រាជរដ្ឋាភិបាល ត្រូវ​ការខ្ចី​ហិរញ្ញប្បទាន​ក្រៅប្រទេស​ជាង ៧ ពាន់​ប៊ី​លាន​រៀល ​ដើម្បី​អភិវឌ្ឍន៍

164

ភ្នំពេញ ៖ ​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​ការខ្ចី​ហិរញ្ញប្បទាន​ក្រៅប្រទេស សម្រាប់​ឆ្នាំ​២០២០ ​ក្នុង​ទំហំ​ប្រមាណ​ជាង ​៧,៥៣១ ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង​ ១,៨៤៨ លាន​ដុល្លារ​អាមេរិក ​ដើម្បី​រួម​ចំណែក​ការ​បង្កើន​ល្បឿន ​នៃ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ​ ការប្រកួតប្រជែង និង​ការ​បន្ត​រក្សា​កំណើន​សេដ្ឋកិច្ច​។

តាម​ព្រឹត្តិបត្រ ​ស្ថិតិ​បំណុល​សាធារណៈ​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បង្ហាញ​ឲ្យ​ដឹងថា ដោយ​សំអាង​ទៅលើ​ទិដ្ឋភាព​សំខាន់ៗ​ដូចជា ​៖ កំណើន​តម្រូវការ​ទុន​វិនិយោគ​កាន់តែ​គំហុក ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេវាសាធារណៈ ​ទាំង​ទំហំ និង​បរិមាណ និង​គុណភាព សម្រាប់​ជំរុញ​ការ​ហក់​ឡើង​នៃ​សេដ្ឋកិច្ច​ក្នុង​ដំណាក់កាល​ថ្មី ​និង​បរិបទ​ នៃ​ភាព​មិន​ច្បាស់លាស់​, សម្រាប់​ឆ្នាំ​២០២០ តាម​ការ​ព្យាករណ៍ រាជរដ្ឋាភិបាល​, ត្រូវ​ការខ្ចី​ហិរញ្ញប្បទាន​ក្រៅ​ប្រទេស​ប្រមាណ​ជាង ​៧,៥៣១ ប៊ី​លាន​រៀល ត្រូវ​ជាង​ ១,៨៤៨ លាន​ដុល្លារ​, និង​គ្រោង​ដក​ជា​សាច់ប្រាក់​ជាង ​៤ ពាន់​លាន​រៀល​, ត្រូវ​ប្រមាណ​ជាង ​១​ពាន់ លាន​ដុល្លារ​អាមេរិក ។

ពាក់ព័ន្ធ​និង​ការ​កម្ចី​នេះ រាជរដ្ឋាភិបាល​ក៏​គ្រោង​ទូទាត់​សេវា​បំណុល ប្រមាណ​ជាង ១,៦៤៨ ប៊ី​លាន​រៀល ត្រូវ​ជាង ៤០០ លាន​ដុល្លារ ក្នុងនោះ ​មាន​ប្រាក់​ដើម​ជាង ១ ពាន់​ប៊ី​លាន​រៀល ត្រូវ​ជាង ២៧១ លាន​ដុល្លារ រួម​ជាមួយ​ការប្រាក់ និង​កម្រៃ​ផ្សេងៗ​ប្រមាណ​ជាង ៥៤២​ ប៊ី​លាន​រៀល ត្រូវ​ជាង ១៣៣ លាន​ដុល្លារ​អាមេរិក​ផងដែរ ។

ជុំវិញ​ហិរញ្ញប្បទាន​ដែល​រាជរដ្ឋាភិបាល​គ្រោង​ខ្ចី​នេះ ក្នុងនោះ​បើតាម​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល ២០១៩២០២៣ រាជរដ្ឋាភិបាល​ប្រកាន់ខ្ជាប់​នូវ​គោល​គន្លឹះ​មួយ​ចំនួន​ដូចជា ​៖ ការខ្ចី​ឥណទាន​មាន​ទំហំ​សមស្រប​, ខ្ចី​ឥណទាន​ដែល​មាន​កម្រិត​សម្បទាន ដែល​មាន​ការអនុគ្រោះ​ខ្ពស់​, ខ្ចី​សម្រាប់​វិស័យ​អាទិភាព​ទ្រទ្រង់​សេដ្ឋកិច្ច ​និង​វិស័យ​បង្កើន​ផលិតភាព​សេដ្ឋកិច្ច ឬ​ផលិតភាព​ផលិតកម្ម​, ប្រើប្រាស់​ឥណទាន​ប្រកបដោយ​តម្លាភាព​, និង​ឥណទាន​សម្រាប់​ហិរញ្ញប្បទាន​គម្រោង​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ​ដែលមាន​ស្តង់ដារ ឆ្លើយតប​ទៅ​និង​តម្រូវការ​នៃ​ការ​អភិវឌ្ឍន៍ ​ជាពិសេស​ធានា​នូវ​ចីរភាព សង្គម បរិស្ថាន និង​ភាព​ធុន​ទៅ​នឹង​អាកាសធាតុ​ប្រើ​ប្រួល ។

សូមបញ្ជាក់ថា​ ពាក់ព័ន្ធ​នឹង​ទំហំ​នៃ​ការ​កម្ចី​នេះ​ រាជរដ្ឋាភិបាល​ បាន​បញ្ជាក់ថា ​នឹង​មិន​បង្កើន​ជា​បន្ទុក​បំណុល​វ័ណ្ឌករ​ដល់​កម្ពុជា​ទេ ព្រោះថា ​នៅ​ពេលដែល​សេដ្ឋកិច្ច​រីកចម្រើន​នោះ ​សមត្ថភាព​សាងសង់​របស់​កម្ពុ​ជា​កាន់​តែ​ខ្ពស់ជាង​មុន ​ជាក់ស្តែង​សម្រាប់​គម្រោង​ដែល​គ្រោង​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០២០​ដែល​ចាត់ទុកជា​វិស័យ​អទិភាព​រួមមាន ​៖ វិស័យ​ថាមពល (​មាន​គម្រោង ពង្រីក​ខ្សែ​បញ្ជូន ​ការសាងសង់​អនុ​ស្ថានីយ គម្រោង​ធ្វើ​ទំនើបកម្ម​ខ្សែ​បញ្ជូន និង​ចែកចាយ​) ​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ (​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព ​និង​គម្រោង​ការពារ​ទឹក​ជំនាន់​ជាដើម​), វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ​និង​គម្រោង​វិស័យ​អាទិភាព ​ផ្សេងៗ​ទៀត ក្នុង​វិស័យ​កសិកម្ម​, សុខាភិបាល​, ការ​ផ្គត់ផ្គង់​ទឹកស្អាត​, ហិរញ្ញវត្ថុ​បណ្តុះ​បណ្តាល ​និង​វិស័យ​អប់រំ ៕