បម្រាម​គោចរ​ចូល​ជា​ធរមាន​​ក្នុង​ប្រទេស​ស៊ីរី ចំ​ពេល​មាន​​វីរុស​ឆ្លង​ថ្មី​

36

ស៊ីរី៖ បណ្ដា​ប្រទេស​ទូទាំង​តំបន់​មជ្ឈិមបូព៌ា​ បាន​ដាក់​ចេញ​វិធាន​ការ​​នានាដើម្បី​​ទប់​ស្កាត់​ ការ​រីក​រាល​ដាល​នៃ​វីរុស​​ឆ្លង​ថ្មី​រួម​ទាំង​ការ​បិទ​ព្រំដែន​​របស់​ខ្លួន, ការ​លុប​ចោល​​ជើង​ហោះ​ហើរ ហើយ​ក្នុង​ករណី​ខ្លះ​​បាន​ដាក់​បម្រាម​​គោចរ​ ២៤ម៉ោង​លើ​ ២៤ម៉ោង។

នៅ​ប្រទេស​ស៊ីរី​បម្រាម​​គោចរ​​នៅ​ពេល​យប់​​ បាន​ចូល​ជា​ធរមាន​​កាល​ពី​ថ្ងៃ​ពុធ​​​ម៉ោង​ ៦ល្ងាច​​តាម​ម៉ោង​​ក្នុង​ស្រុក​​ ដែល​ជា​ផ្នែក​មួយ​នៃ​វិធាន​ការ​​របស់​រដ្ឋាភិបាល​ ដើម្បី​រឹត​បន្តឹង​​ចលនា​សាធារណ។ ទូរទស្សន៍​​រដ្ឋ​បាន​​បង្ហាញ​​ពី​កង​នគរបាល​​បាន​ដើរ​ល្បាត​​ នៅ​តាម​ដង​ផ្លូវ​​ស្ងាត់​ជ្រងំ​នៅ​ទីក្រុង​ដាម៉ាស់​ ហើយ​ការ​ល្បាត​​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​តាម​ទីក្រុង​​សំខាន់​ៗ​​មួយ​ចំនួន​ផ្សេង​ទៀត​​ដែរ។ ​យោង​តាម​​ក្រុម​អាជ្ញាធរ​​ឲ្យ​ដឹង​ថា ​បម្រាម​​គោចរ​នៅ​ពេល​យប់​​នឹង​ត្រូវ​ធ្វើ​ឡើង ​​រហូត​ដល់​​មាន​ការ​ជូន​ដំណឹង​​ថ្មី​។ ​វិធាន​ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​​ នៅ​ពេល​ដែល​​ក្រសួង​សុខាភិបាល​​ស៊ីរី​​​កាល​ពី​ថ្ងៃ​ពុធ​​បាន​​រាយការណ៍​ថា ​មាន​ករណី​វិជ្ជមាន​ COVID-19 ម្នាក់​ទៀត​ដែល​​បណ្ដាល​​មក​ពី​វីរុស​ឆ្លង​ថ្មី ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​មាន​ករណី​ឆ្លង​វីរុស​ ៥ករណី៕

អត្ថបទ៖ រិទ្ធី