​អ្នកលក់​ម៉ាស់​គាំទ្រ​ប្រសាសន៍​សម្ដេច​តេ​ជោ​ ដែល​អំពាវនាវ​កុំ​ឱ្យ​ដំឡើងថ្លៃ​ម៉ាស់

32

ភ្នំពេញ ៖ ​ក្រុមអាជីវករ​អ្នកលក់​ម៉ាស នៅតាម​ហាង​លក់​ស្បែកជើង ​និង​សំលៀកបំពាក់ នៅ​ម្តុំ​ផ្សា​របឹង​កេងកង ​និង​ក្រុម​លក់​ម៉ាស​ផ្សេងៗ​ទៀត​ នៅតាម​ឱសថ​ស្ថាន​ម្តុំ​ផ្សារ​អូ​ឡាំ​ពេជ្រ ​បាន​សម្តែង​ការ​គាំទ្រ​យ៉ាងខ្លាំង ​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ​ដែល​អំពាវនាវ​សុំ​មិន​ឲ្យ​ដំឡើងថ្លៃ​ម៉ាស់ និង​ព្រមាន​រឹបអូស​ម៉ាស់ ចំពោះ​អ្នកលក់​ទាំង​ឡាយណា ​ដែល​លក់​ជូន​ពលរដ្ឋ​ថ្លៃ​ហួសហេតុ ខណៈ​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​នេះ​។

អាជីវករ​មួយរូប​លក់​ស្បែកជើង និង​លក់​អីវ៉ាន់​ផ្សេងៗ​រួមទាំង​ម៉ាស​ផង ​បាន​លើកឡើងថា​ រូបគាត់​សូម​គាំទ្រ​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ​ដែល​អំពាវនាវ​សុំ​មិន​ឲ្យ​ដំឡើង​ថ្លៃ​ម៉ាស់ និង​ព្រមាន​រឹបអូស​ម៉ាស់​ចំពោះ​អាជីវករ​ទាំងឡាយណា​ ដែល​លក់​ម៉ាស់​ដំឡើង​ថ្លៃ​ហួសហេតុ​។ ប៉ុន្តែ​រូបគាត់​ក៏​មាន​ការព្រួយបារម្ភ​ខ្លះ​ដែរ ដោយសារតែ​ម៉ាស់ និង​អីវ៉ាន់​មួយ​ចំនួនទៀត​ សព្វថ្ងៃនេះ ​ទិញ​ចូលមក​ក្នុងតម្លៃ​ខ្ពស់ តែ​លក់​មិន​ដាច់​ទេ​។

ដោយឡែក​ក្រុម​លក់​ម៉ាស់ នៅតាម​ឱសថស្ថាន​នានា​ម្តុំ​ផ្សារ​អូ​ឡាំ​ពេជ្រ​ជាច្រើន តែ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នកយកព័ត៌មាន​BTV ​ដោយផ្ទាល់​ថា ម៉ាស់​ដែល​ពួកគាត់​កំពុង​ដាក់​លក់​រាល់ថ្ងៃនេះ គឺជា​ប្រភេទ​ម៉ាស់​ល្អ​បំផុត ​នាំចូល​ពី​ប្រទេស​វៀតណាម ​ត្បិតតែ​វា​មានតម្លៃ​ខ្ពស់​ជាង​ម៉ាស់​ធម្មតា​បន្តិច តែ​វា​មាន​គុណភាព​ខ្ពស់ ​និង​មាន​លិខិតបញ្ជាក់​និង​ទទួលស្គាល់​គុណ​ភាព​ផងដែរ ​តែ​ពួកគាត់​លក់​មិនសូវ​ថ្លៃ​ទេ​ គឺ​ត្រឹមតែ​១៨$ ​ទៅ​១៩$ ប៉ុណ្ណោះ​ក្នុង​មួយ​ប្រអប់​៥០​ម៉ាស់ ​ខណៈ​តម្លៃ​ដើម​នាំចូល​ប្រមាណ​ជាង​១៦$ ​រួចទៅ​ហើយ​នោះ​។

ជាមួយគ្នានេះ ពួកគាត់​បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង ​ចំពោះ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ​ដែល​អំពាវនាវ​សុំ​មិន​ឲ្យ​ដំឡើង​ថ្លៃ​ម៉ាស់ និង​ព្រមាន​រឹបអូស​ម៉ាស់​របស់​អ្នកលក់​ទាំងឡាយណា​ ដែល​លក់​ថ្លៃ​ហួសហេតុ​នោះ​។ ពួកគាត់ ​បន្តថា ខណៈ​នេះ កម្ពុជា​កំពុង​ស្ថិត​ក្នុងស្ថានភាព​លំបាក ​ដែល​មិនគួរ​បងប្អូន​ខ្លះ​ឆ្លៀតឱកាស​លក់​ម៉ាស​ដំឡើង​ថ្លៃ ដល់​ជាង​២០$ ​ឬ លក់​ម៉ាស​អន់​គុណភាព​ ជូន​ប្រជាពលរដ្ឋ​យើង​ទេ​ គួរតែ​នាំគ្នា​យោគយល់ ​ឬ​ជួយ​គ្នា​ទៅវិញ​ទើប​ប្រសើរ ​ពីព្រោះ​ខណៈ​នេះ ប្រជាពលរដ្ឋ​កំពុង​ជួប​ការ​លំបាក​គ្រប់ៗ​គ្នា​៕