់​ដល់​ផ្លូវ​សារ​ធារណៈ ​នេះ ​លោក​ បាន​បញ្ជាក់ថា​ បើ​រថយន្ត​ដឹក​ទាំងនោះ​មិន​គ្រប​ អោយ​បាន​ត្រឹមត្រូវ​ក៏​មិន​ខុស​ដែរ​ អោយ​តែ​ប្រភេទ​ដី​មាន​សំណើម​ លុះត្រាតែ​ដី​នោះ​ស្ងួត ​ហុយ​ ទើប​តម្រូវ​អោយ​គ្រប​។ ​ពាក់​ព័ន្ធ​និង​ករណី​នេះដែរ ​លោក ប៊ុន ផេង អភិបាលស្រុក​ខ្សា​ច់កណ្តាល​ បាន​លើក​ឡើងថា ​កាលពីពេល​កន្លងមក ​សាលាស្រុក​ បាន​ចាប់​មក​ម្តង​រួចហើយ​ តែ​នៅតែ​ធ្វើ​ដដែល ហើយ​ពេលនេះ​ មិនទា​ន់មាន​ពេល​ចុះ​ទៅ​ពិនិត្យ​ទេ​ព្រោះ​រវល់​៕