អ៊ីតាលី​អាច​កំណត់​ការ​ផាក​ពិន័យ​រឹត​តែ​ធ្ងន់​ចំនួន​ ៣ពាន់​អឺរ៉ូ​ចំពោះ​អ្នក​បំពាន​ច្បាប់​បិទ​ប្រទេស​ដោយ​សារ​​ COVID-19

50

អ៊ីតាលី៖ រដ្ឋាភិបាល​អ៊ីតាលី​អាច​នឹង​ផាក​ពិន័យ​ជា​ប្រាក់​រហូតដល់​ ៣ពាន់​​អឺរ៉ូ​ចំពោះ​ការ​បំពាន​ច្បាប់​បិទ​នៅ​ទូទាំង​ប្រទេស​ ខណៈ​ប្រទេស​នេះ​កំពុង​ព្យាយាម​ទប់ទល់​ នឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង​ដ៏​ធ្ងន់ធ្ងរ​បំផុត​របស់​អឺរ៉ុប​។

យោង​តាម​អ្នក​ដែល​បាន​ដឹង​បញ្ហា​នេះ បាន​និយាយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​អំពី​ការ​ពិភាក្សា​ការសម្ងាត់ នៃ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​លោក Giuseppe Conte កាលពី​ល្ងាច​ថ្ងៃ​អង្គារ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អនុម័ត​ការ​ផាក​ពិន័យ​ និង​អំណាច​នគរបាល​ក្នុង​ការ​រឹបអូស​យានយន្ត ​របស់​អ្នក​ណា​ម្នាក់​ដែល​ត្រូវ​បាន​ចាប់​ដោយ​សារ​ការបំពាន​លើ​ការ​រឹត​បន្តឹង​ ដែល​ហាមឃាត់​សកម្មភាព​ផ្សេងៗ​នៅ​ក្នុង​ប្រទេស និង​បិទ​ផលិតកម្ម​ឧស្សាហកម្ម​ស្ទើរតែ​ទាំងអស់​។ ​ការ​ពិន័យ​បច្ចុប្បន្ន​សម្រាប់​ការ​បំពាន​ច្បាប់​នេះ​គឺ ​២០៦​អឺរ៉ូ​។​ យោង​តាម​ឯកសារ​ដែល​សារព័ត៌មាន Bloomberg​ ទទួល​បាន គណៈរដ្ឋមន្ត្រី​ក៏​គ្រោង​នឹង​អនុម័ត​វិធាន​ការណ៍​មួយ ​ដែល​អនុញ្ញាត​ឱ្យ​មានការ​ពន្យារពេល​នៃ​ការ​បិទ​ប្រទេស​ កម្រិត​ខុស​ៗ​គ្នា​រហូតដល់​ថ្ងៃ​ទី​៣១​ ខែ​កក្កដា ​ប្រសិនបើ​កាលៈទេសៈ​ផ្ដល់​ឲ្យ​។ គិត​ត្រឹម​ម​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រទេស​អ៊ីតាលី​មាន​ករណី​ឆ្លង​សរុប​ចំនួន​ ៧៤.៣៨៦​នាក់ ​និង​អ្នក​ស្លាប់​ឡើង​ដល់ ​៧.៥០៣​នាក់​៕

អត្ថបទ៖ សុខ​មាន